វត្ថុ​បំណង​នយោបាយ​និង​គោលដៅ​យុទ្ធសាស្ត្រ​នៃ​សកម្មភាព​អហិង្សា​

ដោយ រ៉ូបឺត ជេមស៍ ប៊ើររ៉ូស៍ (Robert J. Burrowes)

គ្រប់ចលនាតស៊ូដោយអហិង្សាទាំងអស់ធ្វើឡើងដំណាលគ្នាទាំងនៅក្នុងវិស័យនយោបាយនិងយុទ្ធសាស្ត្រ ហើយវិស័យទាំងនេះ ទោះបីជាខុសគ្នា តែមានទំនាក់ទំនងទៅវិញទៅមកនៅពាសពេញចលនា។ ខ្ញុំបានពិភាក្សាអំពីចំណុចនេះលម្អិតនៅក្នុងសៀវភៅ ‘យុទ្ធសាស្ត្រការពារដោយអហិង្សា’ របស់ខ្ញុំ។ ទោះបីអ៊ីចឹងក៏ដោយ ក៏ចលនាតស៊ូដោយអហិង្សាកម្រធ្វើឡើងប្រកបដោយសម្បជញ្ញៈ ដឹងពីទំនាក់ទំនងដ៏សំខាន់នេះ។ យុទ្ធនាការរបស់គន្ធីមានប្រសិទ្ធភាពយ៉ាងខ្លាំង មួយផ្នែកដោយសារលោកបានយល់អំពីភាពខុសគ្នានិងទំនាក់ទំនងរវាងនយោបាយនិងយុទ្ធសាស្ត្រនៅក្នុងចលនាតស៊ូដោយអហិង្សា។ យុទ្ធនាការជាច្រើនបរាជ័យអាចមកពីបណ្តាលមកពីការពិតមួយដែលថា សកម្មជនភាគច្រើនពុំបានដឹងពីចំណុចនេះ។ ដើម្បីបង្ហាញពីភាពខុសគញនិងទំនាក់ទំនងរវាងវិស័យទាំងពីរនេះនិងបំភ្លឺអំពីសារៈសំខាន់ចម្បងរបស់ពួកវា អត្ថបទនេះពិភាក្សាអំពីវិស័យទាំងពីរនេះនៅក្នុងបរិបទនៃសកម្មភាពអហិង្សាដែលងាយយល់។

រាល់សកម្មភាពអហិង្សារមែងមានវត្ថុបំណងនយោបាយនិងគោលដៅយុទ្ធសាស្ត្រ។ នៅពេលធ្វើផែនការធ្វើសកម្មភាព វាមានភាពចាំបាច់ណាស់ក្នុងការបែងចែកឱ្យដាច់រវាងវត្ថុបំណងនិងគោលដៅរបស់វា។ វត្ថុបំណងនយោបាយនៃសកម្មភាពគឺជាសេចក្តីថ្លែងអំពីអ្វីដែលក្រុម[របស់អ្នក]ចង់ធ្វើ៖ ធ្វើបាតុកម្មបញ្ចេញមតិនៅក្នុងទីលាននៅក្នុងទីក្រុង, បំពាក់សញ្ញាសន្តិភាពនៅលើនាវាចម្បាំងដែលបំពាក់អាវុធនុយក្លេអ៊ែរ, ពាំងច្រកចូលរោងចក្រ [ឈរពាំងឬថ្ពក់ដៃគ្នាបង្កើតជារនាំង], បិទផ្លូវមិនឱ្យអាត្រាក់ទ័រឆ្លងកាត់, កាន់កាប់ស្ថានទូត, ធ្វើកូដកម្ម។ ប៉ុន្តែថាតើហេតុអ្វីបានក្រុមនោះចង់ធ្វើដូច្នេះ? ជាធម្មតា គេធ្វើឡើងដើម្បីបញ្ចុះបញ្ចូលផ្នែកមួយឬច្រើននៃសហគមន៍ ដើម្បីកែប្រែឥរិយាបថរបស់ខ្លួន ពាក់ព័ន្ធបញ្ហារបស់យុទ្ធនាការ។ ដូច្នេះហើយ ជាដំបូង គោលដៅយុទ្ធសាស្ត្រត្រូវបានកំណត់   តើនរណាគេដែលក្រុមចង់ជះឥទ្ធិពលលើ និងបន្ទាប់មក តើអ្វីដែលក្រុមចង់ឱ្យពួកគេធ្វើ។

