ភាព​ជា​អ្នក​ដឹក​នាំ​

រចនាសម្ពន្ធដឹកនាំនិងការចាត់ចែងក្រុមទៅតាមយុទ្ធសាស្ត្រ

ផែនការយុទ្ធសាស្ត្រគួរតែកំណត់រចនាសម្ពន្ធដឹកនាំនិងដំណើរការដែលគេនឹងប្រើប្រាស់ដើម្បីធានារក្សាការធ្វើឱ្យសមាជិកក្រុមធ្វើការជាមួយគ្នាទៅតាមយុទ្ធសាស្ត្រដោយមានប្រសិទ្ធភាព។

មានហេតុផលជាច្រើន (មិនបានរៀបជាគ្រោងនៅទីនេះទេ) ចលនាតស៊ូនានាដែលពាក់ព័ន្ធនឹងក្រុមសកម្មភាពច្រើនជាងមួយក្រុម (affinity group) គួរតែប្រើប្រាស់រចនាសម្ពន្ធដឹកនាំដោយបើកចំហនិងផ្តល់អំណាចដល់ថ្នាក់ក្រោម (វិមជ្ឈការ)។ ទោះបីយ៉ាងណា នេះពុំមានន័យថា មនុស្សទាំងអស់អាចចូលរួមការប្រជុំនានារបស់ក្រុមនោះទេ។ វាមានន័យថា គេត្រូវកំណត់សមាជិកក្នុងក្រុមអ្នកដឹកនាំឱ្យបានច្បាស់លាស់និងងាយចួបភ្លាមៗ។ ហេតុនេះហើយ នៅក្នុងការអនុវត្តជាក់ស្តែង គេអាចវាស់ការចូលរួមនៅក្នុងការដឹកនាំរបៀបនេះ ទៅតាមសមត្ថភាពនៃរចនាសម្ពន្ធដឹកនាំនិងដំណើររបស់វាក្នុងការតភ្ជាប់នឹងប្រជាជន តាមរយៈយន្តការដូចជាការតំណាងនិងការចម្លាស់មនុស្សដែលកាន់តួនាទីណាមួយ [គឺថា សកម្មជនគួរតែត្រូវបានតែងតាំងឱ្យធ្វើជាតំណាង ហើយត្រូវបានឆ្លាស់ចូលឬចេញពីមុខតំណែងសំខាន់ណាមួយ (អ្នកនិពន្ធពន្យល់)។] ។ គេមិនគួរវាស់សមត្ថភាពនៃរចនាសម្ពន្ធដឹកនាំទៅតាមចំនួនប្រជាជន ដែលចូលរួមក្នុងការប្រជុំនោះទេ ត្បិតវាអាច ‘ធ្វើឱ្យរាំងស្ទះ’ ប្រសិទ្ធភាពនៃដំណើរការសម្រេចចិត្ត។ [មានតែប្រជាជនដែលសក្តិសមប៉ុណ្ណោះដែលគួរចូលរួមការប្រជុំថ្នាក់ដឹកនាំ ទោះបីអ្នកដឹកនាំទាំងនោះត្រូវបានគេស្គាល់ហើយនិងងាយទាក់ទងក៏ដោយ។  ក្រុមថ្នាក់ដឹកនាំល្អមិនអាចមានប្រជាជនរាប់សែននាក់មកចូលរួមនោះទេ ប៉ុន្តែ ប្រជាជនអាចចូលរួមដោយត្រូវបានជ្រើសរើស ឱ្យចូលទៅក្នុងក្រុមថ្នាក់ដឹកនាំជាមុនសិនបាន។ (អ្នកនិពន្ធបន្ថែមតាមអ៊ីម៉ែល)]

ថ្វីបើមានភស្តុតាងមាំទាំថា រចនាសម្ពន្ធដឹកនាំបែបបើកចំហនិងវិមជ្ឈការប្រសើរជាងបែបប្រមូលផ្តុំនិងបែបសម្ងាត់ក៏ដោយ វានៅតែជាករណីមួយដែលផែនការយុទ្ធសាស្ត្រប្រាកដប្រជានៅក្នុងស្ថានភាពជាក់លាក់ណាមួយ គួរតែអាស្រ័យទៅលើការវាស់ស្ទង់ផ្នែកយុទ្ធសាស្ត្រនិងផ្នែកនយោបាយច្បាស់លាស់មួយអំពីស្ថានភាពនានាកំពុងកើតឡើងនិងការវិនិច្ឆ័យជាបន្តបន្ទាប់អំពីអ្វីដែលអាចទៅរួច នៅពេលវេលាផ្សេងៗគ្នា ពាសពេញដំណាក់កាលនានានៃយុទ្ធសាស្ត្រការពារមួយ ដោយអាស្រ័យទៅតាមស្ថានភាពទាំងនោះ។

