ទ្រឹស្តី​ អំណាច​កើត​ពី​ការ​យល់​ព្រម​ធ្វើ​តាម​ ដែល​ត្រូវ​បាន​កែ​លម្អ​

ដោយ រ៉ូបឺត ជេមស៍ ប៊ើររ៉ូស៍

ទ្រឹស្តី អំណាចកើតពីការយល់ព្រមធ្វើតាម  ត្រូវបានលើកឡើងដំបូងដោយទស្សនវិទូបារាំងនៅសតវត្សរទី១៦ ឈ្មោះ  Etienne de La Boétie ដែលចែងថា ឥស្សរជននយោបាយអាស្រ័យលើការគោរពតាមនិងការសហការពីប្រជាពលរដ្ឋសាមញ្ញនិងជាពិសេស ការប្រព្រឹត្តតាមរបស់ក្រុមអ្នកជំនាញគន្លឹះមួយចំនួន (ដូចជា ពាណិជ្ជករជំនាញ, ឈ្មួញ, អ្នករដ្ឋបាល, នគរបាល និងយោធា)។ យោលតាមទ្រឹស្តីនេះ ប្រជាជនគោរពតាមឥស្សរជនដោយសារហេតុផលផ្សេងៗមួយចំនួន ជាពិសេស រួមមាន ភាពភ័យខ្លាចរងការដាក់ទណ្ឌកម្ម, ប៉ុន្តែអ្នកនិពន្ធដទៃទៀតបានបន្ថែមហេតុផលដទៃជាច្រើនដែរ ដូចជា ទម្លាប់, សេចក្តីគោរពចំពោះអាជ្ញាធរ, កាតព្វកិច្ចសីលធម៌, ផលប្រយោជន៍ផ្ទាល់ខ្លួន, កត្តាផ្លូវចិត្តទោរទៅរកឥស្សរជន, ភាពមិនខុសគ្នា, អវិជ្ជា, និង ភាពគ្មានអំណាច។

ទោះបីយ៉ាងណាក៏ដោយ វាក៏មិនសាមញ្ញដល់ថ្នាក់ដែរ។ La Boétie ក៏បានអះអាងដែលថា ការយល់ព្រមធ្វើតាមត្រូវបានគេចាក់បញ្ចូល។ ឥស្សរជនប្រើឧបករណ៍ផ្សេងៗ ដូចជា មនោគមវិជ្ជា, ការចែកចាយផលប្រយោជន៍សម្ភារៈដោយរើសអើង ជ្រើសរើសឱ្យតែក្រុមណាដែលគាំទ្រខ្លួន, និងការបង្វែងការចាប់អារម្មណ៍ ដូចជា កីឡានិងការកំសាន្ត ដើម្បីចាក់បញ្ចូលការគោរពតាមអ្នកមានអំណាច។ លើសពីនេះ La Boétie ក៏បានអះអាងដែរថា ឥស្សរជនបង្កើតឋានានុក្រមយសសក្តិឬឯកសិទ្ធិ ដើម្បីទាក់ទាញអ្នកគាំទ្រចម្បងនានា រួមមាន បញ្ញវន្ត ពីមជ្ឈដ្ឋានប្រជាជនទាំមូល។ ជាលទ្ធផល ប្រជាជនភាគច្រើនខ្វះអង្គការដឹកនាំដើម្បីប្រឆាំង [នឹងឥស្សរជន] ពួកគេជាប់ឃុំនៅក្នុងអង្គការដឹកនាំដែលត្រួតត្រាដោយអ្នកដទៃ។

យោលតាមទ្រឹស្តី អំណាចកើតចេញពីការយល់ព្រមធ្វើតាម អំណាចរបស់ឥស្សរជនផ្អែកលើកម្រិតដែលការគោរពតាមនិងការសហការផ្តល់ឱ្យដោយអ្នកដែលឋិតនៅក្រោមការត្រួតត្រានោះ។ យ៉ាងណាក៏ដោយ ការគោរពតាមនិងការសហការនេះមិនមែនមិនអាចចៀសនោះទេ។ ទោះមានគ្រឿងលើកទឹកចិត្តព្រមទាំងការគំរាមកំហែងប្រើទណ្ឌកម្មក៏ដោយ ក៏ការសហការនៅតែជាជម្រើសនិងអាចត្រូវបាន [ប្រជាជន]ដកហូតវិញ។

