ការ​កំណត់​បញ្ញត្តិ​ ‘អហិង្សា’

មានប្រភេទជាច្រើននៃអំពើអហិង្សា។ គន្ធី បែងចែកភាពខុសគ្នារវាងអ្នកអនុវត្តអំពើអហិង្សាក្នុងន័យជាគោលការណ៍ជំនឿនិងអ្នកដែលប្រើប្រាស់វាជាគោលនយោបាយ។ អ្នកនិពន្ធថ្មីៗបែងចែកភាពខុសគ្នានេះក្នុងរបៀបផ្សេងៗទៀត។ ជាញឹកញាប់ ភាពខុសគ្នាត្រូវបានបង្កើតឡើងរវាងអ្នកអនុវត្តអំពើអហិង្សាក្នុងរបៀបជា ‘គោលការណ៍’ ហើយនិងអ្នកដែលប្រើប្រាស់វាក្នុងរបៀបជា ‘ការអនុវត្ត’ ជាក់ស្តែង។ និយាយឱ្យចំ ទស្សនវិស័យ អហិង្សាគោលការណ៍និងអហិង្សាអនុវត្តន៍ ត្រូវបានប្រើប្រាស់ដើម្បីចង្អុលបង្ហាញពីប្រភេទនៃការប្តេជ្ញាចំពោះការប្រើប្រាស់អំពើអហិង្សានិងចំពោះការពិត ព្រមទាំងរបៀបមើលទៅកាន់ទំនាស់ ដែលសកម្មជនប្រើប្រាស់ រួមមានសារៈសំខាន់ភ្ជាប់នឹងទំនាក់ទំនងរវាងមធ្យោបាយនិងគោលដៅ ហើយនិងអាកប្បកិរិយាទៅកាន់គូប្រជែង។

 

ដោយឡែកពីការបែងចែកភាពខុសគ្នាខាងលើ គេអាចកត់សម្គាល់ទស្សនវិស័យមួយបែបទៀត។ ទស្សនវិស័យអហិង្សាកំណែទម្រង់និងអហិង្សាបដិវត្តន៍ត្រូវបានប្រើប្រាស់ដើម្បីចង្អុលបង្ហាញពីប្រភេទនៃការវិភាគ, គោលបំណងផ្តាច់ព្រ័ត្រនិងគម្រោងពេលវេលាប្រតិបត្តិការ ដែលសកម្មជនប្រើប្រាស់។ អ្នកប្រកាន់យកអហិង្សាអនុវត្តន៍ជឿថា  អំពើអហិង្សាគឺជាវិធីមានប្រសិទ្ធភាពបំផុតដែលអាចរកបាននៅក្នុងស្ថានភាពរបស់ពួកគេ។ ពួកគេមើលទៅកាន់ទំនាស់ឬវិវាទក្នុងរបៀបជាទំនាក់ទំនងមួយរវាងវិវាទករឬភាគីក្នុងទំនាស់ ដែលមានផលប្រយោជន៍ផ្ទុយគ្នា។ គោលដៅរបស់ពួកគេគឺយកឈ្នះគូប្រជែងរបស់ខ្លួន។ ចំណែកអ្នកប្រកាន់យកអហិង្សាគោលការណ៍វិញ ជ្រើសយកអំពើអហិង្សាប្រភេទនេះ ដោយសំអាងលើហេតុផលសីលធម៌។ ពួកគេជឿលើការនិយាយការពិត ព្រមទាំងឯកភាពរវាងមធ្យោបាយនិងគោលដៅ។ ពួកគេមើលទៅកាន់គូប្រជែងក្នុងនាមជាដៃគូនៅក្នុងការតស៊ូដើម្បីបំពេញតម្រូវការសម្រាប់ទាំងអស់គ្នា។ កាន់តែចាំបាច់ជាងនេះ ពួកគេមើលទៅកាន់អំពើអហិង្សាជារបៀបរស់នៅ។

 

អ្នកប្រកាន់យកអហិង្សាកំណែទម្រង់ដើរទៅតាមការវិភាគដែលកត់សម្គាល់គោលនយោបាយជាក់លាក់ណាមួយរបស់ឥស្សរជន ជាមូលហេតុនៃបញ្ហាសង្គម។ ពួកគេប្រើប្រាស់យុទ្ធនាការរយៈពេលខ្លីឬមធ្យម ដើម្បីផ្លាស់ប្តូរគោលនយោបាយទាំងនេះ នៅក្នុងគម្រោងសង្គមដែលមានស្រាប់។ គោលបំណងរបស់ពួកគេគឺកំណែទម្រង់។ អ្នកប្រកាន់យកអហិង្សាបដិវត្តន៍វិញដឹកនាំដោយការវិភាគទៅតាមរចនាសម្ពន្ធអំពីទំនាក់ទំនងនយោបាយនិងសេដ្ឋកិច្ច ហើយពួកគេជឿថាវាត្រូវការផ្លាស់ប្តូររចនាសម្ពន្ធមូលដ្ឋានតែម្តង។ យុទ្ធនាការជាក់លាក់ណាមួយ (ដែលអាចមានគម្រោងរយៈពេលខ្លីឬមធ្យម) ត្រូវបានធ្វើឡើងនៅក្នុងបរិបទនៃយុទ្ធសាស្ត្របដិវត្តន៍រយៈពេលវែង។

