អង្គការដឹកនាំ

នៅបរិបទណាក៏ដោយ ការរៀបចំអង្គការដឹកនាំដែលមានលក្ខណៈពេញលេញគឺជាកត្តាចាំបាច់ដើម្បីឱ្យការតស៊ូដោយអហិង្សាអាចជោគជ័យ។ ឧ. គន្ធីបានសង្កត់ធ្ងន់ទៅលើចំណុចនេះ។ ទោះយ៉ាងណាក្តី សារៈសំខាន់នៃការរៀបចំអង្គការដឹកនាំល្អមិនមែនតែងតែត្រូវបានគេទទួលស្គាល់នោះទេ ហើយចំណុចនេះគឺជាកត្តាបរាជ័យនៃចលនាតស៊ូដោយអហិង្សាមួយចំនួនពីអតីតកាល។

យោលតាមគំរូរចនាសម្ព័ន្ធផ្សេងៗដែលអាចរកបាននិងបានលើកឡើងរួចហើយ  ផែនការយុទ្ធសាស្ត្ររបស់អ្នកគួរតែកំណត់គម្រោងរៀបចំដឹកនាំនៅក្នុងអង្គការរបស់អ្នក រួមមានរចនាសម្ពន្ធនិងដំណើរការក្នុងការសម្រេចចិត្ត ដែលយុទ្ធសាស្ត្ររបស់អ្នកនឹងប្រើប្រាស់។ ទន្ទឹមនឹងសហគមន៍ក្នុងស្រុក អង្គការសហគមន៍ឯករាជ្យ (ដូចជា សហជីពនិងអង្គភាពសាសនា) និងសហករណ៍ (ក្រុមប្រជាជនដែលត្រូវបានតែងតាំងដើម្បីធ្វើទៅតាមមុខងារនានាតំណាងឱ្យអង្គការធំមួយ) នឹងដើរតួនាទីនៅក្នុងការតស៊ូដោយអហិង្សាជាច្រើន អង្គភាពដែលរៀបចំដឹកនិងសម្រេចចិត្តធំបំផុតគឺក្រុមសកម្មភាព (Affinity Group)។ ហេតុអ្វីបានជាអ៊ីចឹង?

 

វិមជ្ឈការគឺជាមធ្យោបាយសំខាន់មួយដើម្បីបង្កើតសម្បជញ្ញៈនយោបាយ ដែលចាំបាច់ចំពោះប្រជាជន ដើម្បីធ្វើឱ្យពួកគេដឹងពីទំនួលខុសត្រូវនានារបស់ពួកគេ និងសម្របសម្រួលឱ្យពួកគេបានចូលរួមនៅក្នុងការសម្រេចចិត្តនិងអនុវត្តការសម្រេចចិត្តនោះ។ តើគេអាចសម្រេចកិច្ចការនេះដោយរបៀបណា? ហើយតើគោលការណ៍អ្វីខ្លះដែលគួរតម្រែតម្រង់ការបង្កើតរចនាសម្ពន្ធថ្មី?

មានគោលការណ៍មូលដ្ឋានមួយគឺថា បុគ្គលឬក្រុមនីមួយៗគួរតែត្រូវបានផ្តល់ឱកាសឱ្យជះឥទ្ធិពលលើការសម្រេចចិត្តនៅក្នុងបញ្ហាណាមួយ ឱ្យសមាមាត្រផ្ទាល់ទៅនឹងផលប្រយោជន៍សម្ភារៈស្របច្បាប់របស់ពួកគេ នៅក្នុងលទ្ធផល[នៃការសម្រេចចិត្តនោះ]។ លើសពីនេះ រចនាសម្ពន្ធថ្មីៗទាំងនោះគួរតែបំពេញតម្រូវការរបស់បុគ្គលនីមួយៗ រួមមាន តម្រូវការរបស់ពួកគេ ដូចជា ចង់បានការឱ្យតម្លៃខ្លួនឯង, ការចូលរួម, ការគ្រប់គ្រង។ ភស្តុតាងចេញពីបទពិសោធនិងការស្រាវជ្រាវបានបង្ហាញថា គំរូអង្គការដឹកនាំគួរតែផ្អែកទៅលើក្រុមមនុស្សមួយចំនួនតូច (ដូចជា ក្រុមសកម្មភាពនិងសហករណ៍) ព្រមទាំងអង្គការសហគមន៍ (រួមមាន សហជីព និងគណៈសាសនា)។ ក្រុមទាំងនេះគួរតែចាក់ឫសរឹងមាំនៅក្នុងសហគមន៍មូលដ្ឋានដែលជាផ្នែកនៃក្រុមអត្តសញ្ញាណ ដែលមានទំហំធំ។ ជាលទ្ធផល ក្រុមនិងសហគមន៍ទាំងនេះគួរតែជាផ្នែកនៃបណ្តាញមូលដ្ឋាន, តំបន់និងអន្តរជាតិ។

