សកម្មភាព​អហិង្សា​៖ កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​បង្ក្រាប​ដោយ​ហិង្សា​

ដោយ រ៉ូបឺត ជេមស៍ ប៊ើររ៉ូស៍

 

ក្នុងអត្ថបទមួយចុះផ្សាយថ្មីៗ និងពោរពេញដោយទស្សនៈស៊ីជម្រៅ លោកសាស្ត្រាចារ្យ Bill Quigley បានកត់សម្គាល់សកម្មភាពខុសច្បាប់របស់ប៉ូលីសចំនួន ១០ [១. ព្យាយាមបញ្ឈប់បាតុកម្មរបស់ប្រជាជន, ២. បញ្ចូលជនញ៉ុះញង់ឱ្យបង្កហិង្សា, ៣. ប្រើក្រុមប៉ូលីសឱ្យអូសមុខសញ្ញាចេញពីចំណោមហ្វូងបាតុករ,៤. ចាប់ខ្លួនមនុស្សខុស, ៥. គំរាមកំហែង, ៦. លោមព័ទ្ធ, ៧. លុកលុយចូលផ្ទះ អង្គការ វិហារដែលគាំទ្របាតុកម្ម, ៨. ប្រើប្រាស់ឧបករណ៍បំពងសំឡេងចម្ងាយឆ្ងាយដែលអាចបង្កការឈឺចាប់, ៩. ចាប់ខ្លួនអ្នករាយការណ៍, ១០. ប្រើប្រាស់អាវុធគីមីនិងអាវុធដទៃទៀត (បាញ់ឧស្ម័នបង្ហូរទឹកភ្នែក, បាញ់គ្រាប់កាំភ្លើងកៅស៊ូ, ប្រើកំប៉ុងបាញ់ថ្នាំដែលធ្វើឱ្យមើលមិនឃើញបណ្តោះអាសន្ន)] ដែលធ្វើឡើងជារឿយៗដើម្បីរារាំងប្រជាជនពីការប្រើប្រាស់សិទ្ធិមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ពួកគេ ដោយប្រើប្រាស់សកម្មភាពអហិង្សាក្នុងការបង្ហាញការឈឺចាប់របស់ពួកគេ។ លោកកត់សម្គាល់ឃើញថា តាក់ទិចរបស់ប៉ូលីសទាំងនេះជាធម្មតាត្រូវបានប្រើប្រាស់ក្នុងបាតុកម្មដោយភ្នាក់ងារអនុវត្តច្បាប់នៅពេសពេញប្រទេសអាមេរិក។ សូមអាន ‘សកម្មភាពសខុសច្បាប់ទាំង ១០របស់ប៉ូលីស សម្រាប់ឃ្លាំមើលនៅ Ferguson’។

ខ្ញុំសូមសរសេរបំពេញអត្ថបទដ៏ល្អរបស់សាស្រ្តាចារ្យ Quigley ដោយកត់សម្គាល់អំពីវិធីកាត់បន្ថយហានិភ័យដែលបណ្តាលមកពីការប្រើប្រាស់តាក់ទិចហិង្សានិងខុសច្បាប់របស់ប៉ូលីសនិងយោធា ហើយនិងក្នុងករណីជាច្រើន គឺបញ្ឈប់ការប្រើប្រាស់នេះតែម្តងនៅទីណាក៏ដោយនៃពិភពលោកដែលមានសកម្មភាពអហិង្សាកើតឡើង។

បើអ្នកចង់ឱ្យសកម្មភាពអហិង្សាមានប្រសិទ្ធភាពបំផុត មានចំណុចចម្បងពីរដែលគួរពិចារណា។ ទីមួយ ចំណាយពេលបង្កើតយុទ្ធសាស្ត្រអហិង្សា ដោយឆ្លងកាត់ការរៀបចំដោយប្រុងប្រយត្ន ដើម្បីយកវាមកតម្រែតម្រង់រាល់ទិដ្ឋភាពនីមួយៗនៃយុទ្ធនាការរបស់អ្នក។ សម្រាប់សេចក្តីពន្យល់អំពីយុទ្ធសាស្ត្រអហិង្សានិងគម្រោងទាំង ១២ ចំណុចសម្រាប់តម្រែតម្រង់អ្នក សូមអានចំណុចទាំងនោះនៅក្នុងគេហទំព័រនេះ។ ទីពីរ កំណត់ឱ្យជាក់ថា សកម្មភាពអហិង្សានីមួយៗដែលក្រុមរបស់អ្នកប្រើប្រាស់ ត្រូវបានតម្រែតម្រង់ដោយគោលដៅយុទ្ធសាស្ត្ររបស់វា ជាជាងវត្ថុបំណងនយោបាយរបស់វា [អ្វីដែលអ្នកចង់សម្រេចឱ្យបានជាជាងអ្វីដែលអ្នកចង់ធ្វើ]។ បើអ្នកយល់មិនច្បាស់អំពីចំណុចនេះ សូមអាន ‘វត្ថុបំណងនយោបាយនិងគោលដៅយុទ្ធសាស្ត្រនៃសកម្មភាពអហិង្សា’។

បើតាក់ទិចអហិង្សារបស់អ្នក (បាតុកម្ម, កូដកម្ម, ការបិទផ្លូវ) គឺជាតាក់ទិចដែលត្រូវបានជ្រើសរើសនិងផ្តោតទៅតាមយុទ្ធសាស្ត្រសម្រាប់ដំណាក់កាលនីមួយៗនៃយុទ្ធនាការរបស់អ្នក ហើយអ្នកអនុវត្តវាដោយមានគោលដៅយុទ្ធសាស្ត្រច្បាស់លាស់ក្នុងចិត្ត (មិនមែនទៅតាមវត្ថុបំណងនយោបាយ) ជាលទ្ធផល អ្នកនឹងអាចសម្រេចគោលដៅយុទ្ធសាស្ត្របាន ដោយមិនបាច់ខ្វល់ពីការឆ្លើយតបរបស់ប៉ូលីស (រួមមាន ការឆ្លើយតបដោយអំពើលើ្មសច្បាប់, ហិង្សា, និង/ឬប្រើប្រាស់អ្នកញ៉ុះញង់), យុទ្ធនាការរបស់អ្នកនឹងឈានទៅមុខ ហើយការឆ្លើយតបណាមួយដោយហិង្សារបស់ប៉ូលីសឬយោធា នៅក្នុងន័យនយោបាយ វានឹងមិនពាក់ព័ន្ធនឹងយុទ្ធនាការ ឬក៏មានផលប្រយោជន៍អ្វីដល់យុទ្ធនាការរបស់អ្នកនៅក្នុងន័យយុទ្ធសាស្ត្រនោះឡើយ។

ដោយមានចំណុចបឋមទាំងនេះនៅក្នុងចិត្ត អនុញ្ញាតឱ្យខ្ញុំកត់សម្គាល់អ្វីដែលអ្នកអាចធ្វើ ចំនួន ២០ ប្រការ ដើម្បីកាត់បន្ថយហានិភ័យបណ្តាលមកពីការប៉ុនប៉ងរបស់ប៉ូលីស/យោធា  យកឈ្នះសកម្មភាពអហិង្សារបស់អ្នក ដោយប្រព្រឹត្តខុសច្បាប់ ប្រើប្រាស់អំពើហិង្សាឬប្រើប្រាស់អ្នកញ៉ុះញង់។

