តាក់ទិច​និង​ការ​រក្សា​សន្តិភាព

"Tank Man" temporarily stops the advance of a column of tanks on June 5, 1989, in Beijing, in what is widely considered one of the most iconic images of the 20th century.[1][2][3] This photograph (one of four similar versions) was taken by Jeff Widener of the Associated Press.

“Tank Man” temporarily stops the advance of a column of tanks on June 5, 1989, in Beijing, in what is widely considered one of the most iconic images of the 20th century. This photograph (one of four similar versions) was taken by Jeff Widener of the Associated Press. Wikipedia

ការពិចារណាជ្រើសរើសនិងអនុវត្តតាក់ទិចអហិង្សាទៅតាមយុទ្ធសាស្ត្រ

ដើម្បីឱ្យមានប្រសិទ្ធភាពទៅតាមយុទ្ធសាស្ត្រ គេត្រូវជ្រើសរើសនិងតម្រង់តាក់ទិចនានាទៅតាមគោលបំណងយុទ្ធសាស្ត្រ ហើយអនុវត្តពួកវាយោលទៅតាមការកំណត់បញ្ញត្តិទំនាស់និងបញ្ញត្តិអហិង្សាបែបគន្ធី ដែលគាំទ្រគម្រោងយុទ្ធសាស្ត្រ។

មានការពិចារណានៅក្នុងយុទ្ធសាស្ត្រមួយចំនួនដែលអាចតម្រែតម្រង់ការជ្រើសរើស, អង្គការដឹកនាំ និងការអនុវត្ត្តាក់ទិចនានាដែលអ្នកប្រើប្រាស់ នៅក្នុងយុទ្ធសាស្ត្ររំដោះ/ការពាររបស់អ្នក។ នេះក៏ព្រោះមានទម្រង់អាកប្បកិរិយាច្រើនគ្មានកំណត់ដែលបង្កបង្កើតបានជាសកម្មភាព ដូច្នេះជ្រើសរើសសកម្មភាពណាមួយធ្វើជាតាក់ទិចដែលសក្តិសមនៅក្នុងដំណាក់កាលយុទ្ធសាស្ត្រនីមួយៗ គឺជាការសម្រចចិត្តដ៏សំខាន់នៅក្នុងយុទ្ធសាស្ត្រ។

ហេតុនេះ ផែនការយុទ្ធសាស្ត្ររបស់អ្នកគួរតែ៖

១. កំណត់គោលដៅយុទ្ធសាស្ត្រនៃចលនាតស៊ូឱ្យបានច្បាស់លាស់ (ដែលសរសេរចូលទៅក្នុងឯកសារយុទ្ធសាស្ត្ររំដោះ/ការពាររបស់អ្នក)

 

២. ធ្វើឱ្យប្រាកដថា តាក់ទិចត្រូវបានតម្រែតម្រង់ទៅតាមគោលដៅយុទ្ធសាស្ត្ររបស់វា មិនមែនគោលបំណងនយោបាយ នៅពេលរៀបចំផែនការអំពីតាក់ទិច។ ប្រសិនបើអ្នកពុំយល់ពីភាពខុសគ្នាដ៏ចាំបាច់ សូមអានអត្ថបទខ្លីនេះ៖: វត្ថុបំណងនយោបាយនិងគោលដៅយុទ្ធសាស្ត្រនៃសកម្មភាពអហិង្សា;

 