ហេតុនេះហើយ ប្រភេទនៃរចនាសម្ពន្ធដឹកនាំនៅក្នុងស្ថានភាពជាក់លាក់ណាមួយអាចញែកដាច់ពីគ្នាស្រលះពីទម្រង់បើកចំហនិងវិមជ្ឈការ ដូចបានរៀបរាប់ខាងលើ។ នៅក្នុងស្ថានភាពដែលពោរពេញដោយការបង្ក្រាបយ៉ាងកាចសាហាវ ជាឧទាហរណ៍ ការប៉ុនប៉ងរៀបចំថ្នាក់ដឹកនាំបែបបើកចំហមិនទំនងជាបង្ហាញពីភាពឈ្លាសវៃនោះទេ។ ទោះបីយ៉ាងណាក៏ដោយ ស្ថានភាពនយោបាយដែលកំពុងកើតឡើងនឹងមានឥទ្ធិពលដាច់ណាត់ទៅលើប្រភេទនៃរចនាសម្ពន្ធដឹកនាំដែលត្រូវបានយកមកអនុវត្ត សកម្មជនដែលមានឈ្លាសវៃ គួរតោងចាំថា គេប្រើប្រាស់ការសម្ងាត់និងការដឹកនាំបែបអំណាចប្រមូលផ្តុំតែនៅពេលដែលរបៀបដឹកនាំទាំងពីរត្រូវបានចាត់ទុកថា មានភាពចាំបាច់ខ្លាំងដើម្បីអាចបន្តដំណើរការទៅមុខទៀតបានប៉ុណ្ណោះ គឺថា នៅពេលអង្គការដែលធ្វើការការពារមិនអាចគ្មានពួកវាបាន។ សូម្បីតែមកដល់ឥឡូវ សកម្មជន Solidarity ជាតិប៉ូឡូញ លោក Wiktor Kulerski បានអះអាងថា នៅក្នុងលក្ខខណ្ឌនៃរដ្ឋសម័យទំនើបដែលមានប្រព័ន្ធប៉ូលីស ‘អង្គការដឹកនាំទូទាំងប្រទេសបែបសម្ងាត់ធ្វើឡើងក្នុងរយៈពេលវែង មិនអាចទៅរួចនោះទេ។’

 

ពីអតីតកាល ក្រុមដែលមានលក្ខណៈវិមជ្ឈការ (ដែលមានប្រភេទខុសៗគ្នាជាច្រើន) បានដកពិសោធជាមួយនឹងទម្រង់ផ្សេងៗនៃការចាត់ចែងក្រុម ហើយទំនងជាមានជម្រើសបីធំៗឱ្យពិចារណា៖ ក្រុមនានាដែលចាត់ចែងយុទ្ធសាស្ត្ររបស់ពួកគេដោយប្រើក្រុមប្រឹក្សាសហព័ន្ធ, អ្នកសម្របសម្រួលទៅតាមបណ្តាញ, ឬក៏ Demarchy ។

អង្គការសហព័ន្ធ រួមមានអង្គការច្រើនល្មម ដែលពួកវានីមួយៗមានសិទ្ធិគ្រប់គ្រងកិច្ចការរបស់ខ្លួនដោយខ្លួនឯង។ វាត្រូវបានគេរចនាឡើងដើម្បីលើកតម្កើងការចូលរួមពីកម្រិតមូលដ្ឋាន ហើយទន្ទឹមនឹងនោះក៏អនុញ្ញាតឱ្យមានការប្រឹក្សានិងការសម្រេចចិត្តខ្លះដោយក្រុមធំឬអង្គភាពកណ្តាលដែលជាតំណាង ឆ្លងកាត់បោះឆ្នោតនោះដែរ។ បើសិនសហព័ន្ធមានទំហំធំ វាអាចមានច្រើនកម្រិតទៅតាមនោះដូចគ្នា។ ដោយសារធ្លាប់មានបញ្ហាជារឿយៗពាក់ព័ន្ធនឹងប្រព័ន្ធសហព័ន្ធ (ដូចជា ប្រតិភូដែលជាប់ឆ្នោតជាតំណាងអចិន្ត្រៃយ៍ហើយ ក៏នៅជាអចិន្ត្រៃយ៍រហូត មិនត្រូវបានផ្លាស់ប្តូរជាទៀងទាត់តាមគោលការណ៍  ហើយជាលទ្ធផលក៏ឋិតក្រោមឥទ្ធិពលបុគ្គលដែលពួកគេបានមិនតំណាងឱ្យ និងក្រោមឥទ្ធិពលនៃទិញដូរសន្លឹកឆ្នោត)។ ការកែសម្រួលលក្ខណៈមូលដ្ឋាននៃប្រព័ន្ធសហព័ន្ធ គេគួរតែពិចារណា។ ឧ. សហព័ន្ធអាចបែងចែកទំនួលខុសត្រូវទៅតាមមុខងារនានាក្នុងចំណោមក្រុមប្រឹក្សាទាំងប៉ុន្មាន ហើយប្រតិភូពីអង្គការសមាជិកអាចត្រូវបានឆ្លាស់ជាទៀងទាត់ ឬក៏ត្រូវបានជ្រើសរើសដោយចៃដន្យ [អ្នកដែលចាប់បានសន្លឹកឆ្នោតពិសេសមានដៅឬសរសេរសម្គាល់ នៅក្នុងហឹប នឹងត្រូវបានជ្រើសរើស] បន្ទាប់ពីកំលុងពេលដែលត្រូវបានកំណត់មុនណាមួយ។ ធ្វើដូច្នេះគួរតែអាចធ្វើមានការចូលរួមស្មើគ្នានិងចែកទំនួលខុសត្រូវបានកាន់តែគ្រប់គ្នា។

 