ឧ. បើវត្ថុបំណងនយោបាយគឺដើម្បីធ្វើបាតុកម្មបញ្ចេញមតិនៅទីលានសាធារណៈនៅទីក្រុង គោលដៅយុទ្ធសាស្ត្រមួយដែលអាចទៅរួចទំនងជាដើម្បីជំរុញឱ្យសាធារណជនចូលរួមហ៊ាននិយាយគាំទ្រទស្សនវិស័យរបស់សកម្មជនជាសាធារណៈ។ បើវត្ថុបំណងនយោបាយគឺពាំងច្រកចូលរោងចក្រ គោលដៅយុទ្ធសាស្ត្រទំនងជាដើម្បីជំរុញឱ្យកម្មករ (តាមរយៈការបញ្ចុះបញ្ចូល) កុំឱ្យចូលរោងចក្រ។ បើវត្ថុបំណងនយោបាយគឺដើម្បីរារាំងអាត្រាក់ទ័រ គោលដៅយុទ្ធសាស្ត្រទំនងជាដើម្បីជំរុញកម្មករឱ្យឈប់កាប់ព្រៃឈើ ឬ បើសារព័ត៌)មានមានវត្តមាននៅទីនោះ គឺដើម្បីជំរុញអ្នកទស្សនាតាមទូរទស្សន៍ មិនទិញឈើដែលមានអាយុចំណាស់ពីក្រុមហ៊ុនណាមួយ។

ដូចដែលអ្នកបានឃើញតាមរយៈឧទាហរណ៍សាមញ្ញៗទាំងនេះ វាកាន់តែមានភាពសមហេតុផល បើគេសម្រេចកំណត់គោលដៅយុទ្ធសាស្ត្រជាមុន រួចហើយចាំបង្កើតសកម្មភាពដែលធានាថាគោលដៅនោះ សម្រេចតាមរបៀបណាជាក្រោយ។ បើនិយាយមួយបែបទៀត យុទ្ធសាស្ត្រដែលមានគុណភាពល្អ គឺ ១. សម្រេចយកក្រុមមនុស្សដែលអ្នកចង់ជះឥទ្ធិពលលើនិងអ្វីដែលអ្នកចង់ឱ្យពួកគេធ្វើ (ទាញចេញពីការវាស់ស្ទង់ផ្នែកនយោបាយនិងយុទ្ធសាស្ត្រដែលនាំផ្លូវចលនាតស៊ូរបស់អ្នក), ២. សម្រេចយកតាក់ទិចដែលនឹងសម្រេចគោលដៅនោះ, និងចុងក្រោយ ៣. រចនាសកម្មភាពនោះឱ្យសម្រេចគោលដៅនោះដោយមានប្រសិទ្ធភាពបំផុត។ ហេតុដូច្នេះហើយ គេគួរថ្លែងអំពីគោលដៅយុទ្ធសាស្ត្រក្នុងទម្រង់បែបនេះ៖ ជំរុញក្រុមមនុស្សដែលត្រូវកំណត់ជាក់លាក់ឱ្យធ្វើសកម្មភាពតាមរបៀបដែលត្រូវបានកំណត់ជាក់លាក់ដែរ។ ឧទាហរណ៍បន្ថែមអំពីគោលដៅយុទ្ធសាស្ត្រដែលដើរតាមរូបបន្តនេះ រួមមាន៖ ជំរុញសហជីពឱ្យដាក់ផ្លាកហាមធ្វើការនៅលើនាវាដែលមានផ្ទុកសារធាតុអ៊ុយរ៉ានីញ៉ូម, ជំរុញឱ្យបុរសកាន់តែច្រើននិយាយជាសាធារណៈប្រឆាំងនឹងអំពើហិង្សាក្នុងគ្រួសារ, ជំរុញអ្នកសង់ផ្ទះឱ្យបញ្ឈប់ការប្រើប្រាស់ឈើដែលមានអាយុកាលវែង។