ក្រុមអត្តសញ្ញាណគឺជាក្រុមដែលគេអាចកត់សម្គាល់បានតាមរយៈជាតិសាសន៍ សាសនា ជាតិពន្ធុ វប្បធម៌ ឬវណ្ណៈ បង្ហាញពីកម្រិតភាពស្អិតរមួតខ្លាំង ពីព្រោះមានគុណតម្លៃ អាកប្បកិរិយា និងជំនឿរួមគ្នា។ ពួកគេពាក់ព័ន្ធ[នឹងការការពាដោយអហិង្សា]ជាងរដ្ឋដែលតំណាងប្រជាជាតិ ព្រោះពួកគេគ្រប់គ្រងភាពស្មោះត្រង់បានល្អប្រសើរជាងរដ្ឋដែលរួបរួមគ្នាតែសម្បកក្រៅ។ នៅក្នុងក្រុមអត្តសញ្ញាណទាំងនេះ សហគមន៍មូលដ្ឋានគួរតែជាធាតុផ្សំសំខាន់នៃការការពារដោយអហិង្សា។ ក្រុមប្រឹក្សាប្រជាពលរដ្ឋ ទំនងមានគំរូដូចចលនាកម្មករដែលត្រូវបានបង្កើតឡើងនៅកំលុងបដិវត្តន៍រុស្ស៊ីនៅឆ្នាំ១៩០៥ និង១៩១៧ គេគួររៀបចំដូចអ៊ីចឹងដែរ។ ប៉ុន្តែមានលទ្ធភាពជាច្រើនទៀតដែរ រួមមាន សហករណ៍ (ដូចអង្គការដែលគ្រប់គ្រងដោយខ្លួនឯង បង្កើតឡើងដោយអ្នកអនាធិបតេយ្យនិយមកំលុងបដិវត្តន៍អេស្បាញ), ឃុំ, ‘សហគមន៍ដែលមានមូលដ្ឋាននៅវិហារ’ (ដូចមាននៅអាមេរិកកណ្តាលនិងខាងត្បូង) និងទម្រង់ផ្សេងៗទៀតនៃអង្គការដឹកនាំបែបកុលសម្ពន្ធ។ គំរូណាពាក់ព័ន្ធនឹងត្រូវបានកំណត់ដោយកាលៈទេសៈនានានៅមូលដ្ឋាន។

ជាលទ្ធផល អង្គការសហគមន៍នឹងមានសារៈសំខាន់ ដោយសារហេតុថាផ្នែកចម្បងនៃការការពារដោយអហិង្សានឹងត្រូវតែធ្វើឡើងតាមរយៈអង្គការឯករាជ្យនិងស្ថាប័នសង្គមនានា។ ក្រុមក្នុងសហគមន៍ ដូចជា សហជីព, សហករណ៍របស់កម្មករ, សមាគមអាជីព, អង្គការវប្បធម៌, និងគណៈសាសនា នឹងសុទ្ធតែអាចផ្តល់វេទិកាសម្រាប់ការធ្វើផែនការនិងរៀបចំធាតុផ្សំនៃការការពារ និងអាចជាយានដ៏ធំសម្រាប់ចលនាប្រឆាំងផងដែរ។

សារៈសំខាន់នៃក្រុមក្នុងសហគមន៍ចំពោះការការពារដោយអហិង្សា ត្រូវបានគូសបង្ហាញដោយការប្រឆាំងនឹងការកាន់កាប់ដោយរបបណាហ្ស៊ីនៅន័រវេនៅកំលុងសង្គ្រាមលោកលើកទីពីរ។ ឧ. ទោះបីរងការឈឺចាប់ឥតឧបមា គ្រូបង្រៀនលើសពី ៦០០នាក់ ដែលត្រូវបានញាត់បញ្ចូលទៅក្នុងគុក រយៈពេល ៨ខែ នៅក្នុងបន្ទាយឃុំឃាំងនៅ Arctic Circle ខាងជើង នៅតែប្រឆាំងនឹងការទាមទាររបស់ណាហ្ស៊ីឱ្យពួកគេចូលរួមក្នុងអង្គការគ្រូបង្រៀនថ្មី។