មានហេតុផលផ្សេងៗដែលប៉ូលីសនិងយោធាទំនងជាប្រើប្រាស់ហិង្សាទៅលើសកម្មភាពអហិង្សា។ តាមបទពិសោធរបស់ខ្ញុំ ហេតុផលសំខាន់បំផុតគឺពីព្រោះពួកគេត្រូវបានគេបញ្ជាឱ្យប្រើហិង្សាក្នុងទម្រង់ជាការបង្ក្រាបខាងនយោបាយ និងពីព្រោះពួកគេភ័យខ្លាច។ ជាធម្មតាទេ វានឹងមានហេតុផលរាយរងជាច្រើនទៀតនៅពីក្រោយការភ័យខ្លាចនេះ ដូចជា ឧ. ការភ័យខ្លាចដែលបង្កើតជាមូលដ្ឋាននៃការរើសអើងជាតិសាសន៍និងជំនឿងប់ងល់នឹងសាសនា។ បើអ្នកចង់យល់បន្ថែមអំពីចំណុចនេះ សូមអាន ‘ហេតុអ្វីប្រព្រឹត្តអំពើហិង្សា?’ និង ‘ចិត្តវិទ្យាអំពីភាពគ្មានការភ័យខ្លាចនិងចិត្តវិទ្យាអំពីការភ័យខ្លាច៖ គោលការណ៍និងការអនុវត្ត’។ ហេតុដូច្នេះហើយ បន្ថែមពីលើការពិចារណាអំពីទិដ្ឋភាពដទៃជាច្រើនទៀតនៃយុទ្ធសាស្ត្រអហិង្សាណាមួយ ដំណើរការធ្វើផែនការអាចពិចារណាអំពីវិធីដែលធ្វើឱ្យសកម្មភាពណាមួយ អាចធ្វើឡើង ដោយមិនសូវងាយរងគ្រោះពីការបង្ក្រាបហិង្សា។

បើនិយាយដោយឡែក ឬបរិយាយបន្ថែម អាស្រ័យលើបរិបទ ភ្នាក់ងារដែលជាជនញ៉ុះញ៉ុង បញ្ជូនមកពីរដ្ឋាភិបាលឬរដ្ឋបរទេស ទំនងជាអាចប្រើអំពើហិង្សា ក្នុងបំណងបំផ្លាញគោលបំណងរបស់ចលនាឬថែមទាំងអាចបំប្លែងគោលបំណងរបស់ចលនា ដោយធ្វើឱ្យចលនាបាត់បង់លក្ខណៈអហិង្សា ដើម្បីផ្តល់លេសបង្ក្រាបទៅឱ្យអាជ្ញាធរ។ ករណីនេះបានបន្តកើតឡើងតាំងពីអតីតកាលមកម្ល៉េះ។ ដូច្នេះហើយ យុទ្ធសាស្ត្រត្រឹមត្រូវមួយ ទាមទារឱ្យមានផែនការដែលរចនាវិធីនានាដើម្បីរារាំងជនញ៉ុះញ៉ុងមិនឱ្យបំផ្លាញឬបំប្លែងចលនា ដោយបង្អាក់វិន័យអហិង្សានៃចលនា។

សកម្មភាពអហិង្សាអាចមានប្រសិទ្ធភាពខ្លាំងនៅក្នុងការកម្រិតការប្រើប្រាស់អំពើហិង្សា ដោយសារហេតុចំនួន បីប្រការដែលពាក់ព័ន្ធនឹងគ្នាទៅវិញទៅមក៖ សមត្ថភាពរបស់វាក្នុងការបង្កើតបរិយាកាសនយោបាយវិជ្ជមាន (ឧ. ពីព្រោះវិធីដែលសកម្មជនប្រើប្រាស់ បង្កប់ភាពស្មោះត្រង់ដែលកសាងទំនុកចិត្ត), សមត្ថភាពរបស់វាក្នុងការបង្កើតបរិស្ថានរូបវន្តដែលគ្មានការគំរាមកំហែង (ដោយសារតែវិន័យអហិង្សារបស់សកម្មជន), និងសមត្ថភាពរបស់វាក្នុងការកែប្រែស្ថានភាពផ្លូវចិត្តរបស់មនុស្ស (ទាំងមានមកពីកំណើតនិងរៀនពីខាងក្រៅ) ដែលធ្វើឱ្យការប្រើប្រាស់អំពើហិង្សាអាចកើតឡើងតាំងពីដើមដំបូង។ ចំណុចនេះក៏រួមមានសមត្ថភាពរបស់វាក្នុងការកាត់បន្ថយឬលុបបំបាត់ការភ័យខ្លាចរបស់ប៉ូលីស/យោធា និងសមត្ថភាពរបស់វាក្នុងការធ្វើឱ្យគូប្រជែងនិងភ្នាក់ងារប៉ូលីសនិងយោធាមើលមកសកម្មជនថាមានមនុស្សធម៌ក្នុងខ្លួនដែរ។

ជាលទ្ធផល ដោយសារនៅក្នុងសកម្មភាពអហិង្សា គេមិនអាចលុបបំបាត់ហានិភ័យទាំងស្រុងពីអំពើហិង្សារបស់ប៉ូលីស/យោធា (ឬជនគេបង្គប់មកញ៉ុះញង់)     ប៉ុន្តែគេនៅតែអាចកាត់បន្ថយហានិភ័យនេះដោយកត់សម្គាល់កត្តានានាដែលពន្យល់ពីលទ្ធផលនេះ និងដោយពិនិត្យផ្ទៀងផ្ទាត់នឹងកត្តាទាំនេះឱ្យបានកាន់តែច្រើន តាមដែលអាចធ្វើទៅបាន។ បរាជ័យមិនបានធ្វើដូច្នេះនឹងបង្កើនហានិភ័យកើតចេញពីលទ្ធផលមិនរំពឹងចង់បានទាំងប៉ុន្មាន។ ជាចាំបាច់ ការកាត់បន្ថយហានិភ័យពីអំពើហិង្សារបស់ប៉ូលីស/យោធា ទាមទារការធ្វើផែនការល្អិតល្អន់និងអនុវត្តសកម្មភាពណាមួយដោយម៉ត់ចត់។ ប្រការនេះក៏គួររាប់បញ្ចូលចំណុចជាបន្តបន្ទាប់ទាំងអម្បាលម៉ានដែលពាក់ព័ន្ធនឹងអ្នកនៅមូលដ្ឋានផងដែរ។

១. សម្រេចចិត្តទៅតាមយុទ្ធសាស្ត្រថា យុទ្ធនាការរបស់អ្នកនឹងធ្វើឡើងដោយអហិង្សា បន្ទាប់មកទៀត បង្ហាញការប្តេជ្ញានេះជាសាធារណៈនិងមានខ្លឹមសារងាយយល់។ បើអ្នកចង់ពិភាក្សាដេញដោលអំពីអត្ថន័យពិតប្រាកដនៃបញ្ញត្តិ ‘អហិង្សា’ នៅក្នុងបរិបទរបស់អ្នក, អ្នកទំនងជាប្រទះឃើញ ‘ម៉ាទ្រីសអំពើអហិង្សា’ ជាឧបករណ៍ដែលអាចប្រើការបាន។

២. បង្កើត ‘ក្រមវិន័យអហិង្សា’ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញានេះនិង ដោយសារគុណសម្បត្តិនយោបាយនៃក្រមវិន័យនេះ ដែលទទូចឱ្យសកម្មជនណាម្នាក់ បើមានបំណងចង់ចូលរួមសកម្មភាពអហិង្សានៅក្នុងយុទ្ធនាការនេះ ត្រូវចុះហត្ថលេខាលើវាជាមុនសិន៖ បើសកម្មជនណាម្នាក់ពិតជាប្តេជ្ញាចូលរួមយុទ្ធនាការរបស់អ្នកមែន ពួកគេនឹងពុំជំទាស់ដោយគ្រាន់តែចុះហត្ថលេខានោះទេ (ហើយការកំណត់អត្តសញ្ញាណរបស់អ្នកចូលមកញ៉ុះញង់ក៏នឹងមានភាពងាយយល់ជាងមុនដែរ)។  ផ្អែកទៅលើការសិក្សាអំពីយុទ្ធនាការជាច្រើននៅជុំវិញពិភពលោក ក្រមវិន័យគំរូគួរតែរាប់បញ្ចូលចំណុចនានាដូចខាងក្រោម៖

៙ខ្ញុំនឹងនិយាយតែការពិត។

៙ខ្ញុំនឹងប្រព្រឹត្តចំពោះបុគ្គលនីមួយៗដោយក្តីគោរព (រួមមានកម្មករ មន្ត្រីប៉ូលីស/យោធា អ្នកផ្សព្វផ្សាយព័ត៌មាន)។