៣. នៅក្នុងការជ្រើសរើសតាក់ទិចខុសៗគ្នា ដែលរចនាឡើងដើម្បីសម្រេចគោលដៅយុទ្ធសាស្ត្រនីមួយៗរបស់អ្នក ពិចារណាអំពីការបែងចែកតាក់ទិចជាបីក្រុមធំៗ៖ បាតុកម្មនិងការបញ្ចុះបញ្ចូល, ការមិនសហការ និងអន្តរាគមន៍អហិង្សា ហើយមានតាក់ទិចតូចៗជាច្រើនស្អេកស្កះនៅក្នងចំណាត់ក្រុមនីមួយៗ។ (ជីន ហ្សាប អ្នកជំនាញខាងសកម្មភាពអហិង្សា បានចុះបញ្ជីតាក់ទិចអហិង្សាបានចំនួន ១៩៨ ដែលអ្នកចូលមើលនៅទីនេះ) យ៉ាងណាក៏ដោយ ដោយសារភាពផ្សេងខុសៗគ្នា[នៃតាក់ទិច] គេត្រូវគិតគូរដោយប្រយត្នប្រយែងនៅក្នុងការជ្រើសរើសតាក់ទិចនានាដែលទំនងជាអាចជួយអ្នកឱ្យសម្រេចគោលដៅយុទ្ធសាស្ត្រនៅក្នុងបរិបទនេះ។ ឧ. បើសិនជាផែនការយុទ្ធសាស្ត្ររបស់អ្នករួមមានការសម្រេចចិត្តប្រឆាំងនឹងការកាន់កាប់ការដំឡើងប្រព័ន្ធផ្សព្វផ្សាយសំខាន់ណាមួយ ដើម្បីទប់ទល់នឹងមុខងារឃោសនារបស់វា សកម្មជនអហិង្សាអាចជ្រើសរើស (ក្នុងចំណោមជម្រើសតាក់ទិចផ្សេងទៀត) ការយកខ្លួនទៅពាំងច្រកចូលនិងប្រើប្រាស់ការបញ្ចុះបញ្ចូលប្រកបដោយសីលធម៌ ចំពោះបុគ្គលិកដែលកាន់កាប់ទីតាំងនោះ (ទម្រង់មួយនៃបាតុកម្ម), បដិសេធមិនផ្តល់សេវាកម្មនិងគ្រឿងផ្គត់ផ្គង់ (ទម្រង់មួយនៃការមិនសហការ), ឬក៏បិទផ្លូវ (ទម្រង់មួយនៃអន្តរាគមន៍ដោយអហិង្សា)។ កាន់តែច្បាស់ជាងនេះ មានលទ្ធផលសំខាន់ តែខុសៗគ្នា ចេញពីសកម្មភាពអហិង្សា ពាក់ព័ន្ធនឹងតាក់ទិចនីមួយៗ។ ចំណុចទាំងនេះត្រូវការពិចារណាដោយប្រយត្នប្រយែង ទៅតាមគោលបំណងយុទ្ធសាស្ត្រនិងទៅតាមដំណាក់កាលនានានៃយុទ្ធសាស្ត្រ។

៤. កំណត់ការច្របាច់តាក់ទិចបញ្ចូលគ្នាដែលរចនាឡើងដើម្បីជះឥទ្ធិពលទៅតាមផ្នែកមួយឬច្រើន៖ ផ្នែកនយោបាយ, ចិត្តសាស្ត្រ, សីលធម៌, សង្គម, សេដ្ឋកិច្ច និង/ឬ រូបកាយ។ តាក់ទិចទាំងនេះគួរតែអាចអនុវត្តបាន មានលក្ខណៈច្នៃប្រតិដ្ឋ និងសមរម្យទៅតាមវប្បធម៌[របស់សង្គមអ្នក]។ តោងចងចាំថា នៅក្នុងយុទ្ធសាស្ត្រ ការសម្ងាត់និងការបំផ្លាញសម្ភារៈហុចលទ្ធផលផ្ទុយ ដូច្នេះហើយអ្នកមិនគួរគ្រោងប្រើតាក់ទិចណាដែលផ្អែកលើការសម្ងាត់ដើម្បី‘ជោគជ័យ’នោះទេ ឬតាក់ទិចណាក៏ពាក់ព័ន្ធនឹងការបង្កខូចខាតដល់ទ្រព្យសម្បត្តិ[ឯកជនឬសាធារណៈ]នោះទេ។ សម្រាប់សេចក្តីពន្យល់សង្ខេបអំពីមូលហេតុ ម្តងទៀត សូមអាន ‘វត្ថុបំណងនយោបាយនិងគោលដៅយុទ្ធសាស្ត្រនៃសកម្មភាពអហិង្សា’។ សម្រាប់សេចក្តីពន្យល់លម្អិត ដែលរៀបរាប់ពីចំណុចសំខាន់ៗអំពីលទ្ធផលសម្រេចចិត្តប្រើប្រាស់ការបំផ្លាញទ្រព្យសម្បត្តិដោយចលនារំដោះអាហ្វ្រិកខាងត្បូងនៅឆ្នាំ១៩៦១ ដែលនាំមកនូវមហន្តរាយដល់ចលនា, សូមអានស្នាដៃ យុទ្ធសាស្ត្រការពារដោយអហិង្សា៖ តាមទ្រឹស្តីរបស់មហាត្មា គន្ធី , ទំព័រ ២៣០-២៣៥។