នៅក្នុងសហគមន៍និងអង្គការដឹកនាំមូលដ្ឋានទាំងនេះ ក្រុមប្រជាជនតូចៗ ដូចជា ក្រុមសកម្មភាពនិងសហករណ៍ នឹងមានភាពចាំបាច់របស់វា ការធ្វើផែនការ ការប្រុងប្រៀបទុកជាមុន និងអង្គការដឹកនាំការការពារដោយអហិង្សាភាគច្រើននឹងកើតឡើងនៅកម្រិតមូលដ្ឋានទាំងនេះ។ ក្រុមតូចៗទាំអនេះក៏មានសារៈសំខាន់ដែរ ព្រោះពួកគេនឹងផ្តល់ជាមូលដ្ឋានសម្រាប់បុគ្គលម្នាក់ៗក្នុងការប្រឆាំងតបត ‘ទៅតាមរបៀបដែលមានការរៀបចំដឹកនាំ ក្នុងនាមជាសមាជិកក្រុម’។

ក្រុមសកម្មភាពជាទូទៅរួមមានសមាជិកចំនួន ៥ទៅ១៣នាក់។ ក្រុមនេះមានលក្ខណៈជាទំនាក់ទំនងបង្កើតឡើងដោយផ្អែកឡើងផលប្រយោជន៍រួម, ការទាក់ទងផ្ទាល់, ការគោរពគ្នាទៅវិញទៅមក និងការសម្រេចចិត្តជាឯកច្ឆន្ទ ដែលជាលក្ខខណ្ឌដែលឧស្សាហ៍កើតឡើងចំណោមមិត្តភក្តិ។ សារៈសំខាន់នៃក្រុមសកម្មភាបដោយឡែកកើតមកពីភាពស្និទ្ធស្នាលនៅក្នុងទំនាក់ទំនង ដែលក្រុមប្រភេទនេះអនុញ្ញាតឱ្យមាន សមាជិកមានអារម្មណ៍ថាត្រូវបានក្រុមត្រូវការ រាប់បញ្ចូល និងទទួលយកខ្លួន។ ចំណុចសំខាន់មួយទៀត ក្រុមសកម្មភាពត្រូវបានបង្កើតឡើងដោយសមាជិក ដើម្បីធ្វើកិច្ចការនយោបាយនិងធ្វើទៅតាមមុខងារគាំទ្រផ្ទាល់ខ្លួនមួយចំនួន (personal support)។ អាស្រ័យហេតុនេះ ក្រុមសកម្មភាពទទួលខុសត្រូវ សម្រេចឱ្យ[នរណាម្នាក់]ចូលជាសមាជិក ដែលពុំបើកចំហចំពោះគ្រប់អ្នកដែលមិនមែនជាសមាជិកនោះទេ ហើយវាច្រើនមានដំណើរការទៅតាមកញ្ចប់កិច្ចព្រមព្រៀង។ ជាធម្មតា កញ្ចប់កិច្ចព្រមព្រៀងមួយ ដែលតម្រូវឱ្យសមាជិកចុះហត្ថលេខាលើ រួមមាន៖

១. សេចក្តីថ្លែងអំពីការប្តេជ្ញាគោរពទៅតាមគោលការណ៍អហិង្សារបស់ក្រុម

២. សេចក្តីថ្លែងអំពីការប្តេជ្ញាក្នុងការចូលរួមនៅក្នុងសកម្មភាពអហិង្សារបស់ក្រុម។

៣. សេចក្តីណែនាំអំពីការប្រព្រឹត្តមួយសំណុំ រួមមានការសន្យាគោរពនិងគាំទ្រគ្នាទៅវិញទៅមក និយាយភាសារួម និងដោះស្រាយទំនាស់នៅក្នុងក្រុម។

៤. សេចក្តីណែនាអំពីដំណើរការក្រុមមួយសម្រាប់ រួមមានការសន្យាចែករំលែកតួនាទីដឹកនាំនិងប្រើប្រាស់ទម្រង់នៃការសម្រេចចិត្តជាឯកច្ឆន្ទ។

៥. ការសន្យាអំពីរបៀបដែលក្រុមនឹងធ្វើឱ្យមានតុល្យភាពទាំងអស់គ្នារវាងទិដ្ឋភាពផ្នែកបញ្ញា ផ្លូវអារម្មណ៍ និងផ្លូវសាសនា។

ប្រភពឯកសារ: https://nonviolentliberationstrategy.wordpress.com/strategywheel/organization/

Advertisements