បណ្តាញ រួមមានក្រុមតូចៗច្រើនផ្នែកខុសៗគ្នា ដែលក្រុមនីមួយៗនោះអាចសម្រេចចិត្តដោយខ្លួនឯង។ វាត្រូវបានគេរចនាឡើងដើម្បីផ្តោតទៅលើការចូលរួមជាក្រុម ស្វ័យភាពទៅតាមតំបន់, និងវិមជ្ឈការ។ ដើម្បីឱ្យបណ្តាញបំពេញមុខងាររបស់ខ្លួនដោយមានប្រសិទ្ធភាព វាទាមទារឱ្យមានអ្នកសម្របសម្រួល ពោលគឺក្រុមមួយដែលគ្មានគោលនយោបាយខ្លួនឯងទេ តែមានទំនួលខុសត្រូវសម្របសម្រួលទំនាក់ទំនង ចាត់ចែង និងប្រមូលធនធាននៅក្នុងបណ្តាញ។ ប្រការមួយទៀតក៏សំខាន់ដែរ អ្នកសម្របសម្រួលបណ្តាញគួរតែផ្តល់គម្រោងសម្រាប់ទំនាក់ទំនង ដើម្បីពន្លឿនលំហូរព័ត៌មាន។ គម្រោងនេះគួរតែអាចចែកចាយព័ត៌មានបន្ទាន់ដោយចំណាយពេលតិចហើយបានផល នៅពេលដែលចាំបាច់។ វាក៏អាចគាំទ្រការចងសម្ពន្ធរវាងក្រុមនានាដែលជ្រើសរើសធ្វើការងារតែមួយផ្នែកនោះដែរ។

 

Demarchy គឺជាប្រព័ន្ធដែលក្នុងនោះក្រុមតំណាងនានារបស់ប្រជាជនសម្រេចចិត្តទៅលើបញ្ហាមួយសំណុំ ជំនួសឱ្យប្រជាជនសរុបធំជាងក្រុមនោះ នៅក្នុងវិស័យមួយចំនួនដែលមានកំណត់តឹងរ៉ឹង។ បើគិតទៅតាមមុខងារ ប្រព័ន្ធនេះមានលក្ខណៈវិមជ្ឈការ។  តម្រូវការដែលទទួលយកបានតែមួយប៉ុណ្ណោះសម្រាប់ការចូលជាសមាជិកនៅក្នុងក្រុមណាមួយ គឺមានចំណូលចិត្តទៅលើបញ្ហា នៅក្នុងករណីនេះ គឺវិស័យផ្សេងៗនៃការការពារដោយអហិង្សា  និងការប្តេជ្ញាទទួលយកចំណេះដឹងគ្រប់គ្រាន់និងជំនាញសម្រាប់កិច្ចការនានាក្នុងការធ្វើផែនការនិងបំពេញវា។ នៅក្នុងគោលការណ៍ Demarchy ក្រុមតំណាងរមែងត្រូវបានជ្រើសរើស នៅពេលដែលគេបានបង្កើតការពិពណ៌នាអំពីលក្ខណៈប្រជាសាស្ត្រនិងចំណូលចិត្តផ្សេងៗ ដែលតំណាងឱ្យប្រជាជនសរុបរួចហើយ។ ឧ. បើសិនជាមានស្ត្រី ៥០% នៅក្នុងចំនួនសរុបនៃសំណាក គឺត្រូវមានស្ត្រី ៥០% នៅក្នុងក្រុមតំណាងនីមួយៗដែរ។ អ្នកតំណាងរមែងត្រូវបានជ្រើសរើសព្រាវចេញពីចំណាត់ក្រុមផ្សេងៗនៃក្រុមអ្នកស្មគ្រចិត្តតំណាង។

អ្នកស្មគ្រចិត្តទាំងនេះនឹងបម្រើការដោយមានកំណត់អាណត្តិ មុននឹងត្រូវបានជំនួសដោយវិធីចម្លាស់សមាជិកភាព ដោយកំណត់ពេលតៗគ្នា ដែលអាចធានានិរន្តរភាពនៅក្នុងក្រុមផង ហើយរារាំងការចាក់ឫសបង្កើតបក្សពួកណាមួយ។ ការងាររបស់ក្រុមទាំងអស់នឹងដាក់ក្រោមការពិនិត្យពិច័យជាសាធារណៈ។ សំខាន់បំផុត ក្រុមស្មគ្រចិត្តតូចៗ ដែលមានការជំរុញខ្លាំង, ទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ, តំណាងឱ្យចំណូលចិត្តផ្សេងៗរបស់ប្រជាជនសរុប ត្រឹមត្រូវតាមស្ថិតិចំនួនប្រជាជន, ត្រូវឆ្លាស់តាមកំលុងកំណត់ច្បាស់លាស់ និងត្រូវបានជ្រើសរើសដោយចៃដន្យ, នឹងអាចបង្កើតផ្នែកផ្សេងៗនៃយុទ្ធសាស្ត្រការពារដោយអហិង្សាដែលអាចទៅរួចនិងល្អបំផុត ហើយបន្ទាប់មកត្រួតពិនិត្យមើលការអនុវត្តយុទ្ធសាស្ត្រនោះ។

 

Demarchy  មួយបែបទៀតគឺ គណៈវិនិច្ឆ័យគោលនយោបាយ។ គណៈវិនិច្ឆ័យគោលនយោបាយគឺជាវិធីរៀបចំការចូលរួមសម្រាប់ប្រជាពលរដ្ឋមួយប្រភេទដែលក្នុងនោះ គេចំណាយធនធានផ្តល់ជូនប្រជាជនដែលត្រូវបានជ្រើសរើសដោយចៃដន្យ ឱ្យចូលរួមការប្រជុំជាបន្តបន្ទាប់ ជាទូទៅមានរយៈពេលប្រមាណ ៥ថ្ងៃ ដើម្បីរៀនអំពីទស្សនៈធំៗនៅក្នុងបញ្ហាជាក់លាក់ណាមួយនិងផ្តល់អនុសាសន៍អំពីអ្វីដែលគួរធ្វើ។ គណៈវិនិច្ឆ័យនានាត្រូវបានជ្រើសរើសឱ្យតំណាងប្រជាជនសរុបទៅតាមភេត អាយុ កម្រិតអប់រំ ជាតិសាសន៍ និងជំហរនយោបាយ។ នៅតំបន់ដែលមានភូមិសាស្ត្រធំ គេទំនងជាគួរប្រើគណៈវិនិច្ឆ័យចំនួនច្រើនដែរ ហើយជាទូទៅមានគណៈវិនិច្ឆ័យកម្រិតទីពីរដែលកើតឡើងពីប្រតិភូនានាដែលចេញពីគណៈវិនិច្ឆ័យដើម ដើម្បីដោះស្រាយការខ្វែងយោបល់គ្នា និងផ្តល់អនុសាសន៍ចុងក្រោយ។