៥. កំណត់លំដាប់នីមួយៗដែលក្នុងនោះ តាក់ទិចអហិង្សាទាំងនេះនឹងត្រូវបានយកមកអនុវត្ត។

៦. វាស់ស្ទង់ឱ្យប្រាកដប្រជាអំពីសមត្ថភាពរបស់អ្នកដែលរងឥទ្ធិពល ដើម្បីអាចទ្រទ្រាំនឹងការខូចខាត។

៧. គួរទទួលស្គាល់ថា ប្រសិទ្ធភាពរបស់ក្រុមនៃតាក់ទិចជាក់លាក់ណាមួយមានលក្ខខណ្ឌរបស់វា។ ឧ. តាក់ទិចមិនសហការ (ដូចជា ពហិការ) បើចង់ឱ្យមានប្រសិទ្ធភាព ជាទូទៅ ទាមតារចំនួនប្រជាជនច្រើនចូលរួមនិងធ្វើកំលុងពេលវែង។

៨. គួរទទួលស្គាល់ថា តាក់ទិចដែលឥទ្ធិពលខ្លាំងមានសក្តានុពលនាំឱ្យឃើញពីប្រសិទ្ធភាពឆាប់ហ័ស ក៏មានហានិភ័យនិងគ្រោះថ្នាក់ខ្លាំងជាងចំពោះសកម្មជនដែលអនុវត្តវា ហើយក៏ទទួលបានលទ្ធផលទូលំទូលាយដែរ។ តាក់ទិចទាំងនេះទាមទារការរៀបចំទុកជាមុនដោយប្រុងប្រយត្ន, ការអប់រំអំពីអំពើអហិង្សានិងវិន័យអហិង្សាកម្រិតខ្ពស់, ការដឹកនាំនិងអង្គការដឹកនាំដែលមានគុណភាពខ្ពស់ ហើយជាទូទៅ ទាមទារការប្រើប្រាស់តាក់ទិចជួយសម្របសម្រួលបន្ថែមជាច្រើនទៀត។

៩. ពិចារណាអំពីកត្តាពង្រាយនិងប្រមូលផ្តុំគ្នា។ តាក់ទិចនានាដែលពាក់ព័ន្ធនឹងការពង្រាយគ្នា (ដូចជា កូដកម្មឬពហិការ) បើកឱកាសឱ្យប្រជាជនកាន់តែច្រើនចូលរួមនៅក្នុងសកម្មភាពនិងទំនងជាអាចពង្រីកចលនាឱ្យធំលើសគូប្រជែង ហើយអាចពង្រួមឱកាសឱ្យគេបង្ក្រាប។ តាក់ទិចនានាដែលពាក់ព័ន្ធនឹងការប្រមូលផ្តុំ (ដូចជា ការបញ្ចេញមតិតវ៉ាជាក្រុមតាមផ្លូវថ្នល់) បើកឱកាសឱ្យមានការប្តេជ្ញារួមគ្នានិងការកសាងសាមគ្គីភាព ហើយនិងអាចវាយប្រហារគូប្រជែងយ៉ាងដំណំ កំណត់ជ័យជម្នះនៅទឹកផ្តាច់ព្រ័ត្រតែម្តង នៅក្នុងស្ថានភាពដែលអំណាចរបស់ឥស្សរជនដែលជាគូប្រជែងត្រូវបានកាត់បន្ថយលែងដំណើរការ។ លើសពីនេះ គេអាចប្រើប្រាស់តាក់ទិចនេះដោយចេតនា ដើម្បីទម្លាយឱ្យ[សាធារណៈបានដឹង] អំពីការសុខចិត្តប្រើប្រាស់ហិង្សារបស់គូប្រជែង។