នៅពេលដែលគោលដៅយុទ្ធសាស្ត្រត្រូវបានកំណត់ដោយប្រុងប្រយត្ននិងប្រកបដោយភាពជាក់លាក់ គេគួរដាក់ចិត្តពិចារណាដោយប្រុងប្រយត្នក្នុងកម្រិតស្មើគ្នាដែរអំពីការបង្កើតតាក់ទិចឱ្យបាន (នៅក្នុងដំណាក់កាលនៃយុទ្ធសាស្ត្រនេះ) ដែលទំនងជាអាចប្រើដើម្បីសម្រេចគោលដៅនិងរបៀបដែលគេគួររចនាវាឡើង (ដើម្បីឱ្យវាជំរុញទស្សនិកជនដែលត្រូវបានកំណត់ជាក់លាក់ ឱ្យធ្វើសកម្មភាពទៅតាមរបៀបដែលត្រូវបានកំណត់ជាក់លាក់ដូចគ្នា)។ ជាការពិត រចនាសកម្មភាពឱ្យបានល្អទាមទារការយល់ដឹងអំពីកត្តាអ្វីខ្លះដែលធ្វើឱ្យសកម្មភាពអហិង្សាមានប្រសិទ្ធភាពតាំងពីដំបូងដែរ។

សកម្មភាពអហិង្សាមានប្រសិទ្ធភាពពីព្រោះសកម្មភាពរបស់វាក្នុងការបង្កើតបរិយាកាសនយោបាយវិជ្ជមាន (ឧ. ពីព្រោះរបៀបដែលភាពស្មោះត្រង់របស់សកម្មជនកសាងជំនឿទុកចិត្ត), សមត្ថភាពរបស់វាក្នុងការបង្កើតបរិស្ថានរូបវន្តដែលគ្មានការគំរាមកំហែង (ពីព្រោះវិន័យអហិង្សារបស់សកម្មជន), និងសមត្ថភាពរបស់វាក្នុងការកែប្រែលក្ខខណ្ឌចិត្តសាស្ត្ររបស់មនុស្ស (ទាំងពីកំណើតនិងរៀនពីខាងក្រៅ) ដែលធ្វើឱ្យមនុស្សប្រឆាំងនឹងគំនិតថ្មីតាំងពីដំបូង។ ប្រការនេះរួមមានសមត្ថភាពរបស់វាក្នុងការកាត់បន្ថយឬលុបបំបាត់សេចក្តីភ័យខ្លាចនិងសមត្ថភាពរបស់វាក្នុងការធ្វើឱ្យចំពូកមនុស្សអភិរក្សនៅក្នុងសហគមន៍មើលមកសកម្មជនថាមានមនុស្សធម៌ក្នុងខ្លួន។

ជាចាំបាច់ សកម្មជនអហិង្សាញ៉ាំងឱ្យមានបម្រែបម្រួល ព្រោះការប្តេជ្ញា ភាពក្លាហាន សុចរិតភាព វិន័យ និងភក្តីភាពរបស់សកម្មជនរមែងបណ្តុះគំនិតប្រជាជនទៅយកគំរូតាមនោះដែរ ទោះបីត្រូវចាប់ខ្លួន វាយដំ ឃុំខ្លួន ក៏ពួកគេចូលរួមជាមួយដែរ។ លើសពីនេះ វិសាលភាពរបស់វាក៏ធ្វើឱ្យពួកគេមានទំនោរចូលរួមប្រកបដោយសាមគ្គីភាពទៀតផង។