បើសិនគេប្រើប្រាស់សហព័ន្ធ អង្គការនីមួយៗនៅក្នុងសហព័ន្ធ អាចធ្វើការទៅតាមធាតុផ្សំនានានៅក្នុងយុទ្ធសាស្ត្រ។ ឧ. ផែនការយុទ្ធសាស្ត្រ, ទំនាក់ទំនង, កម្មវិធីស្ថាបនា, យុទ្ធនាការជាក់លាក់ណាមួយ, ដែលក្រុមប្រឹក្សាដាច់ដោយឡែកនៃប្រតិភូនានា នីមួយៗអាចទទួលខុសត្រូវទៅលើធាតុផ្សំមួយ ធ្វើការដើម្បីសម្រេចឯកច្ឆន្ទសម្រាប់ធាតុផ្សំនោះនៅក្នុងសហព័ន្ធទាំងមូល។

បើសិនជាបើប្រាស់បណ្តាញដែលមានអ្នកសម្របសម្រួល ក្រុមនីមួយៗនៅក្នុងបណ្តាញនេះអាចធ្វើការទៅតាមធាតុផ្សំមួយឬច្រើន ស្របពេលនោះអ្នកសម្របសម្រួលបណ្តាញផ្តល់ព័ត៌មានអំពីការរីកចម្រើនរបស់ក្រុមនីមួយៗទៅកាន់ក្រុមនានាដទៃទៀត។  បើសិនជាគេប្រើប្រាស់វិធីបែប Demarchy គេត្រូវបង្កើតក្រុមច្រើន ក្រុមនីមួយៗទទួលខុសត្រូវធ្វើផែនការនិងចាត់ចែងធាតុផ្សំមួយនៃយុទ្ធសាស្ត្រ។ ជាការពិត គេអាចផ្គួបផ្សំវិធីទាំងនេះ (និងវិធីដទៃទៀត)។ សហព័ន្ធនិងបណ្តាញដែលមានប្រភេទផ្សេងៗមានស្រាប់ហើត និងនៅក្នុងករណីខ្លះបានតួនាទីនៅក្នុងការប៉ុនប៉ងប្រឆាំងនឹងការវាយប្រហារយោធាពីអតីតកាលរួចហើយ ប៉ុន្តែម៉ូដែលមានលក្ខណៈកាន់តែជឿនលឿន បូករួមនឹងការអនុវត្តប្រព័ន្ធ Demarchy នឹងបង្កើនសមត្ថភាពរបស់ក្រុមមូលដ្ឋានក្នុងការចាត់ចែងផែនការនិងអនុវត្តការការពារដោយអហិង្សាបានឆាប់រហ័សទៀតផង។

បទពិសោធប្រវតិ្តសាស្ត្រផ្តល់មេរៀនច្បាស់លាស់ជាច្រើនអំពីរបៀបរារាំងការយកឈ្នះចលនាការពារដោយអហិង្សា ដោយសម្លាប់ ‘មេដឹកនាំចលនា’។ ការការពារនេះទាមទារការប្តេជ្ញាប្រកាន់អហិង្សាដោយគ្មានមន្ទិល មានគោលបំណងយុទ្ធសាស្ត្រដែលត្រូវបានកំណត់ច្បាស់លាស់ និងមានផែនការយុទ្ធសាស្ត្រដែលត្រូវបានគេយល់ដឹងទូលំទូលាយ។ វាទាមទារការប្រុងប្រៀបទុកជាមុនសព្វគ្រប់និងប្រព័ន្ធទំនាក់ទំនងដែលមានប្រសិទ្ធភាព។ ជាចុងក្រោយ វាទាមទាររចនាសម្ពន្ធអង្គការ (ដែលមានលក្ខណៈវិមជ្ឈការ ដែលមានសមត្ថភាពបង្កើតយុទ្ធនាការនិងតាក់ទិចដែលពាក់ព័ន្ធនឹងប្រជាជននៅមូលដ្ឋាន) និងថ្នាក់ដឹកនាំដែលមានលក្ខណៈវិមជ្ឈការ។ ចំណុចចុងក្រោយនេះទាក់ទងនឹងការបណ្តុះសមត្ថភាពដឹកនាំឱ្យប្រជាជនកាន់តែច្រើនកាន់តែល្អនិងចែករំលែកមុខងារដឹកនាំឱ្យបានទូលំទូលាយ។ យោលតាម គន្ធី សត្យាគ្រហីឬអ្នកប្រតិបត្តិអហិង្សានីមួយៗគួរតែក្លាយជា ‘មេទ័ពនិងអ្នកដឹកនាំដោយខ្លួនឯង’។ ប្រការនេះមានសារៈសំខាន់ ត្បិតលទ្ធភាពដែលថា គូប្រជែងដែលគ្មានមេត្តាអាចបញ្ចូនកងទាហានមួយក្រុមទៅឃាត់ខ្លួន ធ្វើទារុណកម្ម, ដេញចេញពីប្រទេស, ឬក៏សម្លាប់មេដឹកនាំប្រជាជនតែម្តង។