១០. ក្នុងស្ថានភាពដែលក្នុងនោះតាក់ទិចសមរម្យពាក់ព័ន្ធនឹងការប្រមូលផ្តុំប្រជាជននៅទីតាំងណាមួយ ថ្វីបើគូប្រជែងទំនងជាប៉ុនប៉ងធ្វើសកម្មភាពបង្ក្រាបផ្តាច់ព្រ័ត្រឬបង្ក្រាបឱ្យបាក់ស្បាតតែម្តងក៏ដោយ គេគួររៀចចំទុកជាមុនឱ្យកាន់តែល្អិតល្អន់ រួមមានការចាត់ចែងក្រុមរក្សាសន្តិភាព។ អត្ថបទ ‘សកម្មភាពអហិង្សា៖ កាត់បន្ថយហានិភ័យនៃការបង្ក្រាបដោយហិង្សា’  ដែលបានសរសេរនៅឆ្នាំ១៩៩៤ និងកែសម្រួលដើម្បីបោះផ្សាយឡើងវិញនៅឆ្នាំ២០១៤ នឹងពន្យល់អំពីអ្វីដែលចាំបាច់ក្នុងការធ្វើសកម្មភាពអហិង្សារបស់អ្នកឱ្យមានប្រសិទ្ធភាពជាអតិបរមានិងមានហានិភ័យអប្បបរមា ទោះបីគេរំពឹងថាមានការបង្ក្រាបយ៉ាងចាស់ដៃក៏ដោយ។

 

តើគេគួរដូចម្តេចចំពោះកម្លាំងយោធានិងប៉ូលីស?

 

មានការជជែកដេញដោលកំពុងបន្តរហូតមកទល់សព្វថ្ងៃនៅក្នុងមជ្ឈដ្ឋានសកម្មជន អំពីប្រភេទទំនាក់ទំនងដែលសមរម្យរវាងសកម្មជននិងកម្លាំងយោធា/ប៉ូលីសរបស់គូប្រជែងដែលមានអំណាច ប៉ុន្តែបើមើលពីទស្សនវិស័យរបស់គន្ធី ការជជែកដេញដោលនេះបានដោះស្រាយជាយូរណាស់មកហើយ។ អត្ថបទ ‘សកម្មភាពរបស់សកម្មជននិងប៉ូលីស’ ពន្យល់មូលហេតុ។ ចំពោះសេចក្តីពន្យល់ដែលឆ្លងកាត់ការត្រិះរិះម៉ត់ចត់អំពីររបៀបរៀបចំការប្រជុំចែករំលែកព័ត៌មានទៅវិញទៅមករវាងក្រុមសកម្មជននិងក្រុមប៉ូលីស ដែលអនុវត្តដូចគ្នាចំពោះកម្លាំងយោធា អត្ថបទនេះបកស្រាយច្បាស់៖  ‘របៀបដែលសកម្មជនអាចរៀបចំការប្រជុំជាមួយក្រុមប៉ូលីស’

 

បើអ្នកចង់ដឹងអំពីរបៀបឆ្លើយតបនឹងកិច្ចព្រមព្រៀងនិងការគំរាមកំហែងពីសំណាក់ប៉ូលីស/យោធា អ្នកអាចរកបាននៅក្នុងអត្ថបទនេះ៖ ‘ការរកផ្លូវដោះស្រាយជាមួយនឹងប៉ូលីសនិងការគំរាមកំហែង៖ តើសកម្មជនអហិង្សាគួរឆ្លើយតបដោយរបៀបណា?’

 

ហើយអត្ថបទនេះនឹងផ្តល់មេរៀនជាច្រើនដល់សកម្មជនអហិង្សាអំពីចម្លើយទៅនឹងសំណួរដែលគេឧស្សាហ៍សួរ៖

‘តើខ្ញុំគួរឱ្យគេចាប់ខ្លួនឬទេ?’