បើសង្ខេបនិងបង្ហាញអំណះអំណាងនេះ សាកល្បងពិចារណាអំពីចលនាតស៊ូដោយអហិង្សាមួយដែលក្នុងនោះសកម្មជនធ្វើការដើម្បីបញ្ចប់អំពើហិង្សាផ្លូវភេទនៅក្នុងសហគមន៍មូលដ្ឋានមួយ។ គោលដៅយុទ្ធសាស្ត្ររបស់ក្រុមទំនងជា៖ ជំរុញបុរសនៅក្នុងក្រុមដែលត្រូវបានកំណត់ជាក់លាក់ (ប្រហែលជាក្រុមដែលនៅក្នុងអង្គការជាក់លាក់ណាមួយ) ឱ្យធ្វើសកម្មភាពដែលត្រូវបានកំណត់ជាក់លាក់ដូចគ្នា (ចុះហត្ថលេខានៅលើកិច្ចសន្យានឹងខ្លួនឯងថាមិនប្រើប្រាស់រូបភាព, សៀវភៅ, វីឌីអូអាសអាភាស? ដាក់សញ្ញានៅលើមុខបង្អួចសរសេរថាពួកគេស្អប់ខ្ពើមអំពើហិង្សាផ្លូវភេទ? សន្យាដោយប្រកាសជាសាធារណៈប្រឆាំងនឹងអំពើហិង្សាផ្លូវភេទគ្រប់ទម្រង់, ចូលជាសមាជីកក្រុមដែលរៀបចំធ្វើកម្មវិធីផ្តល់ប្រឹក្សាសម្រាប់បុរសប្រព្រឹត្តល្មើស?)  ដើម្បីជួយកាត់បន្ថយអំពើហិង្សានៅក្នុងសហគមន៍នោះ។ គោលដៅយុទ្ធសាស្ត្រនឹងសម្រេចបាន បើយ៉ាងហោចណាស់ មួយផ្នែក មានបុរសខ្លះឆ្លើយតបដោយធ្វើសកម្មភាពដែលត្រូវបានកំណត់ជាក់លាក់នេះ។ ដូច្នេះហើយ អ្វីដែលគួរតែជាវត្ថុបំណងនយោបាយនៃសកម្មភាពនេះគឺអ្វីដែលសកម្មភាពអហិង្សាអាចជំរុញក្រុមបុរសដែលត្រូវបានកំណត់ជាក់លាក់នេះធ្វើសកម្មភាពទៅតាមរបៀបនេះ? ផ្សព្វផ្សាយអត្តសញ្ញាណបុរសជាអ្នកប្រព្រឹត្តដាក់តាំងរូបភាពរបស់ពួកគេនៅទីសាធារណៈ? រៀបចំការប្រជុំតាមផ្លូវពាក់ព័ន្ធនឹងស្ត្រីនៅមូលដ្ឋាន? គូរក្តារប្រកាសដែលចាត់ទុកមនុស្សស្រីដូចជាវត្ថុឱ្យទៅជារូបភាពអ្វីផ្សេង? បិទច្រកចូលសណ្ឋាគារនៅក្នុងតំបន់ឬកន្លែងពេស្យាចារនៅរៀងរាល់ថ្ងៃរាត្រីថ្ងៃសៅរ៍? រៀបចំពិព័រណ៍ស្នាដៃសិល្បៈអំពីអ្នករួចផុតពីអំពើហិង្សាផ្លូវភេទ?ឬក៏អ្វីផ្សេងទៀត? សម្រាប់សកម្មភាពដែលមានប្រសិទ្ធភាពទៅតាមយុទ្ធសាស្ត្រ វាត្រូវតែធ្វើឡើងដោយមានផែនការដើម្បីសម្រេចគោលដៅយុទ្ធសាស្ត្ររបស់វា។

តើគេអាចរចនាសកម្មភាពរបៀបណាដើម្បីបង្កើនប្រសិទ្ធភាពរបស់វា? តើចរិតលក្ខណៈបែបណា (ភាពទៀងត្រង់, ថ្លៃថ្នូរ, គួរឱ្យគោរព) ដែលសកម្មជនបង្ហាញ នឹងជះឥទ្ធិពលទៅលើបុរសទាំងនោះ? តើគេអនុវត្តសកម្មភាពរបៀបណាដើម្បីឱ្យបុរសទាំងនោះចូលរួម? ឧ. ទ្រឹស្តីអំពីតម្រូវការរបស់មនុស្សបានណែនាំថា បើអ្នកចង់ឱ្យប្រជាជនកែប្រែការប្រព្រឹត្តរបស់ពួកគេ សកម្មជនត្រូវតែផ្តល់ឱកាសបើកឱ្យមានការចូលរួមដែលអនុញ្ញាតឱ្យប្រជាជនបង្កើនតម្លៃខ្លួនឯងនិង/ឬ យ៉ាងតិចណាស់ក៏បង្កើនសុវត្ថិភាពរបស់ពួកគេដែរ។