ភាពជាអ្នកដឹកនាំល្អនៅក្នុងសកម្មភាពអហិង្សាទាមទារឱ្យប្រជាជនដែលមានការយល់ដឹងអំពីអំពើអហិង្សានិងមានប្តេជ្ញាគោរពតាមគោលការណ៍អហិង្សានេះ។ បន្ថែមពីលើសនេះ ភាពជាអ្នកដឹកនាំល្អទាមទារការរក្សាការចាត់ចែងក្រុមទៅតាមយុទ្ធសាស្ត្រដោយមានប្រសិទ្ធភាពនិងរក្សាបានសមត្ថភាពក្នុងរក្សាបន្តការផ្តើមគំនិតថ្មីៗ។ តើគេអាចសម្រេចចំណុចទាំងនេះដោយរបៀបណា?

ការចាត់ចែងក្រុមទៅតាមយុទ្ធសាស្ត្រទាមទារអ្នកដឹកនាំ៖

១. ដែលរក្សាបាននូវការផ្តោតអារម្មណ៍ទៅលើគោលបំណងយុទ្ធសាស្ត្រ ហើយបង្កើតយុទ្ធសាស្ត្រ ហើយមើលឃើញរយៈពេលវែង។

២. ដែលត្រួតពិនិត្យកម្រិតថាមពលសម្រាប់ចលនាប្រឆាំង បង្កើតគំនិតនិងភាពស្ទុះស្ទា នៅពេលចាំបាច់និងទាក់ទាញប្រជាជនឱ្យចូលរួមក្នុងការតស៊ូ។

៣. ដែលទាក់ទាញការចាប់អារម្មណ៍ទៅកាន់អារម្មណ៍របស់ប្រជាជន ហើយនិងគាស់កកាយទំនាស់ឱ្យគេបានឃើញ។

៤. ដែលរក្សាការតស៊ូបង្កប់នៅក្នុងតថភាពជាក់ស្តែងនិងជាអ្នកដែលកំណត់ភាពមានកម្រិតរបស់វា។

៥. ដែលរក្សាទំនាក់ទំនងរវាងអ្នករាល់គ្នាដោយសម្របសម្រួលការប្រាស្រ័យទាក់ទងនិងទំនាក់ទំនងការងារ។

 

ឆក់ឱកាសដឹកមុខគូប្រជែង

ការពិចារណានៅក្នុងយុទ្ធសាស្ត្រចាំបាច់មួយគឺរបៀបក្នុងការឆក់និងរក្សាឱកាស។ តាមទស្សនៈរបស់គន្ធី មេដឹកនាំល្អតែងតែជ្រើសរើសកាលៈទេសៈ‘ប្រយុទ្ធ’។ ត្រង់ប្រការនេះ ពួកគេតែងតែរក្សាឱកាសនិងមិនដែលបណ្តោយឱ្យវាធ្លាក់ក្នុងកណ្តាប់ដៃគូប្រជែងនោះទេ។ ប៉ុន្តែការរក្សាឱកាសដឹកមុខនៅក្នុងយុទ្ធសាស្ត្រមិនមែនជាកិច្ចការងាយស្រួលគ្មានភាពស្មុគស្មាញនោះទេ។ ឧ. នៅក្នុងកំលុងពេលយុទ្ធនាការធ្វើសកម្មភាពរឹងទទឹង នៅប្រទេសអាហ្រិកខាងត្បូង របបអាផារថេដប្រើប្រាស់ជនបង្កបញ៉ុះញ៉ុងឱ្យមានកុបកម្ម។ ជាលទ្ធផល ឱកាសដឹកមុខភាគីម្ខាងទៀតបានធ្លាក់ទៅខាងរដ្ឋាភិបាល។ ការរក្សាឱកាសដឹកមុខទាមទារឱ្យមានការវាយតម្លៃជាបន្តបន្ទាប់អំពីយុទ្ធសាស្ត្រការពារហើយនិងការជ្រើសរើសតាក់ទិចនានាដោយប្រុងប្រយត្ន។ ការពិចារណាអំពីចំណុចបួនយ៉ាងមានភាពចាំបាច់។