 

រំឭកម្តងទៀត បើអ្នករំពឹងទុកអំពីការបង្ក្រាបធ្ងន់ធ្ងរពីយោធាឬ/និងប៉ូលីស ប៉ុន្តែនៅតែចង់ជំនះបន្តសកម្មភាពអហិង្សាណាមួយទៅមុខទៀត អ្នកអាចរៀបចំផែនការនិងអនវុត្តវាដូចមានគ្រោងនៅក្នុងអត្ថបទនេះ៖ ‘សកម្មភាពអហិង្សា: កាត់បន្ថយហានិភ័យពីការបង្ក្រាបហិង្សា’

 

ការរក្សាសន្តិភាព

ដូចបានចង្អុលបង្ហាញពីខាងដើម ដើម្បីធានាថាតាក់ទិចអហិង្សាមួយមានប្រសិទ្ធភាព គេត្រូវប្រើប្រាស់វាដោយយកចិត្តទុកដាក់ទៅតាមយុទ្ធសាស្ត្រ, គ្រប់គ្រងឱ្យបានគ្រប់ជ្រុងជ្រោយ និងមានវិន័យ។ បើអ្នកសម្រេចថាគួរប្រើប្រាស់តាក់ទិចដែលមានកម្រិតប្រមូលផ្តុំគ្នាខ្ពស់ អ្នកត្រូវពិចារណាអំពីហានិភ័យបន្ថែម។ ក្រៅពីហានិភ័យពីការបង្ក្រាបដែលគ្មានការបន្ធូរដៃ រៀបរាប់ខាងលើ ការរំខានអាចកើតឡើងពីព្រោះពាក្យចចាមអារាមដែលមិនពិបាកធ្វើឱ្យស្ងប់ស្ងាត់ធ្វើឱ្យវិន័យរបស់ហ្វូងមនុស្សធ្លាក់ចុះ, ពីព្រោះអ្នកឆាឆៅញុះញង់ឱ្យមានការឆ្លើយតបដែលមិនបានរំពឹងទុក ពីព្រោះប្រជាជនរងឥទ្ធិពលពីគ្រឿងញៀននិងគ្រឿងស្រវឺង, ពីព្រោះជនបង្កប់ព្យាយាមញុះញង់ឱ្យមានអំពើហិង្សា ឬក៏ពីព្រោះទាហានឬប៉ូលីសណាម្នាក់ប្រព្រឹត្តហួសគន្លងវិន័យរបស់ពួកគេ។ ដើម្បីកាត់បន្ថយហានិភ័យពីការរំខានទាំងនេះនៅក្នុងករណីដែលវាកើតឡើង និងបន្ថយឥទ្ធិពលអវិជ្ជមានរបស់វា ក្រុមរៀបចំធ្វើសកម្មភាពគួរតែជ្រើសតាំងអ្នកមើលការយាមល្បាត[រក្សាសន្តិសុខក្នុងព្រឹត្តិការណ៍]និងអ្នករក្សាសន្តិភាព។

វាគឺជាមុខងាររបស់អ្នកមើលការក្នុងការរក្សាអារម្មណ៍នៅពេលធ្វើសកម្មភាពនិងអ្នកមើលការដើម្បីតម្រែតម្រង់ហ្វូងមនុស្ស។ អ្នកមើលការគួរតែត្រូវបានណែនាំអំពីប្រភេទនៃសកម្មភាព[ដែលពួកគេត្រូវធ្វើ]និងគួរផ្តល់ជំនួយការដល់អ្នកដឹកនាំសកម្មភាព ដើម្បីធ្វើឱ្យប្រាកដថាអ្វីៗទៅមុខដូចគ្រោងទុក។ ពួកគេគួរតែមានអត្តចរិតរួសរាយនិងមានប្រយោជន៍ក្នុងការធ្វើការជាមួយសកម្មជន, ជាមួយនឹងទាហានរបស់គូប្រជែងដែលមានអំណាចនិងប៉ូលីស និងប្រព័ន្ធផ្សព្វផ្សាយ។ ពួកគេគួរតែមានចរិតនឹងនរ មានភាពច្នៃប្រតិដ្ឋ និងស្មោះត្រង់ក្នុងការលើកទឹកចិត្តប្រជាជនឱ្យធ្វើតាមគោលការណ៍ណែនាំអំពីសកម្មភាពដែលបានគ្រោងទុក និងរក្សាវិន័យអហិង្សា។ ឧ. កំលុងពេលកាន់កាប់ទីលានធៀនអានមឹននៅឆ្នាំ១៩៨៩ អ្នកមើលការត្រូវបានប្រើប្រាស់ដើម្បីគ្រប់គ្រងហ្វូងមហាជននិងរក្សាវិន័យ។ កិច្ចការសំខាន់មួយគឺឃាមល្បាតនៅរបៀង ចន្លោះទាហាននិងសកម្មជនប្រមាណមួយម៉ែត្រនៅពីមុខបរិវេណទីថ្នាក់ការគណបក្សកុម្មុយនិស្តចិន។ ធ្វើបែបនេះរារាំងប្រជាជនកុំឱ្យប៉ះពាល់ទាហាន ប៉ុន្តែអនុញ្ញាតឱ្យពួកគេពន្យល់អំពីគោលបំណងរបស់ចលនា។ ស្រដៀងគ្នាដែរ នៅសភាជាតិអាហ្វ្រិក ការប្រជុំសាធារណៈនៅជិតសូវេតូ មានប្រជាជនរាប់រយពាន់នាក់ចូលរួម នៅថ្ងៃ២៩ តុលា ១៩៨៩។ ដោយបារម្ភពីជនបង្កប់អាចបង្កអំពើហិង្សាដើម្បីបំផ្លាញព្រឹត្តិការណ៍ ជាលទ្ធផល គេបានពន្យល់អ្នកឃាមល្បាត ប្រមាណ ៧០០នាក់ ដោយសង្ខេបអំពីវិធីគ្រប់គ្រងហ្វូងមហាជន។