៙ខ្ញុំនឹងគុំកួនខឹងឬស្អប់នោះទេ។ ខ្ញុំសុខចិត្តរងការឈឺចាប់ពីកំហឹងនិងការវាយដំពីគូប្រជែងរបស់ខ្ញុំ។

៙ខ្ញុំនឹងការពារគូប្រជែងនិងប៉ូលីស/យោធាពីការប្រមាថនិងការវាយប្រហារ។ ខ្ញុំនឹងធ្វើទៅតាមការសម្រេចចិត្តនិងកម្មវិធីផែនការរបស់ក្រុមដែលត្រូវបានរៀបចំ ហើយនឹងឆ្លើយតបទាន់ពេលទៅតាមសំណើរបស់អ្នកចាត់ចែងសកម្មភាព។ នៅក្នុងករណីមានការខ្វែងគំនិតគ្នាខ្លាំង ខ្ញុំនឹងដកខ្លួនចេញពីសកម្មភាពនេះ។ ខ្ញុំនឹងមិនផ្តើមគំនិតឬចូលរួមនៅក្នុងសកម្មភាពគ្មានផែនការណាមួយឡើយ។

៙ខ្ញុំនឹងទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្ញុំ ខ្ញុំនឹងមិនលាក់ការសម្ងាត់អ្វីនោះឡើយ។

៙បើខ្ញុំត្រូវបានគេចាប់ខ្លួន, ខ្ញុំនឹងទទួលយកវាដោយស្មគ្រចិត្ត ហើយបើខ្ញុំត្រូវបានគេបញ្ចូនចូលពន្ធាគារ, ខ្ញុំនឹងធ្វើសកម្មភាពគំរូ[ដល់អ្នកដទៃទៀត]។

៙ខ្ញុំនឹងការពារទ្រព្យសម្បត្តិរបស់គូប្រជែងរបស់ខ្ញុំ ព្រមទាំងរបស់ប៉ូលីស/យោធាផងដែរ។

៙ខ្ញុំនឹងមិនរត់ឬប្រើប្រាស់កាយវិការគំរាមកំហែងណាមួយឡើយ។

៙ខ្ញុំនឹងមិននាំយកឬប្រើប្រាស់គ្រឿងញឿនឬគ្រឿងស្រវឹងនោះឡើយ។

 

 

សកម្មជនអហិង្សាប៉ាឡេស្ទីនការពារប៉ូលីសស្រីអ៊ីស្រាអែលពីជនជាតិអ៊ីស្រាអែលដែលមកតាំងទីលំនៅនៅជំរុំ Esh Kodesh, សីហា ២០១៥។

សកម្មជនអហិង្សាប៉ាឡេស្ទីនការពារប៉ូលីសស្រីអ៊ីស្រាអែលពីជនជាតិអ៊ីស្រាអែលដែលមកតាំងទីលំនៅនៅជំរុំ Esh Kodesh, សីហា ២០១៥។

 

៣. រៀបចំកម្មវិធីអប់រំអំពីអំពើអហិង្សា ដើម្បីឱ្យសកម្មជនយល់បានពេញលេញអំពីអ្វីដែលពាក់ព័ន្ធនឹង ការប្តេជ្ញាកាន់វិន័យអហិង្សា។ នៅក្នុងកម្មវិធីអប់រំទាំងនេះ ផ្តល់ឱកាសឱ្យសកម្មជនស្វែងយល់ពីអារម្មណ៍និងភាពភ័យខ្លាចរបស់ពួកគេពាក់ព័ន្ធនឹងសកម្មភាពណាមួយ និងពិភាក្សាអំពីរបៀបដែលក្រុមអាចរៀបចំខ្លួនឯង (ឧ. នៅក្នុងក្រុមសកម្មភាព) ដើម្បីឱ្យបុគ្គលនីមួយៗទទួលបានការគាំទ្រគ្រប់គ្រាន់ដើម្បីធ្វើសកម្មភាពដោយមានវិន័យនិងមានលក្ខណៈអហិង្សា។

៤. រៀបចំកម្មវិធីអប់រំអំពីអំពើអហិង្សាដែលត្រូវបានរៀបចំដាច់ដោយឡែកសម្រាប់សកម្មជនទាំងឡាយណាដែលមានបំណងក្រេបយកចំណេះដឹងនិងជំនាញដែលមានភាពចាំបាច់ដើម្បីអាចចូលជាសមាជិកក្រុមរក្សាសន្តិភាពដោយអហិង្សា។ សូមអាន តាក់ទិច​និង​ការ​រក្សា​សន្តិភាព

៥. សរសេរទៅកាន់មេដឹកនាំនយោបាយនីមួយៗ ដែលពាក់ព័ន្ធ (ដូចជា ប្រធានាធិបតី/នាយករដ្ឋមន្ត្រី និង/ឬអ្នកមានឋានៈស្មើគ្នានៅកម្រិតរដ្ឋ/មូលដ្ឋាន ព្រមទាំងអ្នកតំណាងពួកគេ) និងប៉ូលីសជាន់ខ្ពស់បំផុតនិង/ឬមន្ត្រីយោធា (និងអ្នកតំណាងរបស់ពួកគេ) ដែលនឹងពាក់ព័ន្ធនឹងការឆ្លើយតបនឹងសកម្មភាពអហិង្សារបស់អ្នក។ ផ្តល់ព័ត៌មានឱ្យពួកគេអំពីយុទ្ធនាការនិងគោលបំណងរបស់យុទ្ធនាការ ហើយជាពិសេសណែនាំពួកគេថា យុទ្ធនាការនិងសកម្មភាពនៅក្នុងនោះនឹងមានលក្ខណៈអហិង្សា ព្រមទាំងផ្តល់ជូនពួកគេនូវច្បាប់ថតចម្លងអំពីក្រមវិន័យអហិង្សា។

៦. កំណត់អត្តសញ្ញាណកម្លាំងប៉ូលីសនិង/ឬយោធា (រួមមាន ប៉ូលីសតាមមូលដ្ឋានឬថ្នាក់ជាតិ/យោធាផ្លូវទឹកពីរដ្ឋាភិបាលកណ្តាល) ព្រមទាំងក្រុមប្រតិបត្តិការពិសេសណាមួយដែលនឹងឆ្លើយតបនឹងសកម្មភាពអហិង្សារបស់អ្នក។ ជ្រើសរើសបុគ្គលសមរម្យមួយចំនួន (យកចិត្តទុកដាក់ទៅលើតុល្យភាពយេនឌ័រ, ជាតិសាសន៍, សាសនា ឱ្យសមរម្យទៅតាមកត្តាក្នុងស្រុក) បង្កើតជាក្រុមរៀបចំការប្រជុំជាមួយក្រុមប៉ូលីស/យោធា និងរៀបចំជាទៀងទាត់ជាមួយមន្ត្រីប៉ូលីស/យោធាជាន់ខ្ពស់ដែលទទួលខុសត្រូវចំពោះប្រតិកម្មរបស់ប៉ូលីស/យោធា។ សូមអាន ‘របៀបដែលសកម្មជនអាចរៀបចំការប្រជុំជាមួយក្រុមប៉ូលីស’ និង ‘សកម្មភាពរបស់សកម្មជននិងប៉ូលីស’។ បើពួកគេធ្វើកិច្ចព្រមព្រៀងជាមួយអ្នកឬគំរាមកំហែងអ្នក នេះគឺជារបៀបដែល[អ្នកអាច]ឆ្លើយតបនឹងពួកគេ៖ ‘កិច្ចព្រមព្រៀងជាមួយនឹងប៉ូលីសនិងការគំរាមកំហែង៖ តើសកម្មជនអហិង្សាគួរឆ្លើយតបដោយរបៀបណា?’