ទីមួយ ផែនការយុទ្ធសាស្ត្រគួររាប់បញ្ចូលតែតាក់ទិចណាដែលរចនាឡើងដើម្បីសម្រេចគោលដៅយុទ្ធសាស្ត្រ។ ការការពារមិនគួរតែឆ្លើយតបជាស្វ័យប្រវត្តិ ដោយធ្វើការប្រឆាំងទៅនឹងគោលបំណងជាក់លាក់នានារបស់គូប្រជែង។ ឧ. ឆ្លើយតបនឹងការបង្ក្រាប (រួមមានការហាមឃាត់សកម្មភាពនយោបាយសាធារណៈ) ដៅទៅលើគូប្រជែងនឹងរបបផ្តាច់ការនៅប្រទេសអ៊ូរូហ្គាយ (Uruguay) នៅឆ្នាំ១៩៨៣ សកម្មជនរៀបចំនៅការតវ៉ានៅតាមផ្លូវ។ ការតវ៉ានេះត្រូវបានបង្ក្រាបយ៉ាងឃោរឃៅ។ ដោយបារម្ភថា ការតវ៉ាតាមផ្លូវម្តងទៀតអាចសម្រេចបានត្រឹមតែការចូលរួមមានកម្រិតប៉ុណ្ណោះ ប៉ុន្តែបានដើរយុទ្ធសាស្ត្រយោធាបំភ័យប្រជាជនទាំងមូល[របស់របបផ្តាច់ការ] ក្រុមដែលរៀបចំដឹកនាំការតវ៉ា ឈ្មោះថា សេវាកម្មដើម្បីសន្តិភាពនិងយុត្តិធម៌ (Servicio Paz y Justicia: Service for Peace and Justice) បានរក្សាបានការដឹកមុខគូប្រជែងដោយរៀបចំអនុវត្តតាក់ទិចដែលទំនងជាបន្ថែមកម្លាំងឱ្យឆន្ទៈនិងអំណាចនៃចលនាប្រឆាំង។ តាក់ទិចនោះគឺការធ្វើកូដកម្មបង្អត់អាហារខ្លួនឯង ដែលធ្វើឡើងដោយបព្វជិតពីររូបនិងចៅអាធិការព្រះវិហារមួយរូប បន្ទាប់មកបិទបញ្ចប់ដោយការអំពាវនាវឱ្យប្រជាជនចូលរួម ‘ការជញ្ជឹងគិតថ្នាក់ជាតិក្នុងរយៈពេលមួយម៉ោង’ [7:00-8:00PM] បិទភ្លើងផ្ទះរបស់ពួកដើម្បីធ្វើបាតុកម្មដោយស្ងៀមស្ងាត់។ នៅវេលាដែលបានគ្រោងទុក ទីក្រុងទាំងមូលបានប្រែក្លាយជាងងឹត។ ដើម្បីរក្សាការដឹកមុខ គេត្រូវរក្សាការផ្តោតលើគោលបំណងយុទ្ធសាស្ត្រឱ្យបានច្បាស់លាស់ ហើយគេប្រឆាំងនឹងភាពឆេវឆាវចង់ឆ្លើយតបដោយខ្លួនឯង ទៅកាន់ការញុះញង់បន្តបន្ទាប់របស់ឥស្សរជនដែលជាគូប្រជែង។

ទីពីរ រក្សាឱកាសដឹកមុខទាមទារការចាត់ចែងក្រុមទៅតាមយុទ្ធសាស្ត្រ (ពន្យល់ខាងលើ)។ ចំណុចរួមមានសមត្ថភាពក្នុងរក្សាវិន័យអហិង្សានិងក្នុងការជួយរំលែកការខូចខាតនៅក្នុងកំលុងពេលនៃការតស៊ូ។ បន្ថែមពីលើការពិចារណាដែលបរិយាយរួចពីខាងដើម ប្រការនេះទាមទារការប្រើប្រាស់ ‘ឥទ្ធិពលនៃការបញ្ចូនតគ្នា’៖ នៅពេលគេដាក់សម្ពាធលើសលុប ប្រឆាំងផ្នែកមួយនៃចលនាតវ៉ា ដែលទទួលខុសត្រូវបំពេញមុខងារណាមួយ, ក្រុមមួយឬច្រើនទៀតអាចចូលមកកាន់មុខងារនោះបន្ត។ ធ្វើរបៀបនេះ សកម្មភាពសំខាន់ៗនៅតែអាចបន្តបាន ដោយគ្មានការរំខានលើសលុបនោះ ពីព្រោះមុខងារទាំងនោះត្រូវបានបំពេញដោយក្រុមអាចធ្វើបានល្អបំផុតក្នុងធ្វើការងារនោះក្នុងពេលវេលាជាក់លាក់ណាមួយ។ ឧ. នៅក្នុងកំលុងពេលចលនានៅឆេកូស្លូវ៉ាគីប្រឆាំងទៅនឹងការឈ្លានពាន ក្រោមលេសអនុវត្តសិទ្ធិសញ្ញា Warsaw Pact  ពីសហភាពសូវៀតនៅឆ្នាំ១៩៦៨ ការផ្សព្វផ្សាយបន្តគ្នាដោយប្រភេទផ្សេងៗនៃបណ្តាញសារព័ត៌មានត្រូវបានប្រើប្រាស់ ដើម្បីបញ្ចូនពត៌មានទាក់ទងនឹងចលនាប្រឆាំង។ នៅពេលដែលកាសែតត្រូវបានគេដកខ្លឹមសារណាដែលមានលក្ខណៈប្រឆាំងចេញ ខ្សែភាពយន្តបែបព័ត៌មានខ្លី, រោងកុន និងទស្សនវដ្តីកំប្លែងត្រូវបានគេប្រើ។ នៅពេលដែលមធ្យោបាយទាំងនេះត្រូវបានគេរិតត្បិតទៀត ខិត្តបណ្ណនិងសំបុត្រថតចម្លងផ្ញើបន្តគ្នា ត្រូវបានគេប្រើប្រាស់ដើម្បីបន្ធូរសម្ពាធពីបណ្តាញផ្សព្វផ្សាយផ្សេងទៀត។ ដោយអនុវត្តវិន័យនិងការគ្រប់គ្រងខ្លួនឯង ចាំបាច់សម្រាប់ប្រើប្រាស់ឥទ្ធិពលនៃការបញ្ចូនតគ្នា ចលនាប្រឆាំងអាចបង្កើនភាពជាប់លាប់របស់ខ្លួននិងបញ្ចៀសការបណ្តោយឱ្យមុខងារសំខាន់ៗត្រូវបានគេកាត់ផ្តាច់និងបំផ្លាញ។ ការរក្សាឱកាសដឹកមុខ ការចាត់ចែងក្រុមទៅតាមយុទ្ធសាស្ត្រមានភាពចាំបាច់។