ការរក្សាសន្តិភាពគឺជាមុខងារដែលត្រូវបានរចនាដើម្បីពង្រឹងវិន័យនិងសុវត្ថិភាពសម្រាប់អ្នកចូលសកម្មភាពអហិង្សា។ ការរក្សាសន្តិភាពមានសារៈសំខាន់ ជាពិសេសនៅក្នុងស្ថានភាពដែលមានវត្តមានជនបង្កប់ និងស្ថានភាពដែលគូប្រជែងដែលមានអំណាចទំនងជាអាចប្រតិកម្មនឺងសកម្មភាពតវ៉ាដោយអំពើហិង្សា។ គេគួរជ្រើសរើសអ្នករក្សាសន្តិភាពដោយយោលទៅលើការប្តេជ្ញាប្រព្រឹត្តតែអំពើអហិង្សារបស់ពួកគេ និងភាពចាស់ទុំផ្នែកគ្រប់គ្រងអារម្មណ៍, ការកំណត់វិន័យលើខ្លួនឯង, មានការត្រៀមខ្លួនជាស្រេចក្នុងករណីភាពតានតឹងកើតឡើង និងមានសមត្ថភាពក្នុងការគិតគូរបានលឿននិងច្បាស់លាស់។

ក្រុមរក្សាសន្តិភាពគួរតែមានសមាជិកគ្រប់គ្រាន់។ ប្រការនេះអាចធានាថា ករណីអាក្រក់បំផុតដែលកើតឡើងជាយថាហេតុណាមួយអាចត្រូវបានដោះស្រាយប្រកបដោយប្រសិទ្ធភាព។ វាក៏មានន័យថា គេអាចផ្លាស់វេនអ្នករក្សាសន្តិភាព ក្នុងករណីចាំបាច់ ដើម្បីដោះស្រាយស្ថានភាពលំបាកបំផុត។ អ្នករក្សាសន្តិភាពគួរតែមានលក្ខណៈខាងក្រៅដែលអាចសម្គាល់បាន ឧ. ពួកគេអាចពាក់សញ្ញាសម្គាល់និងពាក់មួកឬខ្សែក្រវាត់ដៃជាក់លាក់ណាមួយច្បាស់លាស់។ ពួកគេគួរតែមានវិទ្យុឬមធ្យោបាយទំនាក់ទំនងសមរម្យដទៃទៀត ប្រសិនជាការរកបាន។ អ្នករក្សាសន្តិភាពគួរតែទទួលបានការបណ្តុះបណ្តាលឱ្យរំពឹងបញ្ហាទុកជាមុន  ដើម្បីឱ្យពួកគេអាចដោះស្រាយទាន់ពេល។ ពួកគេគួរតែធ្វើការជាក្រុមតូចៗឬមានដៃគូ ថ្វីបើគេអាចដោះស្រាយជាមួយបុគ្គលដែលបង្កបញ្ហា ស្របពេលជាមួយគ្នានោះ ដៃគូរបស់ពួកគេអាចអង្កេតពីចម្ងាយ។