បើសិនសម្រេចបានគោលដៅយុទ្ធសាស្ត្រនៃសកម្មភាពអហិង្សា ជាលទ្ធផល សកម្មភាពនឹងមានប្រសិទ្ធភាពទៅតាមយុទ្ធសាស្ត្រ។ យ៉ាងណាក៏ដោយ ប្រការនេះមិនមានន័យថា ឬក៏ទាមទារឱ្យសម្រេចវត្ថុបំណងនយោបាយនោះទេ ហើយការពិតទៅ វត្ថុបំណងនយោបាយក៏មិនទំនងជាអាចសម្រេចដែរ។ ដោយហេតុថាប្រសិទ្ធភាពរបស់យុទ្ធសាស្ត្រមិនទាក់ទងទៅនឹងការសម្រេចបានវត្ថុបំណងនយោបាយនោះទេ។ ឧ. វត្ថុបំណងនយោបាយរបស់សកម្មជនទំនងជាដើម្បីរារាំងអាត្រាក់ទ័រមិនឱ្យធ្វើការ តែគោលដៅយុទ្ធសាស្ត្រនៃការបង្អាក់អាត្រាក់ទ័រនេះ (ជាទូទៅ មិនត្រូវបានកំណត់ជាក់លាក់) គួរតែបែបនេះ៖ ជំរុញអតិថិជនឱ្យឈប់ទិញផលិតផលក្រដាស (ដែលត្រូវបានកំណត់ជាក់លាក់) ដែលផលិតពីកម្ទេចឈើយកចេញពីព្រៃឈើដែលមានអាយុកាលវែង (ដោយក្រុមហ៊ុនដែលត្រូវបានកំណត់ជាក់លាក់)។ នៅក្នុងករណីនេះ ដរាបណាសកម្មភាពត្រូវបានរចនាឡើងបានល្អ វាគ្មានអ្វីចាំបាច់នោះទេ ទោះបីសកម្មជនត្រូវបានចាប់ខ្លួននៅមុនការបង្អាក់អាត្រាក់ទ័រចាប់ផ្តើមក៏ដោយ ពីព្រោះសារអំពីភាពទៀងត្រង់, ការប្តេជ្ញា, វិន័យ, សេចក្តីក្លាហាន, ការលះបង់ រួមគ្នាជាមួយនឹងសកម្មភាពសាមគ្គីដែលពួកគេអំពាវនាវ (នឹងកាត់បន្ថយអំណាចរបស់គូប្រជែងរបស់ពួកគេ) នឹងនៅតែបញ្ចូនទៅដល់ទស្សនិកជន។ និយាយដោយខ្លី បញ្ឈប់អាត្រាក់ទ័រ [បានឬមិនបាន] មិនមានអ្វីទាក់ទងនឹងយុទ្ធសាស្ត្រ។

បរាជ័យក្នុងការបែងចែកមិនដាច់ស្រលះរវាងវត្ថុបំណងនយោបាយនិងគោលដៅយុទ្ធសាស្ត្រជារឿយៗបង្កឱ្យមានការយល់ច្រលំជាច្រើន ជាពិសេសនៅជុំវិញសំណួរអំពីតួនាទីនៃការសម្ងាត់និងការវាយបំផ្លាញសម្ភារៈទ្រព្យសម្បត្តិ នៅក្នុងការធ្វើផែនការធ្វើសកម្មភាពអហិង្សា។ ក្រុមជាច្រើនភ្ជាប់សារៈសំខាន់ខ្លាំងជាមួយនឹងវត្ថុបំណងនយោបាយនៃសកម្មភាពរបស់ពួកគេ ហើយប្រើការសម្ងាត់ដើម្បីពង្រីកឱកាសជោគជ័យក្នុងការអនុវត្តចេញបាន។ ប៉ុន្តែ ក្នុងន័យយុទ្ធសាស្ត្រ  ការសម្ងាត់រមែងហុចលទ្ធផលផ្ទុយពីការចង់បាន និងផ្អែកទៅលើការយល់ដឹងខ្វះចន្លោះអំពីរបៀបនិងមូលហេតុដែលអំពើអហិង្សាមានប្រសិទ្ធភាព។ នេះក៏ព្រោះ ដូចដែលបានពន្យល់ខាងលើ ការសម្រេចបាននូវវត្ថុបំណងនយោបាយមិនស្មើនឹងការសម្រេចគោលដៅយុទ្ធសាស្ត្រនោះទេ។