ទីបី ការរក្សាការដឹកមុខទាមទារឱ្យភាពបត់បែននៃយុទ្ធសាស្ត្រ។ គេអាចបាត់បង់លក្ខណៈបត់បែននេះ ដោយសារហេតុផលមួយចំនួន រួមមានការផ្សារភ្ជាប់[ចលនា]ទៅនឹងនិមិត្តសញ្ញាឬនិមិត្តរូប។ នៅក្នុងការការពារដោយអហិង្សា និមិត្តរូបមានសារៈសំខាន់ ដរាបណាវាតំណាងឱ្យគុណតម្លៃនិងបទដ្ឋានដែលមានសារៈសំខាន់ដែរ។ វាផ្តល់ចំណុចរួមមួយ ដែលក្រើនរំឭកឱ្យអ្នកការពារថាអ្វីដែលអ្នកត្រូវការពារនិងមូលហេតុរបស់វា។ ប៉ុន្តែសំខាន់ គេត្រូវតោងចងចាំថា មិនមែននិមិត្តរូបខ្លួនវាទេដែលគេត្រូវការពារ។ តាមនិយមន័យ និមិត្តរូបតំណាងអ្វីមួយផ្សេង។ យោលតាមហេតុផលនេះ សកម្មជនមិនគួរបណ្តោយខ្លួនឱ្យងាប់ងុលនឹងនិមិត្តរូបជាក់លាក់ណាមួយទេ ទោះបីជាវាហាក់ដូចជាសំខាន់ប៉ុន្មានក៏ដោយ។ បើពួកគេធ្វើដូច្នេះ ចលនានឹងបាត់បង់ភាពបត់បែននៃយុទ្ធសាស្ត្ររបស់ខ្លួន។ ឧ. មានភស្តុតាងជាក់ស្តែងដែលបង្ហាញថាទីលានធៀនណានមឹន ដែលមានរូបសំណាកមួយ ឈ្មោះថា ‘ទេពធីតាប្រជាធិបតេយ្យ’ បានក្លាយជានិមិត្តរូបក្នុងការកៀងគរប្រជាជននៅយុទ្ធសាស្ត្ររបស់ចលនាប្រជាធិបតេយ្យនៅប្រទេសចិននាឆ្នាំ១៩៨៩។ ទោះមានផលប្រយោជន៍ផ្នែកយុទ្ធសាស្ត្រនៅក្នុងផ្លាស់ប្តូរទីតាំងធ្វើការតស៊ូ ទីលាននោះឯងទទួលបានឥទ្ធិពលមេដែកឆក់ជាប់សកម្មជនទាំងនោះ។ ចំណុចនេះបង្ហាញរូបភាពកាន់ច្បាស់តាមរយៈពាក្យសម្បថ ដែលធ្វើឡើងដោយនិស្សិតរាប់ពាន់នាក់នៅប៉ុន្មានម៉ោងមុនការសម្លាប់រង្គាល ‘ការពារទីលានធៀនណានមឹនដោយពលីជីវិតយុវវ័យរបស់ខ្ញុំ។’ ទីលានជាជាងអ្វីដែលទីលាននោះតំណាង បានក្លាយជាចំណុចផ្តោតខ្លាំងរបស់ចលនាតស៊ូ។ សំខាន់ជាងនេះទៀត ចលនាបានបរាជ័យក្នុងការរក្សាភាពខុសគ្នាដ៏សំខាន់រវាងគោលបំណងនយោបាយ (ប្រជាធិបតេយ្យ) និងនិមិត្តរបស់វា (រួមមានទីលានធៀនណានមឹន) បើមើលមួយផ្នែក ហើយនិងគោលបំណងនយោបាយនិងគោលបំណងឬគោលដៅយុទ្ធសាស្ត្រ បើមើលមួយផ្នែកទៀត។ នៅក្នុងន័យយុទ្ធសាស្ត្រ ទីលាន ដូចនិមិត្តរូបណាមួយ មានសារៈសំខាន់លុះត្រាតែគេអាចប្រើប្រាស់វា ដើម្បីកៀងគរក្រុមសង្គមណាមួយ (និស្សិត, កម្មករ, និងបញ្ញវន្ត) ឱ្យគាំទ្រការចលនាតស៊ូទាមទារលទ្ធិប្រជាធិបតេយ្យ នៅក្នុងរបៀបយុទ្ធសាស្ត្រមួយដែលគេផ្តោតការយកចិត្តទុកដាក់លើ ការកាន់កាប់ទីលាននោះគ្មានអ្វីពាក់ព័ន្ធទៅក្នុងន័យយុទ្ធសាស្ត្រនោះទេ។ ស្រដៀងគ្នាដែរ នៅកំលុងពេលរដ្ឋប្រហារនៅប្រទេសសូវៀតនាឆ្នាំ១៩៩១ សេតវិមានរុស្ស៊ីមានសារៈសំខាន់នៅក្នុងយុទ្ធសាស្ត្រ ដរាបណាវាគឺជានិមិត្តរូបសក្តិសមសម្រាប់កៀងគរបុគ្គលនិងក្រុមនានាក្នុងប្រឆាំងនឹងរដ្ឋប្រហារ។ ការត្រួតត្រាអាគារនោះគ្មានអ្វីពាក់ព័ន្ធនៅក្នុងយុទ្ធសាស្ត្រនោះទេ លើកលែងតែមានជំនឿខុសអំពីសារៈសំខាន់ក្នុងការកាន់កាប់អាគារនោះថា ការបាត់បង់អាគារមានឥទ្ធិពលបញ្ច្រាសវិញទៅលើឆន្ទៈនិងអំណាចរបស់អ្នកតស៊ូ ឱ្យលែងប្រឆាំង។ ពោលដោយសង្ខេប វាមានសារៈសំខាន់ដែលអ្នកតវ៉ាមិនលង់ស៊ប់នៅក្នុងនិមិត្តរូបណាមួយ ហើយដូចដែលបានកត់សម្គាល់ពីខាងដើម គេអាចជ្រើសរើសយកប្រភេទនៃនិមិត្តរូបដែលកាត់បន្ថយហានិភ័យនេះ។ ជំនឿទៅលើសារៈសំខាន់នៃនិមិត្តរូបជាក់លាក់ណាមួយ (ខុសអ្វីដែលនិមិត្តរូបនោះតំណាង) អាចនាំទៅរកលទ្ធផលដែលមិនជាទីចង់បានចំនួន ៣៖ ១. វាដឹកសកម្មជនឱ្យទៅការពារកន្លែងដែលគ្មានអ្វីពាក់ព័ន្ធនឹងយុទ្ធសាស្ត្រ។ ២. វាបង្កការលំបាកដល់ការផ្លាស់ប្តូរចំណុចផ្តោតចម្បងរបស់ចលនាប្រឆាំង ប្រសិនបើការផ្លាស់ប្តូរនោះត្រូវបានគេចាត់ទុកក្នុងន័យអវិជ្ជមានថាជាការដកថយ។ ៣. វាអាចនាំសកម្មជនឱ្យជឿថា ពួកគេបរាជ័យបើ ‘បាត់បង់’ និមិត្តរូប។ លទ្ធផលនីមួយទាំងបីនេះ និងជាពិសេសគឺចំណុចចុងក្រោយ  អាចកាត់បន្ថយឆន្ទៈនិងអំណាចក្នុងការប្រឆាំង យ៉ាងហោចណាស់ក៏ក្នុងរយៈពេលខ្លីដែរ ដូចជា ដំណើរថយក្រោយរបស់ចលនាតស៊ូទាមទារប្រជាធិបតេយ្យចិននៅឆ្នាំ១៩៨៩ ដូចដែលបានបំភ្លឺច្បាស់។ បើគេចង់រក្សាការដឹកមុខ ភាពបត់បែននៅក្នុងយុទ្ធសាស្ត្រមានភាពចាំបាច់។