 

ពោលដោយសង្ខេប លក្ខណវិនិច្ឆ័យដែលយោលទៅតាមទស្សនវិស័យចំពោះអំពើអហិង្សាទាំងពីរនេះត្រូវបានរៀបនៅក្នុងតារាងដូចខាងក្រោម។

rjb-nvdiag-matrixcriteria-am-kh-ver

ដោយយោងទៅតាមជំហររបស់ពួកគេ ភ្ជាប់ជាមួយទំនាក់ទំនងនឹងលក្ខណវិនិច្ឆ័យរៀបនៅក្នុងតារាង គេអាចកំណត់ការតម្រង់ទិសរបស់សកម្មជននីមួយៗនិងយុទ្ធនាការជាក់លាក់ណាមួយទៅបាន ហើយដាក់ពួកគេនៅក្នុងការបែងចែកប្រភេទនានានៃអំពើអហិង្សាខាងលើ។ ឧ. យុទ្ធនាការការពារបរិស្ថាននិងការប្រឆាំងនឹងអាវុធនុយក្លែអ៊ែរភាគច្រើន ដូចជា យុទ្ធនាការដែលពាក់ព័ន្ធនឹងសកម្មភាពរបស់សកម្មជនតវ៉ាអំពីបញ្ហាអាកាសធាតុ ចូលទៅក្នុងប្រភេទ «អហិង្សាអនុវត្តបែបកំណែទម្រង់»។ យុទ្ធនាការភាគច្រើនដែលមានទស្សនវិស័យសាសនា (ដូចជា យុទ្ធនាការពហិការមិនជិះឡានក្រុងនៅរដ្ឋធានីម៉ុង្តហ្គោមើរី [នៃរដ្ឋអាឡាបាម៉ា] ដឹកនាំដោយគ្រូបង្រៀនសាសនាអាមេរិកាំង លោក មារទីន លូធើរ ឃីង ជូនៀរ) គឺជាឧទាហរណ៍នៃប្រភេទអហិង្សាគោលការណ៍បែបកំណែទម្រង់។ ចលនា Intifadas នៅប៉ាឡេស្ទីនប្រឆាំងនឹងការឈ្លានពានរបស់អ៊ីស្រាអែល, បដិវត្តន៍ពណ៌និងនិទាឃរដូវអារ៉ាប់គឺជាឧទាហរណ៍សម្រាប់ប្រភេទអហិង្សាអនុវត្តន៍បែបបដិវត្តន៍។ យុទ្ធនាការរបស់មហាត្មាគន្ធីជាច្រើន (រួមមាន សត្យាគ្រហអំបិលឬសកម្មភាពច្រោះយកអំបិលដោយខ្លួនឯងរបស់ជនជាតិឥណ្ឌាប្រឆាំងនឹងច្បាប់អំបិលអង្លេស ដឹកនាំដោយ គន្ធី) ច្បាស់ណាស់គឺជាប្រភេទអហិង្សាគោលការណ៍បែបបដិវត្តន៍។

 

ជាក់ស្តែងណាស់ ប្រភេទនៃអំពើអហិង្សាទាំងនេះមានលក្ខណៈពណ៌នាទូទៅជាជាងមានលក្ខណៈកំណត់ដាច់ស្រេច ពីព្រោះបុគ្គលឬយុទ្ធនាការនានាទំនងជាចាប់យកបែបបទជាក់លាក់ណាមួយ ប៉ុន្តែបែរជាប្រើប្រាស់លក្ខណៈទាំងឡាយដែលជាធម្មតាពាក់ព័ន្ធនឹងបែបបទផ្សេងមួយទៀតទៅវិញ។ ការប្តេជ្ញារបស់សកម្មជននីមួយៗនិងប្រភេទនៃយុទ្ធនាការជាក់លាក់ណាមួយគេអាចគូរបង្ហាញតាមហ្គ្រាហ្វីក យោលទៅតាមកម្រិតខ្លាំងនៃជំហររបស់ពួកគេដោយធៀបនឹងលក្ខណវិនិច្ឆ័យនីមួយៗ គេកត់សម្គាល់នៅក្នុងតារាងម៉ាទ្រីសខាងក្រោយ (ម៉ាទ្រីស: ការរៀបនិមិត្តរូប, លេខ, ឬពាក្យ ទៅតាមបន្ទាត់ឈរឬដេក ដើម្បីងាយគណនាឬពន្យល់)។ គេអាចដាក់ឧទាហរណ៍នៃយុទ្ធនាការបានទៅតាមចតុភាគនៅលើបន្ទាត់ម៉ាទ្រីស នៅជិតឬឆ្ងាយពីអ័ក្សជាក់លាក់ណាមួយ ហើយនៅគម្លាតផ្សេងៗគ្នាពីគល់ o។