ទន្ទឹមនឹងសកម្មជនជាច្រើនសម្រេចបានវត្ថុបំណងនយោបាយរបស់ពួកគេ (ការសម្ងាត់) ពួកគេខកខានមិនបានសម្រេច (អ្វីដែលគួរតែសម្រេចឱ្យបាន) គោលដៅយុទ្ធសាស្ត្ររបស់ពួកគេ (ជំរុញឱ្យប្រជាជនដែលត្រូវបានកំណត់ជាក់លាក់ធ្វើសកម្មភាពទៅតាមរបៀបដែលត្រូវបានកំណត់ជាក់លាក់) ព្រោះតែចរិតលក្ខណៈ (ដូចជា ភក្តីភាពនិងសុចរិតភាព) របស់សកម្មជន ដែលលើកទឹកចិត្តទស្សនិកជន មិនត្រូវបានសម្តែងចេញមក។ (ពិតណាស់ មានហេតុផលជាច្រើនទៀតដែលនាំឱ្យការប្រើប្រាស់ការសម្ងាត់ទទួលបានលទ្ធផលផ្ទុយក្នុងន័យយុទ្ធសាស្ត្រ។)

សម្រាប់ប្រភេទសកម្មភាពខ្លះ ដូចជា ការប្រជុំ, ការបិទច្រកចូល ឬកូដកម្ម គ្មាននរណាម្នាក់នឹងផ្តល់យោបល់ឱ្យប្រើប្រាស់ការសម្ងាត់នោះទេ។ ប៉ុន្តែសកម្មភាពអ្វីក៏ដោយ ដូចដែលបានពន្យល់ខាងលើ ប្រសិទ្ធភាពនៃយុទ្ធសាស្ត្ររបស់វាមិនទាក់ទងនឹងលទ្ធផលនៃសកម្មភាពហ្នឹងអនុវត្តចេញបានដោយជោគជ័យឬក៏អត់នោះទេ (អាស្រ័យលក្ខខណ្ឌ ដូចជា សកម្មភាពនោះត្រូវបានជ្រើសរើសទៅតាមយុទ្ធសាស្ត្រ, រចនាឡើងបានល្អ, និងប៉ងអនុវត្តដោយស្មោះត្រង់)។

ចំណុចនេះត្រូវបានបង្ហាញដោយករណីក្លាស៊ីកមួយ គឺចលនាសត្យាគ្រហរបស់គន្ធីនៅឥណ្ឌា។ សត្យាគ្រហីឬអ្នកប្រតិបត្តិសត្យាគ្រហបានប៉ុនប៉ងកាន់កាប់កន្លែងធ្វើអំបិលនៅទីក្រុង ថារ៉ាសាណា (Dharasana) នៅឆ្នាំ១៩៣០។ ទោះបីក្រុមសកម្មជនរាប់រយនាក់ប៉ុងប៉ងម្តងហើយម្តងទៀត ដើរចូលទៅកន្លែងធ្វើអំបិល អស់កំលុងពេលបីសប្ដាហ៍ មិនមានសកម្មជនណាម្នាក់បានអំបិលមួយចឹបនោះទេ! ប៉ុន្តែរឿងរ៉ាវដែលបានបង្ហាញពីវិន័យអហិង្សា, ការប្តេជ្ញា និងភាពក្លាហានរបស់សកម្មជននៅក្រោមការវាយដំដោយដំបងរបស់ប៉ូលីស ត្រូវបានរាយការណ៍ដោយកាសែតចំនួន ១៣៥០នៅទូទាំងពិភពលោក។ ជាលទ្ធផល សកម្មភាពនេះ ពិតមែនតែខកខានមិនបានសម្រេចគោលបំណងនយោបាយគឺរឹមអូសយកអំបិល ប៉ុន្តែពិតជាកាត់បន្ថយការគាំទ្រចក្រពត្តិអង្លេសនៅឥណ្ឌាប្រកបដោយប្រសិទ្ធភាព។