 

ដោយហេតុថា នៅក្នុងយុទ្ធសាស្ត្រ ការសម្ងាត់ទទួលបានលទ្ធផលផ្ទុយ ដូចការបំផ្លាញសម្ភារៈដែរ, សូមអាន ‘វត្ថុបំណងនយោបាយនិងគោលដៅយុទ្ធសាស្ត្រនៃសកម្មភាពអហិង្សា’ ដូចបានយោងខាងលើសម្រាប់សេចក្តីពន្យល់ពិស្តារ, សូមផ្តល់ព័ត៌មានដល់មន្ត្រីប៉ូលីស/យោធាឱ្យបានពេញលេញអំពីសេចក្តីលម្អិតនៃផែនការសកម្មភាពគ្រប់យ៉ាងនិងប្រគល់ច្បាប់ថតចម្លងអំពីក្រមវិន័យអហិង្សាជូនពួកគេ។ ស្នើសុំឱកាសប្រាស្រ័យទាក់ទងនឹងបុគ្គលិកប៉ូលីស/យោធាទាំងអស់ដែលនឹងពាក់ព័ន្ធនឹងការរក្សាសណ្តាប់ធ្នាប់អនុវត្តច្បាប់នៅក្នុងសកម្មភាពណាមួយ ដើម្បីឱ្យអ្នកអាចផ្តល់ព័ត៌មានដល់ពួកគេបានសព្វគ្រប់។ បើត្រូវបានគេបដិសេធក៏វាមិនចោទជាបញ្ហាទេ ដែលនេះជាករណីទំនងជាកើតឡើង។

៧. រៀបចំដឹកនាំសមាជិកនៃក្រុមរៀបចំការប្រជុំជាមួយក្រុមប៉ូលីស/យោធា ទៅចួបសំណេះសំណាលជាមួយនឹងពួកគេ ទៅដល់ទីស្នាក់ការប៉ូលីសតាមមូលដ្ឋានឬឃ្លាំងកងទ័ព ដើម្បីនិយាយដោយគោរពជាមួយមន្ត្រីនីមួយៗ អំពីយុទ្ធនាការនិងប្រគល់ជូនពួកគេនូវច្បាប់ថតចម្លងអំពីក្រមវិន័យអហិង្សា។ យកចិត្តទុកដាក់ស្តាប់[ពួកគេរៀបរាប់]ពីសេចក្តីភ័យខ្លាចនិងក្តីព្រួយបារម្ភរបស់ពួកគេ បើកាលៈទេសៈសមស្រប ឆ្លុះបញ្ចាំងអារម្មណ៍ពីរបស់ពួកគេប្រាប់ពួកគេវិញ  ទន្ទឹមនឹងនោះក៏នៅតែរក្សាភាពច្បាស់លាស់អំពីភាពចាំបាច់នៃបញ្ហា នៅក្នុងទស្សនៈនិងការប្តេជ្ញារបស់អ្នក យកសកម្មភាពអហិង្សាទៅប្រាប់ពីបញ្ហានោះដដែល។ ការប្រាស្រ័យទាក់ទងនេះត្រូវបានរចនាឡើងដើម្បីកាត់បន្ថយសេចក្តីភ័យខ្លាចរបស់ប៉ូលីស/យោធា និងប្រឆាំងនឹងការបំពាក់មនោគមវិជ្ជា (ដូចជា ពួកបាតុករទាំងអស់សុទ្ធតែជាមនុស្សដែលទាមទារឥតឈប់) ដែលធ្វើឱ្យប៉ូលីស/យោធាមើលទៅកាន់សកម្មជនថាគ្មានលក្ខណៈជាមនុស្ស។ កុំព្រួយបារម្ភថា គេមិនអនុញ្ញាតឱ្យមានការទាក់ទងគ្នានេះ ចូរបន្តស្នើ។ នៅពេលដែលយុទ្ធនាការរបស់អ្នកផ្សព្វផ្សាយចេញទៅ អ្វីដែលមិនអាចទៅរួចពីមុន ពេលខ្លះអាចនឹងទៅរួចនៅពេលក្រោយ។ ពេលមន្ត្រីនីមួយៗដឹងពីយុទ្ធនាការរបស់អ្នក ការប្តេជ្ញានិងវិន័យរបស់អ្នក ពួកគេមួយចំនួននឹងស្វែងរកវិធីជួយអ្នក ដោយមិនផ្លូវការ។

៨. ប្រព្រឹត្តចំពោះប៉ូលីសនិងមន្ត្រីយោធាដោយក្តីគោរពនិងសុភាពរាបសា។ ពួកគេក៏មានគ្រួសារ សេចក្តីព្រួយបារម្ភ ហើយក៏ចង់ឱ្យពិភពលោកក្លាយជាកន្លែងល្អប្រសើរជាងនេះទៅតាមរបៀបរបស់ពួកគេដែរ។ តោងចងចាំថា ពួកគេមានចំណុចដូចគ្នានឹងពួកយើងច្រើនជាងពួកឥស្សរជនទាំងនោះឆ្ងាយណាស់ ប៉ូលីសនិងយោធា[គ្រាន់តែ]ត្រូវបានពួកឥស្សរជននោះជួលឱ្យការពារប្រយោជន៍របស់ពួកគេប៉ុណ្ណោះ។ ផ្តល់ឱកាសឱ្យពួកគេជ្រាបពីចំណុចនេះ។ ជាការពិតណាស់ មិនមែនគ្រប់ប៉ូលីសនិងមន្ត្រីយោធាទាំងអស់នឹងឆ្លើយតបនោះទេ។ ពួកគេខ្លះមានរបួសផ្លូវចិត្តជាទម្ងន់ និងត្រូវបានគេជ្រើសរើស ដោយសារតែមានលក្ខណៈផ្លូវចិត្តបែបនេះ ដើម្បីបំពេញតួនាទីនៅក្នុងរចនាសម្ពន្ធប៉ូលីស/យោធាដែលមានលក្ខណៈហិង្សាដូចគ្នា។ ប៉ុន្តែបើអ្នកជ្រើសយកការប្រព្រឹត្តចំពោះពួកគេគ្រប់គ្នាថាជាមនុស្សដូចគ្នា អ្នកនឹងទទួលបានការឆ្លើយតបល្អបំផុតតាមដែលអាចទៅរួចនៅក្នុងកាលៈទេសៈនេះ។ ពួកយើងព្យាយាមកែប្រែពិភពលោក៖ បើកទូលាយដល់មនុស្សទាំងឡាយបានកាន់ធំកាន់តែល្អ តាមដែលអាចធ្វើបាន ដើម្បីឱ្យពួកគេអាចចូលរួមជាមួយពួកយើងដែរ។

៩. ចេញផ្សាយព័ត៌មានដែលពន្យល់ដោយសង្ខេបអំពីបញ្ហានិងទាញចំណាប់អារម្មណ៍ទៅកាន់ការប្តេជ្ញាប្រកាន់យកអហិង្សារបស់ក្រុមរបស់អ្នក ចែកចាយវាទៅឱ្យសារព័ត៌មាននិងបណ្តាញសង្គម (និងសរសេរលិខិតទៅកាន់បណ្ណាធិការកាសែត បើចាំបាច់) ណែនាំមេដឹកនាំនយោបាយនិងមន្ត្រីប៉ូលីស/យោធាជាន់ខ្ពស់បំផុតអំពីការប្តេជ្ញានេះ រួមទាំងច្បាប់ថតចម្លងអំពីក្រមវិន័យអហិង្សាផង។