អាស្រ័យហេតុនេះហើយ យោលតាមការកំណត់បញ្ញត្តិអហិង្សាផ្សេងៗដែលមានទាំងប៉ុន្មាន ផែនការយុទ្ធសាស្ត្ររបស់អ្នកគួរតែ

១. កំណត់បញ្ញត្តិអហិង្សាណាមួយដែលយុទ្ធនាការរបស់អ្នកនឹងប្រើប្រាស់។

២. កំណត់របៀបជាក់លាក់នានាដែលក្នុងនោះការបេ្តជ្ញាអនុវត្តអំពើអហិង្សារបស់អ្នកនឹងបើកចំហឱ្យគ្រប់ភាគីបានដឹង [រួមទាំងគូប្រជែងរបស់អ្នក] ដើម្បីឱ្យផលប្រយោជន៍បានមកពីការជ្រើសយកយុទ្ធសាស្ត្រអហិង្សា កើនឡើង។

៣. កំណត់របៀបដែលតម្រូវការកម្រិតនៃវិន័យ ដើម្បីអនុវត្តយុទ្ធសាស្ត្រអហិង្សារបស់អ្នក នឹងត្រូវបានបង្កើតឡើង។ ចំណូចនេះក៏រួមមានការកំណត់ ‘កិច្ចព្រមព្រៀងសកម្មភាព’ (ក្រមវិន័យអហិង្សា) ដែលនឹងនាំផ្លូវដល់ការប្រពឹត្តរបស់សកម្មជន។ ការបង្កើតជម្រើសយុទ្ធសាស្ត្រដែលមានផែនការអំពីការកំណត់យកបញ្ញត្តិអហិង្សាណាមួយដែលនឹងគាំទ្រឱ្យយុទ្ធសាស្ត្ររបស់អ្នក។ បើសិនអ្នកមានចេតនាប្រើប្រាស់គម្រោងយុទ្ធសាស្ត្ររាយដោយសង្ខេបនៅទីនេះ មានសារៈសំខាន់ណាស់ដែលអ្នកគួរដឹងថា គម្រោងការនេះផ្អែកលើការកំណត់បញ្ញត្តិអហិង្សាទៅតាម គន្ធី (អហិង្សាគោលការណ៍បែបបដិវត្តន៍) ដែលត្រូវបានបង្ហាញជារូបភាពដូចខាងក្រោម។ យ៉ាងណាក៏ដោយ ប្រការនេះពុំបានន័យថា បុគ្គលម្នាក់ៗចូលរួមនៅក្នុងយុទ្ធសាស្ត្រឬយុទ្ធនាការរបស់អ្នក ត្រូវតែរក្សាការប្តេជ្ញាចំពោះអំពើហិង្សាបែបគោលការណ៍ដូចគន្ធីនោះទេ។ ពួកគេទំនងជាចូលរួម ក្រោមហេតុផលសាមញ្ញមួយដែលថា វាមានសារប្រយោជន៍ចំពោះពួកគេក្នុងការធ្វើដូច្នេះប៉ុណ្ណោះ។ ចំណុចនេះមិនមែនជាបញ្ហានោះទេ ដរាបណាពួកគេនៅតែសុខចិត្តបេ្តជ្ញាអនុវត្តក្រមវិន័យអហិង្សា។

rjb-nvdiag-matrix-kh

ម៉ាទ្រីសនៃអំពើអហិង្សា (The Matrix of Nonviolence) បង្ហាញភាពខុសៗគ្នាក្នុងទម្រង់ជាក្រាហ្វីក ពន្លេចពីភាពខុសគ្នានានារវាងបញ្ញត្តិអហិង្សារបស់គន្ធីនិងអ្នកដទៃទៀត។

 

*យុទ្ធនាការទន្លេហ្វ្រេនខ្លីន មានគោលបំណងអភិរក្សជីវៈចម្រុះប្រឆាំងនឹងការសាងសង់ទំនប់វារីអគ្គិសនីនៅទន្លេហ្វ្រេនខ្លីនននៃប្រទេសអូស្រ្តាលី។

ប្រភពឯកសារ: https://nonviolentliberationstrategy.wordpress.com/strategywheel/conception-of-nonviolence/

 

Advertisements