បើសកម្មជនត្រលប់ទៅរកការប្រើប្រាស់ការសម្ងាត់ដើម្បីដោះទាល់ នោះនឹងមិនមានឱកាសដើម្បីបង្ហាញពីភក្តីភាព សុចរិតភាពនិងការប្តេជ្ញារបស់ពួកគេដែលជំរុញឱ្យមានសមានចិត្តចំពោះបុព្វហេតុរបស់ពួកគេនោះទេ ថ្វីបើពួកគេទំនងជាទទួលបានអំបិលខ្លះក៏ដោយ។

សម្រាប់ហេតុផលដូចគ្នា  (បូករួមទាំងហេតុផលជាច្រើនទៀតដែលមិនបានពិភាក្សានៅទីនេះ) ការកម្ទេចសម្ភារៈឬទ្រព្យសម្បត្តិ នៅក្នុងន័យយុទ្ធសាស្ត្រ ក៏ទទួលបានលទ្ធផលផ្ទុយដូចគ្នា នៅពេលដែលគេប្រើប្រាស់វានៅក្នុងចលនាតស៊ូដោយអហិង្សា។ បើផ្នែកសំខាន់នៃសកម្មភាពអហិង្សាគគឺគោលដៅយុទ្ធសាស្ត្ររបស់វា ដូច្នេះសកម្មជនដែលរៀបចំផែនការធ្វើសកម្មភាពកម្ទេចសម្ភារៈ (ឧ. វត្ថុបំណងនយោបាយដូចជាធ្វើឱ្យអាត្រាក់ទ័រមិនដំណើរការ ឬកម្ទេចក្បាលគ្រាប់ម៊ីសីលនុយក្លេអ៊ែរ) ត្រូវតែអាចកំណត់ពីរបៀបដែលសកម្មភាពនឹងជំរុញទស្សនិកជនដែលត្រូវបានកំណត់ជាក់លាក់របស់ពួកគេ ឱ្យធ្វើសកម្មភាពទៅលើបញ្ហាទៅតាមរបៀបដែលត្រូវបានកំណត់ជាក់លាក់។ បើសិនពួកគេមិនអាចកំណត់បានទេ សកម្មភាពនោះមិនទំនងជានឹងអាចមានប្រសិទ្ធភាពនៅក្នុងន័យយុទ្ធសាស្ត្រនោះទេ សឹងតែទទួលបានផលិតផ្ទុយតែម្តង ទោះបីទទួលបានការយកចិត្តទុកដាក់ពីសារព័ត៌មានខ្លាំងប៉ុណ្ណាក៏ដោយ ឬវត្ថុបំណងនយោបាយនោះ (បំផ្លាញឧបករណ៍) សម្រេចបានក៏ដោយ។

ហេតុនេះហើយ ថ្វីបើសកម្មភាពនេះទំនងជាអាចកៀងគរប្រជាជនខ្លះក៏ដោយ (ទ្រឹស្តីទំនាស់ថ្មីៗបានផ្តល់សេចក្តីពន្យល់គ្រប់ជ្រុងជ្រោយមួយចំនួនដែរអំពីហេតុអ្វីមានប្រជាជនចូលរួមតិច) ក៏ការពិតមួយនៅតែដដែលគឺថា សកម្មជនដែលប្រើប្រាស់ការវាយបំផ្លាញសម្ភារៈ (និងការសម្ងាត់ដែលស្ទើរតែអនុវត្តជាមួយគ្នា) គឺសង្កត់ធ្ងន់ពេកទៅលើវត្ថុបំណងនយោបាយរបស់ពួកគេ (សកម្មភាពកម្ទេចសម្ភារៈ) ជាជាងគោលដៅយុទ្ធសាស្ត្ររបស់ពួកគេ (ដែលមិនត្រូវបានកំណត់)។ ដូចបានពន្យល់ខាងលើ ចំណុចនេះដាក់កម្រិតលើលទ្ធភាពដែលចរិតលក្ខណៈរបស់សកម្មជន លើកទឹកចិត្តទស្សនិកជន មិនឱ្យបង្ហាញចេញមក។