គោលបំណងនៃសកម្មភាពអហិង្សាគឺដើម្បីកៀងគរអ្នកដែលមានឆន្ទៈ បដិសេធមិនសហការនឹងអំពើអយុត្តធម៌, ការកេងយកប្រយោជន៍, និងអំពើហិង្សា និងដើម្បីចងក្រងពួកគេជាក្រុម ដើម្បីប្រឆាំងរួមគ្នា ផ្តោតទៅតាមយុទ្ធសាស្ត្រ។ យើងនឹងបង្ហាញតាមរយៈដ្យាក្រាមដូចខាងក្រោម អំពីការប្រឆាំងដោយអហិង្សា ដែលយកទ្រឹស្តី អំណាចកើតពីការយល់ព្រមធ្វើតាម មកអនវុត្ត។

consent-theory-of-power-figure-1-kh

ទោះបីយ៉ាងណា តាំងពីសម័យ La Boétie មកម្ល៉េះ ទ្រឹស្តី អំណាចកើតចេញពីការយល់ព្រមធ្វើតាម រងការរិះគន់ជាច្រើន។ អ្នកនិពន្ធមួយចំនួនបានទិតៀនថា ទ្រឹស្តីនេះមិនគ្រប់ជ្រុងជ្រោយ។ នេះក៏ព្រោះមានស្ថានភាពជាច្រើនដែលក្នុងនោះឥស្សរជនមិនមែនអាស្រ័យទៅលើការសហការរបស់ប្រជាជនដែលពួកគេត្រួតត្រានោះទេ។ ជាការពិត គេអាចប្រើប្រាស់អំណាចទៅលើប្រជាជនដោយប្រើប្រាស់មធ្យោបាយផ្គូបផ្សំជាច្រើន រួមមាន ការជំនួយការពីប្រជាជនដែលមិនឋិតក្រោមការត្រួតត្រា, ភ្នាក់ងារដែលស្មោះត្រង់នឹងឥស្សរជន, និងធនធានមិនមែនមនុស្ស (ដូចជា អាវុធ)។

ហេតុដូច្នេះហើយ យោលតាមទ្រឹស្តីនេះ ប្រជាជនដែលស្ថិតនៅក្រោមការត្រួតត្រាមិនមែនជាប្រភពអំណាចតែមួយនោះទេ ហើយទំនាស់ដែលក្នុងនោះ ឥស្សរជនមិនពឹងផ្អែកលើពួកគេ (ឧ. នៅក្នុងកាលៈទេសៈដែលក្នុងនោះអ្នកឈ្លានពានមិនពឹងអាស្រ័យលើប្រជាជនដែលរស់នៅលើប្រទេសពួកគេកាន់កាប់), គេអាចត្រួតត្រាប្រជាជនដោយមិនត្រូវការការសហការរបស់ពួកគេ។ ចំណុចនេះកាន់តែជាក់ស្តែង បើមើលឧទាហរណ៍ ការកាន់កាប់ប្រទេសប៉ាឡេស្ទីន, ទីបេ, ផាភួខាងលិច, សាហារាខាងលិច។ នៅក្នុងករណីទាំងនេះ ប្រទេសដែលកាន់កាប់ប្រទេសដទៃ (អ៊ីស្រាអែល, ចិន, ឥណ្ឌូនេស៊ី និងម៉ូរ៉ូក្កូ) ចង់បានដែនដីនិងធនធានរបស់ប្រទេសដែលគេកាន់កាប់នោះ ពួកគេគ្មានចំណូលចិត្តលើប្រជាជននោះទេ។ ពួកគេអាចបញ្ចូនសមាជិកចេញពីចំណោមប្រជាជនខ្លួនឯងឱ្យទៅរស់នៅនិងធ្វើការនៅក្នុងប្រទេសដែលពួកគេកាន់កាប់ ដើម្បីជួយសម្រួលដល់ដំណើរការកេងចំណេញផលប្រយោជន៍របស់ពួកគេ។