១០. រៀបចំដឹកនាំក្រុមរៀបចំការប្រជុំនឹងប៉ូលីស/យោធា (ដែលក្រុមដដែលនេះមិនគួរចូលរួមសកម្មភាពនៅថ្ងៃធ្វើសកម្មភាព) ដើម្បីចួបប៉ូលីស/យោធា នៅមុនពេលធ្វើសកម្មភាពណាមួយ។ បើអាចទៅរួច ពួកគេគួរនិយាយជាមួយមន្ត្រីនីមួយៗដាច់ដោយឡែក ហើយជូនច្បាប់ថតចម្លងអំពីក្រមវិន័យអហិង្សាទៅពួកគេ។ បើមិនអាចទៅរួចទេ ម្នាក់ក្នុងចំណោមអ្នកចាត់ចែងសកម្មភាពទាំងឡាយឬសមាជិកនៃក្រុមធ្វើការប្រជុំជាមួយប៉ូលីស គួររំឭកប៉ូលីស/យោធា (តាមរយៈប្រព័ន្ធផ្តល់ព័ត៌មានជាសាធារណៈ ដូចជានិយាយតាមក្បាលមេក្រូនៅលើវេទិកា) អំពីការប្តេជ្ញារបស់សកម្មជនអំពីលក្ខណៈអហិង្សា។ ចំណុចនេះអាចបន្ថយភាពភ័យខ្លាចរបស់ប៉ូលីសឬយោធាដែលទំនងជាឧស្សាហ៍ត្រូវគេព្រមានឱ្យរំពឹងទុកពីអំពើហិង្សាកើតឡើងពីសំណាក់សកម្មជន។

បើអ្នករំពឹងថាអាជ្ញាធរទំនងជាប្រើប្រាស់ប៉ូលីស/យោធា ដែលនិយាយភាសាផ្សេង ដើម្បីពួកគេអាចរារាំងអ្នកមិនឱ្យប៉ុនប៉ងទាក់ទងជាមួយភ្នាក់ងារទាំងនោះ ពេលអ្នកធ្វើសកម្មភាពដែលជាករណីកម្រកើតមាន អ្នកនឹងត្រូវការសកម្មជនខ្លះដែលអាចនិយាយភាសារបស់ពួកគេដែរ ហើយសំណៅក្រមវិន័យអហិង្សានឹងត្រូវការជាភាសាដែលពាក់ព័ន្ធនោះដូចគ្នា។

តើអ្នកកំពុងចាប់ផ្តើមងឿងឆ្ងល់អំពីមូលហេតុដែលខ្ញុំសង្កត់ធ្ងន់អំពីសារៈសំខាន់នៃចាប់ផ្តើមនិងបន្តការសន្ទនាខ្លាំងម្ល៉េះណាស់ទេ? នៅពាសពេញទំព័រប្រវត្តិសាស្ត្រ កម្លាំងយោធានិង/ឬប៉ូលីសបានមិនគោរពបញ្ជាឱ្យបង្ក្រាបសកម្មជនអហិង្សា។ ការសន្ទនារវាងសកម្មជនទាមទារលទ្ធិប្រជាធិបតេយ្យចិននៅទីក្រុងប៉ីជីងនៅឆ្នាំ១៩៨៩ និងកងពលនៃទាហានរំដោះរបស់ប្រជាជន មានប្រសិទ្ធភាពយ៉ាងខ្លាំង ដែលធ្វើឱ្យការប៉ុនប៉ងបណ្តេញបាតុករចេញពីទីលានប្រជាធិបតេយ្យដំបូងរបស់របបផ្តាច់ការចិន នៅថ្ងៃទី២០ ខែឧសភា ត្រូវបានខកខានទាំងស្រុង។ នៅឆ្នាំ១៩៩១ ការសន្ទនារវាងសកម្មជនអហិង្សានៃអង្គការ ‘Living Ring’ (ដែលបានលោមព័ទ្ធសេតវិមានរុស្ស៊ីបន្ទាប់ពីរដ្ឋប្រហារសូវៀត) និងកងពលសូវៀតបានជំរុញឱ្យមានការបដិសេធមិនវាយប្រហារសេតវិមានរុស្ស៊ីនិងមិនសម្លាប់ប្រជាជនសូវៀត។ អ៊ីចឹង ខ្ញុំអាចបន្តទៅចំណុចផ្សេងទៀតបានហើយ។

ប៉ូលីសបង្ក្រាបកុបកម្មនៅប្រទេសថៃ បានដោះមួកនិងខែលរបស់ពួកគេចេញ ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយសកម្មជនអហិង្សា ដែលធ្វើយុទ្ធនាការទម្លាក់រដ្ឋាភិបាលពុករលួយរបស់នាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីន៉ាវ៉ាត្រា នៅថ្ងៃទី៦ ធ្នូ ឆ្នាំ ២០១៣។

ប៉ូលីសបង្ក្រាបកុបកម្មនៅប្រទេសថៃ បានដោះមួកនិងខែលរបស់ពួកគេចេញ ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយសកម្មជនអហិង្សា ដែលធ្វើយុទ្ធនាការទម្លាក់រដ្ឋាភិបាលពុករលួយរបស់នាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីន៉ាវ៉ាត្រា នៅថ្ងៃទី៦ ធ្នូ ឆ្នាំ ២០១៣។

១១. បើសិនតាក់ទិចត្រូវបានជ្រើសរើសទៅតាមយុទ្ធសាស្ត្រ វានឹងស៊ីគ្នាជាមួយនឹងយុទ្ធសាស្ត្រ ហើយនិងមានគោលដៅយុទ្ធសាស្ត្រដែលត្រូវបានកំណត់ច្បាស់លាស់ ទន្ទឹមនឹងនោះក៏ជ្រើសរើសទីកន្លែងនិងពេលវេលាធ្វើសកម្មភាពឱ្យបានជាក់លាក់, កំណត់ចំនួនសកម្មជនដែលនឹងពាក់ព័ន្ធ និងកំណត់កម្រិតអប់រំអំពីអំពើអហិង្សាព្រមទាំងបទពិសោធដែលតម្រូវឱ្យពួកគេមាន ដើម្បីឱ្យមានវិន័យនិងមានប្រសិទ្ធភាពនៅក្នុងកាលៈទេសៈនោះ។ សាកល្បងប្រើ ‘ខិត្តបណ្ណសកម្មភាព’ ដើម្បីពន្យល់អំពីសេចក្តីលម្អិតចម្បងនៃសកម្មភាពណាមួយដែលពាក់ព័ន្ធទស្សនិកជននៅថ្ងៃនោះ។

១២. ធ្វើផែនការអំពីតាក់ទិចឱ្យលម្អិតនិងពេញលេញ។ ឧ. បើសកម្មភាពពាក់ព័ន្ធនឹងទម្រង់បែប អន្តរាគមន៍ (ដូចជា អង្គុយនៅមុខអាត្រាក់ទ័រឬក៏បិទច្រកចូលមូលដ្ឋានទ័ពឬកន្លែងធ្វើការ) ដែលបង្កើនហានិភ័យប្រឈមជាមួយនឹងកម្មករ (ដែលអ្នកក៏គួរតែបង្កើតទំនាក់ទំនងជាមួយជាមុនសិន) និង/ឬជាមួយនឹងប៉ូលីស/យោធា, សម្រេចចិត្តយកសេចក្តីលម្អិត [នៃសកម្មភាព] ដូចជាតើថាសកម្មជននឹងឈរ អង្គុយ ផ្តេកខ្លួន, ថាតើពួកគេនឹងប្រឈមមុខឬចៀសចេញពីកម្មករនិង/ឬប៉ូលីស/យោធា, ឥរិយាបថបែបណាដែលពួកគេប្រើ, តើថាពួកគេនឹងច្រៀង, ឬក៏រក្សាភាពស្ងៀមស្ងាត់ ឬធ្វើអ្វីផ្សេង និងថាតើពួកគេនឹងតភ្ជាប់គ្នាទៅតាមរបៀបជាក់ស្តែងមួយចំនួន (ឧ. យកអំបោះចងសកម្មជនភ្ជាប់គ្នា) ដែលធ្វើឱ្យពិបាកបំបែកចេញពីគ្នា។ សកម្មភាពលម្អិតនេះមានសារៈសំខាន់ ពីព្រោះវាពិបាក [រកហេតុផល] វាយដំលើមនុស្សដែលអង្គុយស្ងៀម។ ឆ្លើយតបនឹងបាតុកម្មប្រឆាំងនឹងការបង់ពន្ធនៅទីក្រុង Beit Sahour នៃប្រទេសប៉ាឡេស្ទីន នៅឆ្នាំ១៩៨៨ កងទ័ពរបស់អ៊ីស្រាអែលលោមព័ទ្ធទីក្រុងនិងបញ្ជាក្រុមអ្នកប្រឆាំងនឹងការបង់ពន្ធឱ្យបំបែកគ្នា។ ទោះបីយ៉ាងណា ដោយទង្វើរឹងទទឹង សកម្មជនអង្គុយផ្ទាល់ដីនៅតាមផ្លូវនិងកាន់ដៃគ្នាយ៉ាងស្ងៀមស្ងាត់ ធ្វើឡើងដើម្បីកុំឱ្យកងទ័ពមានលេសដោះសាបាញ់ប្រហារសកម្មជន។