សកម្មជនសម្រេចបានវត្ថុបំណងនយោបាយរបស់ពួកគេឬក៏អត់នោះ គឺគ្មានអ្វីពាក់ព័ន្ធទេ បើគិតក្នុងន័យយុទ្ធសាស្ត្រ។ នេះក៏ព្រោះសកម្មភាពអហិង្សាដែលមានប្រសិទ្ធភាពគឺរចនាឡើងដើម្បីសម្រេចបានគោលដៅយុទ្ធសាស្ត្ររបស់វា ដោយមិនបាច់ខ្វល់ពីប្រតិកម្មរបស់គូប្រជែងឬអាជ្ញាធរទៅកាន់វត្ថុបំណងនយោបាយនៃសកម្មភាពឡើយ។ ប៉ុន្តែសកម្មជនសម្រេចគោលដៅយុទ្ធសាស្ត្របានឬក៏អត់រមែងតែងតែមានឥទ្ធិពលកំណត់ [ជោគជ័យឬបរាជ័យ] នៃយុទ្ធសាស្ត្រ។

កំណត់សម្គាល់៖

Endnotes:

១. សូមអាន យុទ្ធសាស្ត្រការពារដោយអហិង្សា៖ ទ្រឹស្តីរបស់គន្ធី

២. ខ្ញុំលើកយកឧទាហរណ៍ដដែលពីអត្ថបទមុនមកយោងម្តងទៀត ដោយសារវាបង្ហាញចំណុចនេះបានច្បាស់ល្អ។ សូមអាន ‘សកម្មភាពរបស់សកម្មជននិងប៉ូលីស’

  1. Because it illustrates the point so effectively, I have simply repeated the example that I cited in an earlier article. See ‘Nonviolent Activism and the Police’.

៣. អំពីដំណើររឿងអំពីក្បួនដង្ហែទៅច្រោះយកអំបិលធ្វើនៅទីក្រុង Dharasana សូមអានអត្ថបទរបស់លោក Thomas Weber. ‘”The Marchers Simply Walked Forward Until Struck Down”: Nonviolent Suffering and Conversion’.

៤. បើអំបិលត្រូវបានច្រោះយកដោយសម្ងាត់ រដ្ឋាភិបាលអង្លេសអាចព្រងើយកន្តើយ[នឹងសកម្មភាពនេះ] បើពួកគេជ្រើសរើសធ្វើបែបនេះ ជាលទ្ធផល តើមាននរណាបានដឹងឬខ្វល់? ទោះបីយ៉ាងណា ពួកគេមិនអាចបណ្តោយឱ្យសត្យាគ្រហីយកអំបិលដោយបើកចំហឡើយ ពីព្រោះការច្រោះយកអំបិលគឺជាអំពើខុសច្បាប់ ហើយការខកខានមិនបញ្ចេញប្រតិកម្មនឹងបង្ហាញថា ច្បាប់អំបិល ដែលជាច្បាប់តំណាងឱ្យការប្រឆាំងនឹងឯករាជ្យភាពរបស់ប្រទេសឥណ្ឌា គ្មានប្រសិទ្ធភាព ។

អត្ថបទនេះ ‘វត្ថុបំណងនយោបាយនិងគោលដៅយុទ្ធសាស្ត្រនៃសកម្មភាពអហិង្សា’ ត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្ដី Nonviolence Today, លេខ ៤៨, មករា-កុម្ភៈ ១៩៩៦. ទំ. ៦-៧។

ប្រភពឯកសារ: https://nonviolentliberationstrategy.wordpress.com/articles/political-objective-strategic-goal/

Advertisements