ដូច្នេះ ពិតមែនតែឥស្សរជនតែងតែពឹងផ្អែកលើអ្នកដទៃ ប៉ុន្តែប្រាកដថាត្រូវតែពឹងផ្អែកលើការសហការពីប្រជាជនដែលពួកគេឈ្លានពាន កាន់កាប់ ជិះជាន់ និងកេងចំណេញនោះទេ។ ហើយបើករណីនេះពិតជាកើតមានមែន សកម្មភាពអហិង្សាដែលពឹងផ្អែកលើ ទ្រឹស្តីអំណាចកើតចេញពីការយល់ព្រម ដែលនៅខ្វះចន្លោះ មិនទំនងជាមានប្រសិទ្ធភាពនោះទេ។

ដោយសារហេតុផលនេះហើយ នៅក្នុងពិភពលោកសព្វថ្ងៃដែលប្រកបដោយការឈ្លានពាននិងវាតទី ដែលមានឥស្សរជននានាតាមប្រទេស ជួយគ្នាទៅវិញទៅមក ឥស្សរជនជាច្រើនពឹងផ្អែកខ្លាំងលើរដ្ឋដទៃនិងឥស្សរជនតាមសាជីវកម្ម ជាជាងប្រជាជនខ្លួនឯង ឬភាគីទីបីណាមួយ។ ដូច្នេះ ដូចដែលដ្យាក្រាមខាងក្រោមបានបង្ហាញជារូបភាព យុទ្ធសាស្ត្រការពារ/រំដោះដោយអហិង្សា ដែលត្រូវបានពណ៌នានៅទីនេះ គឺផ្អែកលើទ្រឹស្តី អំណាចកើតចេញពីការយល់ព្រមតាម ដែលត្រូវបានកែលម្អ។ នេះមានន័យថា ជាទូទៅវាជាប្រការចាំបាច់ក្នុងការបង្កើតយុទ្ធសាស្ត្រមួយដែលក្នុងនោះ ក្រុមសាមគ្គីនានាធ្វើយុទ្ធនាការអហិង្សា ដើម្បីកាត់បន្ថយការសហការនឹងឥស្សរជនដែលវាយប្រហារ បង្ក្រាប ឈ្លានពាន កាន់កាប់ និង សម្ពន្ធមិត្តអន្តរជាតិរបស់ពួកគេ។

នេះក៏ជាមូលហេតុដែលការប្រឆាំងនឹងការវាយប្រហារដែលប្រព្រឹត្តទៅតាមយុទ្ធសាស្ត្រនេះ ត្រូវបានធ្វើឡើងទៅតាមវាលប្រតិបត្តិការចំនួន ៣ (កងទាហានរបស់ឥស្សរជនគូប្រជែង, សង្គមរបស់គូប្រជែង, សង្គមរបស់សម្ពន្ធមិត្តរបស់គូប្រជែង)។ សូមចូលមើល គោលបំណងយុទ្ធសាស្ត្រ

សម្រាប់សេចក្តីពន្យល់ពិស្តារអំពីទ្រឹស្តីខាងលើ ព្រមទាំងតួនាទីនៃអំណាចរចនាសម្ពន្ធនៅក្នុងទំនាស់ សូមអានយុទ្ធសាស្ត្រការពារដោយអហិង្សា: ទ្រឹស្តីរបស់គន្ធី

modified-consent-theory-of-power%e2%80%8b-kh

ប្រភពឯកសារ: https://nonviolentliberationstrategy.wordpress.com/articles/theory-of-power

 

 

Advertisements