ការរក្សាសន្តិភាពចាប់ផ្តើមទៅតាមរបៀបដែលសកម្មភាពគេរៀបចំទុក។ ឧ. បើសកម្មភាពគឺជាការប្រជុំសាធារណៈទ្រង់ទ្រាយធំដែលរួមមានវេទិកាសម្រាប់វាគ្មិន ច្រកចូលទៅកាន់វេទិកានិងប្រព័ន្ធគ្រប់គ្រងសំឡេងគួរតែមានការយាមល្បាត។ បើសូម្បីតែមានការប្រុងប្រយត្នទុកជាមុន ពិតជានៅតែមានមនុស្សដែលបង្កការរំខានណាម្នាក់ចូលទៅទីនោះ រួចចុចកុងតាក់បិទឧបករណ៍ផ្គត់ផ្គង់ថាមពល ខ្សែអាត់តន្រ្តីសាកួអាចជួយបន្សំពេលវេលា ដើម្បីបណ្តេញមនុស្សរំខាននោះចេញ ដោយមានភាពល្អក់កករតិចបំផុត។ កំលុងពេលកាន់កាប់ទីលានធៀនអានមឹននៅឆ្នាំ១៩៨៩ គេបានយកចិត្តទុកដាក់កាន់តែខ្លាំងឡើង ទៅលើរបៀបចំការកាន់កាប់។ ឧ. កម្មករនិងនិស្សិតត្រូវបានចាត់ចែងជាក្រុមនានាដែលអាចកត់សម្គាល់បានច្បាស់ (ដូចជាដេប៉ាតឺម៉ង់នានានៃសាកលវិទ្យាល័យ) និងឈរជើងជាប្រព័ន្ធនជុំវិញទីលាននោះ។ ចំណុចនេះបូករួមនឹងប្រព័ន្ធត្រួតពិនិត្យច្រកចូល ដើម្បីគ្រប់គ្រងច្រកចូលទៅកាន់តំបន់សំខាន់ៗ ត្រូវបានរចនាឡើងដើម្បីជួយសកម្មជនឱ្យរក្សាវិន័យអហិង្សាកំលុងពេលកាន់កាប់។

ឆ្លើយតបនឹងការរំខាន ដំបូង អ្នករក្សាសន្តិភាពគួរដាក់បុគ្គលដែលបង្កការរំខានដោយឡែកពីអ្នកឈរមើល។ សូម្បីតែអ្នកឈរមើលដែលជាអ្នកឃ្លាំមើលក៏អាចធ្វើឱ្យការរក្សាសន្តិភាពកាន់តែលំបាកដែរ។ វាជាការប្រសើរ បើគេប្រគល់តួនាទីនេះទៅឱ្យអ្នករក្សាសន្តិភាពដែលត្រូវបានបណ្តុះបណ្តាលអំពីកិច្ចការនេះ។ អ្នករក្សាសន្តិភាពនីមួយៗក៏គួរតែដាក់សមាជិកនៃក្រុមដែលបង្កការរំខានដាច់ដោយឡែកពីគ្នា។ ពីព្រោះសមាជិកនានាបង្កើនថាមពលឱ្យក្រុម [នៅពេលដែលពួកគេនៅផ្តុំគ្នា]វាមានការងាយស្រួលក្នុងការឆ្លើយតបនឹងពួកគេដោយផ្ទាល់ ពេលពួកគេនៅដាច់ពីគ្នា។ ក្នុងការដោះស្រាយនឹងបុគ្គល ឬក៏ក្រុមតូចមួយ អ្នករក្សាសន្តិភាពគួរតែសម្តែងឫកពាបន្ធូរបរិយាកាស គ្មានការគំរាមកំហែង ដោយបង្ហាញឱ្យឃើញច្បាស់នូវដៃទាំងគូទៅកាន់ភាគីម្ខាងទៀត [ថាគ្មានកាន់អាវុធ] ហើយអ្នករក្សាសន្តិភាពគួរតែធ្វើចលនាយឺតនិងងាយទាយទុកមុន។ ពួកគេគួរឈរនៅជិតល្មមនឹងអាចចាប់យកចំណាប់អារម្មណ៍ពីនិស្សិត រក្សាទំនាក់ទំនងខ្សែភ្នែកនៅគ្រប់ពេលវេលា និង នៅពេលនិយាយ ប្រើសំឡេងនឹងនរនិងស្មើ។ វិធីដ៏មានប្រយោជន៍បំផុតដើម្បីកាត់បន្ថយភាពតានតឹងគឺការស្តាប់ [ត្បិត] មនុស្សដែលមានកំហឹងជារឿយតែងមានអារម្មណ៍ថាគ្មាននរណាស្តាប់ពួកគេ។ ការស្តាប់ ទាមទារឱ្យអ្នករក្សាសន្តិភាពស្តាប់ដោយយកចិត្តទុកដាក់ ទទួលស្គាល់អារម្មណ៍របស់ពួកគេ ហើយនិងអាចនិយាយឡើងវិញនូវអ្វីដែលពួកគេបានស្រដី ប្រហែលជាពីរបីដងឡើងទៅ ដែលពុំបានបង្កប់ន័យថា អ្នករក្សាសន្តិភាពយល់ស្របគ្រប់អ្វីដែលពួកគេបានលើកឡើងនោះទេ។ នៅពេលដែលភាពតានតឹងចាប់ផ្តើមធូរស្រាល អ្នករក្សាសន្តិភាពអាចសួរសំណួរដែលបង្កើតដើម្បីលើកទឹកចិត្តឱ្យពិចារណាអំពីលំនាំសកម្មភាពផ្សេងទៀតដែលធ្វើទៅបាន។ អ្នករក្សាសន្តិភាពគួរតែកត់ត្រាជាកំណត់ហេតុនូវឧប្បតិ្តហេតុនានាសម្រាប់ធ្វើបទយកការណ៍ វាយតម្លៃ និងរៀនសូត្រ។