មានចំណុចសំខាន់គួរឱ្យកត់សម្គាល់ដែលថា តាក់ទិចដែលពាក់ព័ន្ធនឹងសកម្មភាពដូចជា ‘ចាក់សោខ្លួនឯង’ ឱ្យជាប់ទៅនឹងអ្វីមួយ (ឧ. ដោយប្រើប្រាស់សោដែកនិងបំពង់ទឹកជាដើម) ឬការកម្ទេចគ្រឿងបរិក្ខារ ត្រូវបានគេយល់ខុស (ក្នុងបរិបទខ្លះ គេហៅថា monkey wrenching)។ វាផ្អែកទៅលើជំនឿភ័ន្តច្រលំដែលថា វត្ថុបំណងនយោបាយនៃសកម្មភាពគឺជាអ្វីដែលសំខាន់ មិនមែនគោលដៅយុទ្ធសាស្ត្ររបស់វា (ដែលជាក់ស្តែងណាស់មិនត្រូវបានកំណត់)។ សូមអាន ‘វត្ថុបំណងនយោបាយនិងគោលដៅយុទ្ធសាស្ត្រនៃសកម្មភាពអហិង្សា’។

១៣. ពិចារណាប្រើប្រាស់តាក់ទិចដែលសង្កត់ធ្ងន់់ទៅលើការពង្រាយជាជាងប្រមូលផ្តុំគ្នា។ ប្រសិទ្ធភាពរបស់តាក់ទិចដែលពាក់ព័ន្ធនឹងការពង្រាយគ្នាក្នុងការកាត់បន្ថយអំពើហិង្សាត្រូវបានបង្ហាញនៅក្នុងយុទ្ធនាការជាច្រើន។ ឧ. កំលុងពេលឆ្នាំ ១៩៣០-១៩៣១ នៅក្នុងយុទ្ធនាការទាមទារឯករាជ្យនៅឥណ្ឌា ប្រភេទចម្បងនៃការបង្ក្រាប (ចាប់ដាក់គុក) ប្រើប្រាស់ប្រឆាំងនឹងប្រជាជននៅទូទាំងឥណ្ឌា ដែលផលិតអំបិល មានលក្ខណៈមិនខ្លាំងក្លាឡើយ បើធៀបនឹងការវាយដំទៅលើសកម្មជនដែលប៉ុនប៉ងកាន់កាប់កន្លែងធ្វើអំបិលនៅទីក្រុងថារ៉ាសាន៉ា។ កាន់តែមានប្រសិទ្ធភាពជាងនេះទៀត គឺពហិការមិនទិញដំលូងនៅអាហ្វ្រិកខាងត្បូងឆ្នាំ១៩៤៩ ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងការប្រើប្រាស់អតីតឧក្រិដ្ឋជនជាទាសករនៅកសិដ្ឋានដាំដំលូង។ រដ្ឋាភិបាលមិនអាចបំបែកយុទ្ធនាការនេះបានឡើយ នៅពេលដែលម្ចាស់កសិដ្ឋាននិងឈ្មួញរួមគ្នា ហើយក៏ការបង្រ្កាបដោយមានប្រសិទ្ធភាពមិនទៅរួច។ សូមអាន Albert Luthuli. Let My People Go: An Autobiography. London: Collins, 1962. pp. 217-219.

១៤. បើសិនតាក់ទិចដែលពាក់ព័ន្ធនឹងការប្រមូលផ្តុំគ្នាត្រូវបានជ្រើសរើស ពិចារណារៀបចំវាទៅតាមរបៀបថ្មីប្លែកឬក៏ប្រើប្រាស់ការអនុវត្តបែបប្រពៃណីដោយបន្ថែមអត្ថន័យថ្មី។ ឧ. ក្នុងកាលៈទេសៈដែលការប្រមូលផ្តុំគ្នាសម្តែងមតិត្រូវបានហាមឃាត់ គេអាចធ្វើសកម្មភាពនៅក្នុងទម្រង់ជាក្បួនហែសព ឬក៏ដូចករណីដែលឧស្សាហ៍កើតឡើងនៅទីប៉េ គឺពិធីសាសនា។

១៥. រៀបចំការសម្តែងដើរតួ ដើម្បីផ្តល់ឱកាសឱ្យសកម្មជនរៀនអំពីរបៀបដោះស្រាយបញ្ហាកើតដោយយថាហេតុ ដូចជា ការគំរាមកំហែងពីប៉ូលីស (ដោយឯកសណ្ឋាន, ឧបករណ៍ការពារ, អាវុធ និងយានជំនិះ), លោមព័ទ្ធ (បង្ខាំងសកម្មជនដើម្បីចាប់ខ្លួនឬចល័តពួកគេ), សំឡេងដែលបង្កការឈឺចាប់ (បង្កឡើងដោយឧបករណ៍បំពងសំឡេងចម្ងាយឆ្ងាយ) និងអាវុធផ្សេងៗ ដូចជាអាវុធគីមី និងដទៃទៀត (ដូចជា កំប៉ុងបាញ់ថ្នាំដែលធ្វើឱ្យមើលមិនឃើញបណ្តោះអាសន្ន, ឧស្ម័នបង្ហូរទឹកភ្នែក, ដំបង, កាណុងបាញ់ទឹកនិងគ្រាប់កាំភ្លើងកាំស៊ូឬឈើ)។

វាជាសំណើដ៏លំបាក តែប្រវត្តិសាស្ត្របានបង្ហាញយ៉ាងច្បាស់ថា សកម្មជនដែលប្រកបដោយសេចក្តីក្លាហានទ្រាំទ្រនឹងការបង្ក្រាបនៅកម្រិតនេះបាន ដូចដែលសកម្មជនជាច្រើនបានធ្វើនៅប្រទេសជាច្រើនជុំរិញពិភពលោក នឹងទទួលបានផលជាច្រើនសម្រាប់យុទ្ធនាការរបស់ពួកគេ។ ឧ. ‘ការប្រមូលផ្តុំគ្នាខុសច្បាប់’ នៅទីក្រុងរ៉ង់ហ្គូននៃប្រទេសភូមានៅឆ្នាំ១៩៨៩ អ៊ុង សាន ស៊ូ ជី បានប្រើប្រាស់ពាក្យពេចន៍យ៉ាងប្រុងប្រយត្ន ដើម្បីធ្វើឱ្យហ្វូងមហាជនមានវិន័យ  បន្ទាប់ពីពួកគេត្រូវបានគំរាម ប្រើកម្លាំងបំបែកដោយហិង្សាពីពួកយោធា តែគ្មាននរណាធ្វើចលនាអ្វីឡើយ។ (ផ្ទុយទៅវិញ ហ្វូងមហាជនដែលគ្មានការរៀបចំនិងគ្មានវិន័យនៅទីក្រុង Amritsar នៃប្រទេសឥណ្ឌា ឆ្នាំ១៩១៩ និងនៅទីក្រុង Sharpeville នៃប្រទេសអាហ្រ្វិកខាងត្បូង ឆ្នាំ១៩៦០ ត្រូវបានបាញ់ នៅពេលពួកគេរត់គេច និងបានបន្សល់ទុកមនុស្សស្លាប់ជាច្រើននាក់។) សកម្មជនធ្វើបាតុកម្មប្រឆាំងនឹងការប្រើប្រាស់ទារុណកម្មនៅប្រទេសឆីល ជារឿយៗត្រូវបានគេបាញ់ទឹកដែលយកចេញលូទឹកស្អុយ ឬទឹកលាយជាមួយសារជាតិគីមីគ្រោះថ្នាក់ទៀតផង រីឯក្រុមស្រ្តីដែលធ្វើបាតុកម្មប្រឆាំងស្ថានីយ៍អាវុធនុយក្លែអ៊ែរ Greenham Common ត្រូវបានគេដោយប្រើប្រាស់បច្ចេកវិទ្យាបង្ក្រាបដោយសំឡេង ពន្លឺ ឬអេឡិចត្រូម៉ាញ៉េទិច។ ពិតប្រាកដណាស់ សត្យាគ្រហីនៅទីក្រុង Dharasana នៃប្រទេសឥណ្ឌា នៅថ្ងៃទី២១ ឧសភា ១៩៣០ ត្រូវបានគេវាយសំពងក្បាលដោយប្រើប្រាស់ព្រនុងមានចុងធ្វើពីដែកថែប នាំឱ្យមនុស្សរងរបួស ៣២០នាក់ រួមមានមានអ្នកបែកលលាក្បាលជាច្រើននាក់ និងពីរនាក់ស្លាប់។ នៅក្នុងករណីទាំងបីករណីនេះ សកម្មជនសុទ្ធប្រឈមនឹងការបង្ក្រាប។