ទីបួន រក្សាឱកាសដឹកមុខនៅក្នុងយុទ្ធសាស្ត្រទាមទារការវាយតម្លៃបន្តបន្ទាប់អំពីស្ថានភាពនយោបាយដើម្បីអាចវាស់ស្ទង់តាក់ទិចជាក់លាក់នានាដែលសក្តិសមនឹងប្រើប្រាស់។ ឧ. ក្នុងស្ថានភាពដែលពោរពេញដោយការបង្ក្រាបតឹងរ៉ឹង ឬក៏នៅក្នុងបរិយាកាសដែលកំពុងកញ្ជ្រោលនៅរយៈកាលបណ្តោះអាសន្ត តាក់ទិចដែលពាក់ព័ន្ធនឹងការប្រឈមផ្ទាល់នឹងឥស្សរជនដែលជាគូប្រជែងនឹងបង្កើនហានិភ័យដែលពួកគេនឹងជ្រើសយកការប្រើប្រាស់អំពើហិង្សាឃោរឃៅ ដែលធ្វើឱ្យទាហានរបស់ពួកគេមានលក្ខណៈកាចសាហាវ ហើយអាចបង្កគ្រោះថ្នាក់ដល់ចិរភាពរបស់ចលនាទៀតផង។ នៅក្នុងស្ថានភាពនេះ តាក់ទិចផ្សេងពីការប្រឈមផ្ទាល់ ដែលទំនងជាតាក់ទិចដែលពាក់ព័ន្ធនឹងការពង្រាយគ្នាពាសពេញច្រើនកន្លែង គួរតែត្រូវបានអនុវត្ត។ ដើម្បីរក្សាឱកាសដឹកមុខ ចលនាត្រូវតែរក្សាការផ្តោតលើគោលបំណងយុទ្ធសាស្ត្រ ត្រូវប្រើប្រាស់ការចាត់ចែងក្រុមនិងភាពបត់បែននៃយុទ្ធសាស្ត្រ ហើយត្រូវបន្តវាយតម្លៃស្ថានភាពនយោបាយឥតឈប់ឈរ។

ដោយឡែកពីមុខងារទាំងអស់ដែលបានកត់សម្គាល់ខាងលើ ថ្នាក់អ្នកដឹកនាំក៏ត្រូវត្រួតពិនិត្យសមត្ថភាពរបស់ខ្លួនក្នុងការបំពេញមុខងារនីមួយទាំងនេះ ហើយ នៅក្នុងដំណាក់កាលដំបួង ក៏ត្រូវសម្របសម្រួលឱ្យការជជែកដេញដោលអំពីយុទ្ធសាស្ត្រផងដែរ។ ដោយស្នើក្រុមក្នុងស្រុកកំណត់និងពិចារណាអំពីគុណសម្បត្តិនៃយុទ្ធសាស្ត្រផ្សេងៗ ព្រមទាំងតម្រូវការនានាដែលធ្វើឱ្យយុទ្ធសាស្ត្រនោះជោគជ័យ ថ្នាក់ដឹកនាំត្រូវសម្របសម្រួលឱ្យមានការបង្កើតយុទ្ធសាស្ត្ររួមនិងទូលំទូលាយមួយ ហើយនិងការប្តេជ្ញាដែលទាមទារជាចាំបាច់ដើម្បីអនុវត្តវាផង។

 

ប្រភពឯកសារ: https://nonviolentliberationstrategy.wordpress.com/strategywheel/leadership/

Advertisements