នៅក្នុងស្ថានភាពដែលមានបុគ្គលរំខានច្រើនឬក្រុមជនបង្កប់ដែលមានជំនាញខាងញុះញង់វិញ វាមានចាំបាច់ក្នុងការប្រើប្រាស់ក្រុមរក្សាសន្តិភាពដែលមានបទពិសោធ ដើម្បីដាក់ក្រុមនោះឱ្យដាច់ដោយឡែក ឬក៏ការពារទាហានរបស់គូប្រជែង។ វិធីមួយដើម្បីធ្វើដូច្នេះគឺបង្កើតរង្វង់ការពារដែលមានវិន័យជុំវិញក្រុមឬទាហាន ក៏ប្រហែលអាចច្រៀងឮៗឬតិចៗបណ្តើរផងដែរ។ ឧ. ត្រឹមប៉ុន្មានម៉ោងមុនការសម្លាប់រង្គាសនៅប៉ិជីង និស្សិតប្រាំនាក់ពាក់កន្សែងជានិមិត្តរូបនៅលើក្បាល ថ្ពក់ដៃគ្នាបង្កើតជារង្វង់ការពាំរជុំវិញទាហានម្នាក់ ដើម្បីអមគាត់ការពារសុវត្ថិភាពឱ្យផុតពីហ្វូងមហាជនដែលផ្ទុះហិង្សា។

ថ្វីបើវិធីដ៏មានប្រសិទ្ធភាពបំផុតដើម្បីបញ្ចៀសការរំខាន (រួមមានសកម្មភាពរបស់ជនបង្កប់) គឺប្រើប្រាស់តាក់ទិចដែលលក្ខណៈពង្រាយគ្នា ប៉ុន្តែពិតណាស់ មានកាលៈទេសៈខ្លះ ដែលក្នុងនោះតាក់ទិចដែលមានលក្ខណៈប្រមូលផ្តុំ ហើយនិងហានិភ័យពីការរំខាន អាចជាជម្រើសសមរម្យមួយនៅក្នុងយុទ្ធសាស្ត្រ។ នៅក្នុងករណីនេះ ការរក្សាសន្តិភាពគឺជាផ្នែកសំខាន់ក្នុងការប្រឹងប្រែងរៀបចំ ដើម្បីកាត់បន្ថយហានិភ័យចេញពីការរំខាននិងហ៊ុមព័ទ្ធឥទ្ធិពលអាក្រក់របស់វាមិនឱ្យរាលដាលធំ។

ប្រភពឯកសារ:

https://nonviolentliberationstrategy.wordpress.com/strategywheel/tactics-and-peacekeeping/

 

Advertisements