ជំរុំរបស់ប្រជាជននៅភាគខាងលិចនៃវាលខ្សាច់សាហារ៉ាដែលធ្វើការកាន់កាប់ដោយអហិង្សានៅ Gdeim Izik, ជាយក្រុង Layyoune រដ្ឋធានីសាហារ៉ាខាងលិច ត្រូវបានបំផ្លាញ ហើយសកម្មជនអហិង្សាមួយចំនួនត្រូវបានសម្លាប់ដោយកម្លាំងសន្តិសុខម៉ូរ៉ូកូដែលធ្វើការកាប់កាន់នៅថ្ងៃទី៨ វិច្ឆិកា ២០១០។

 

ធានាឱ្យបានថា អ្នកចូលរួមក្នុងយុទ្ធនាការរបស់អ្នកទទួលបានការគាំទ្រផ្ទាល់ខ្លួនច្រើនបំផុតដើម្បីបង្កើតសេចក្តីក្លាហានឱ្យដល់កម្រិតនេះ។ រៀបចំជាការដើរតួសម្តែងនិងបន្ទាប់មកអញ្ជើញប្រជាជនឱ្យចូលរួម ដើម្បីបណ្តុះការឆ្លើយតបដោយក្តីក្លាហាននិងដោយអហិង្សា ទៅកាន់លទ្ធភាពកើតអំពើហិង្សាផ្សេងៗ៖ ឧ. រកឱ្យឃើញថា គ្នីគ្នាសកម្មជនអហិង្សារបស់អ្នកនឹងធ្វើអ្វីដើម្បីទប់ស្កាត់ផលអាក្រក់ចេញពីកំប៉ុងបាញ់ថ្នាំដែលធ្វើឱ្យមើលមិនឃើញបណ្តោះអាសន្ននិងឧស្ម័នបង្ហូរទឹកភ្នែក។ បើអ្នកចូលរួមខ្លះរកឃើញថាពួកគេមិនទាន់រួចរាល់នឹងអាចរួមចូលក្នុងសកម្មភាពកម្រិតនេះទេ ផ្តល់ឱកាសចូលរួមដទៃទៀត រហូតដល់ពួកគេរួចរាល់។ ទីក្រុងរ៉ូមមិនមែនកសាងឡើងដោយប្រើពេលតែមួយថ្ងៃនោះឡើយ!

ប៉ូលីសបង្ក្រាបកុបកម្មហ្ស៊ីមប៉ាបវ៉េវាយដំសកម្មជនអហិង្សានៅពេលដែលពួកគេបំបែកបាតុករប្រមាណ១០០នាក់ ដែលតវ៉ាប្រឆាំងនឹងផែនការរបស់ធនាគារកណ្តាល ក្នុងការនាំយកក្រដាសប្រាក់នៅស្រុកមកប្រើប្រាស់ឡើងវិញ, Harare ថ្ងៃទី១៧ សីហា ២០១៦។ ប្រភពរូបភាព Reuters/Philimon Bulawayoប៉ូលីសបង្ក្រាបកុបកម្មហ្ស៊ីមប៉ាបវ៉េបញ្ជាដោយមេដឹកនាំផ្តាច់ការ រ៉ូបឺត ម៉ូហ្គាបេ វាយដំសកម្មជនអហិង្សានៅពេលដែលពួកគេបំបែកបាតុករប្រមាណ១០០នាក់ ដែលតវ៉ាប្រឆាំងនឹងផែនការរបស់ធនាគារកណ្តាល ក្នុងការនាំយកក្រដាសប្រាក់នៅស្រុកមកប្រើប្រាស់ឡើងវិញ, Harare ថ្ងៃទី១៧ សីហា ២០១៦។ ប្រភពរូបភាព Reuters/Philimon Bulawayo

១៦. មានផែនការបម្រុងសម្រាប់តាក់ទិចនីមួយៗ ដែលទំនងជា[អ្នកអនុវត្ត]រងអំពើហិង្សាពីប៉ូលីស/យោធា។ ផែនការនេះគួរតែត្រូវបានបញ្ចេញឱ្យអ្នកចូលរួមទាំងអស់ដឹង មុនពេលធ្វើសកម្មភាព វាអាចត្រូវបានគេរៀបរាប់នៅក្នុងខិត្តបណ្ណសកម្មភាព និងចែកចាយឱ្យប្រជាជននៅពេលមកចូលរួមធ្វើសកម្មភាព ហើយអ្នកចាត់ចែងសកម្មភាពគួរតែពន្យល់វាម្តងទៀតនៅពេលចាប់ផ្តើមធ្វើសកម្មភាព និង អាចអនុវត្តវាបានក្នុងរយៈពេលខ្លី។ បើអាច ផែនការនេះគួរតែសង្កត់ធ្ងន់លើការរក្សាការឃ្លាំមើល នៅកំលុងពេលធ្វើសកម្មភាព ដើម្បីលុបបំបាត់លទ្ធភាពដែលសកម្មជននឹងពើបប្រទះនឹងភាពភ្ញាក់ផ្អើល។ ផែនការនេះគួររាប់បញ្ចូលការត្រៀមសកម្មភាពងាយៗមួយចំនួន ដែលត្រូវបានរចនាឡើងដើម្បីប្រឆាំងនឹងលទ្ធភាពកើតអំពើហិង្សា និងសកម្មភាពងាយៗសម្រាប់ត្រៀមឆ្លើយតបនឹងអំពើហិង្សានោះ នៅពេលដែលវាចាប់ផ្តើមកើតឡើងផងដែរ។ ឧ. នៅទីក្រុង Ixopo នៃប្រទេសអាហ្វ្រិកនៅឆ្នាំ១៩៥៩ បាតុករស្ត្រីមួយក្រុមត្រូវបានគេបញ្ជាឱ្យបំបែកគ្នា ប៉ុន្តែមុនពេលប៉ូលីសត្រូវបានគេបញ្ជាឱ្យបើកការវាយបង្ក្រាបនឹងដំបូងខែល ក្រុមស្ត្រីដ៏មានសណ្តាប់ធ្នាប់បានឱនក្រាបនិងចាប់ផ្តើមធ្វើការបន់ស្រន់។ ជាការឆ្លើយតប ប៉ូលីសបានត្រឹមតែនៅស្ងៀមនៅទីនោះប៉ុណ្ណោះ។ សូមអាន Luthuli p. 196.

 

១៧. ធានាឱ្យបានថា សកម្មជនទទួលបានការណែនាំគ្រប់គ្រាន់អំពីហានិភ័យនៃការចាប់ខ្លួននិងផលវិបាកផ្លូវច្បាប់របស់វា ហើយក៏មានឱកាសគ្រប់គ្រាន់ក្នុងការសម្រេចអំពីករណីនេះ។ អត្ថបទមានចំណងជើងថា ‘តើខ្ញុំគួរឱ្យគេចាប់ខ្លួនឬទេ?’ ទំនងជាឯកសារពិគ្រោះដែលអាចប្រើប្រាស់បាន។ បើសកម្មជនមួយចំនួនមិនមានឆន្ទៈប្រថុយឱ្យគេចាប់ខ្លួនទេ ក្នុងករណីដែលវាអាចកើតមាន បង្កើតរបៀបថ្មីក្នុងការចូលរួមដែលមិនពាក់ព័ន្ធនឹងហានិភ័យនេះ (ច្នៃតាក់ទិចដែលពាក់ព័ន្ធនឹងការពង្រាយគ្នាអនុវត្ត)។ បច្ចុប្បន្ននេះ នៅក្នុងបរិបទជាច្រើន ការរំពឹងថាគ្មានការចាប់ខ្លួនកើតឡើងពុំបង្ហាញពីភាពឈ្លាសវៃ។ បើរំពឹងទុក/មានចេតនាឱ្យគេចាប់ខ្លួន  គួររៀបចំ ‘ក្រុមគាំទ្រអ្នកត្រូវបានគេចាប់ខ្លួន’ (ដែលនឹងរួមមានអ្នកច្បាប់ម្នាក់ឬច្រើន) សម្រាប់សកម្មភាពរបស់អ្នកនិងធ្វើឱ្យប្រាកដថាពួកគេមានបញ្ជីឈ្មោះពេញលេញមួយអំពីអ្នកដែលមានផែនការឱ្យគេចាប់ខ្លួន ដោយកត់សម្គាល់ថាតើអ្នកចាប់ខ្លួនទាំងនោះមានចេតនាទទួលប្រាក់ធានាឬក៏អត់ ហើយនិងអ្នកដែលពួកគេចង់ប្រាប់អំពីការចាប់ខ្លួនរបស់ពួកគេផង។ គេក៏ត្រូវការការរៀបចំការគាំទ្រផ្នែកច្បាប់នៅគា្របន្ទាប់មកដែរ។

១៨. តែងតាំងអ្នកចាត់ចែងសកម្មភាពពីររូបដែលមានសមត្ថភាពក្នុងការពន្យល់និងតម្រែតម្រង់សកម្មភាពដោយតំណាងឱ្យក្រុមដែលរៀបចំសកម្មភាពទាំងមូល ហើយក៏គួរមានអ្នកចាត់ចែងសកម្មភាពបម្រុងមួយក្រុមផងដែរ សម្រាប់ក្នុងករណីដែលអ្នកចាត់ចែងសកម្មភាពខាងដើមទាំងពីរត្រូវបានអូសចេញពីហ្វូងបាតុករនិងចាប់ខ្លួនដោយក្រុមប៉ូលីសដែលចាត់ទុកអ្នកដឹកនាំការតវ៉ាជាមុខសញ្ញា។ ចាត់ចែងសកម្មភាព គឺរួមមានកំណត់គោលដៅយុទ្ធសាស្ត្រនៃសកម្មភាព បង្ហាញពីលក្ខណៈអហិង្សារបស់វា (ស្នើឱ្យប្រជាជនគោរពវិន័យអហិង្សានេះ ពុំនោះទេដកខ្លួនចេញពីសកម្មភាព), បង្កើតអារម្មណ៍សក្តិសម [នឹងស្ថានភាព] (ឧ. អបអរសាទរឬកាន់ទុក្ខ), ទាក់ទាញការយកចិត្តទុកដាក់ចំពោះខិត្តបណ្ណសកម្មភាព, រៀបចំគម្រោងបង្ការសុវត្ថិភាពឬផែនការបម្រុង និងសម្របសម្រួលសកម្មភាពតាមរយៈដំណាក់កាលនានា នៅកំលុងដំណើរការធ្វើផែនការ។ ធ្វើបែបនេះនឹងជួយប្រជាជនឱ្យយល់អំពីប្រភេទនៃសកម្មភាពនិងដើម្បីប្រឆាំងនឹងគម្រោងរបស់បុគ្គលឬក្រុមដែលមានរបៀបវារៈផ្ទុយ។

១៩. រៀបចំក្រុមអ្នកមើលការនិងក្រុមអ្នករក្សាសន្តិភាពដែលត្រូវបានកំណត់ច្បាស់លាស់ (ដែលអាចដោះស្រាយជាមួយនឹងអំពើហិង្សាពីសកម្មជន, អ្នកញ៉ុះញង់ ឬកម្មករ)  ឱ្យមានវត្តមាននៅក្នុងកន្លែងធ្វើសកម្មភាពអហិង្សាណាមួយ ដែលទីនោះមានលទ្ធភាពកើតអំពើហិង្សា។

២០. រៀបចំសាក្សីឯករាជ្យ (ដូចជា អ្នកឃ្លាំមើលសេរីភាពស៊ីវិល និងអ្នកអង្កេតការណ៍ផ្នែកច្បាប់) និងប្រព័ន្ធផ្សព្វផ្សាយ ទាំងមិនរកប្រាក់ចំណូលនិងដទៃទៀត, ឱ្យមានវត្តមាននៅក្នុងសកម្មភាពណាមួយ នៅទីកន្លែងដែលមានហានិភ័យកើតអំពើហិង្សាពីសំណាក់ប៉ូលីស/យោធា។  ការបង្ក្រាបហិង្សាទៅលើសកម្មជនអហិង្សាដែលប្រកាន់វិន័យនឹងរំលោភលើបទដ្ឋានវប្បធម៌និងនយោបាយ។ ដោយហេតុនេះ ប៉ូលីសនិងយោធាចូលចិត្តប្រើអំពើហិង្សាដោយបិទបាំង។ ថ្វីបើសាជីវកម្មផ្សព្វផ្សាយព័ត៌មានមិនរាយការណ៍អំពីអំពើហិង្សាពីប៉ូលីសនិងយោធា (និង/ឬផ្សាយព័ត៌មានមិនពិតអំពីសកម្មភាពរបស់អ្នក) ប្រព័ន្ធផ្សព្វផ្សាយមិនរកប្រាក់ចំណូលនិងបណ្តាញសង្គមទំនងជារាយការណ៍ពិត។

បើធ្វើតាមចំណុចនានាខាងលើ ប៉ូលីសនិង/ឬយោធានៅតែប្រព្រឹត្តអំពើហិង្សាទៀត សកម្មជនគួរតែរក្សាវិន័យរបស់ខ្លួន ដើម្បីលុបបំបាត់បានឆាប់រហ័សនូវភាពខ្លាចភ័យរបស់ប៉ូលីសអំពីប្រតិកម្មពីសកម្មជន ហើយក៏ដើម្បីរារាំងការប្រើប្រាស់អំពើហិង្សាបានលឿនដូចគ្នាដែរ។ ការរក្សាវិន័យនៅក្នុងបរិបទនេះទាមទារសេចក្តីក្លាហានខ្លាំង។ ទោះបីយ៉ាងណា ការបន្លឺសំឡេងរំខានមិនចាំបាច់, រត់គេចឬឆ្លើយតបរបៀបដូចគ្នានេះ សកម្មជនចូលរួមបង្កើតចលាចលដែលកាន់តែជំរុញអំពើហិង្សាបន្ត។ ប្រការនេះត្រូវបានបង្ហាញនៅពាសពេញប្រវត្តិសាស្ត្រ ជាច្រើនកាលៈទេសៈ រួមមានចំណុចនានាដែលត្រូវបានកត់សម្គាល់ខាងលើ។

ផ្ទុយទៅវិញ ក្រុមដែលមានវិន័យដែលនៅតែមិនធ្វើចលនា (គួរតែមានបែបបទដែលមានលក្ខណៈទៅតាមវប្បធម៌ ដូចជា ការបន់ស្រន់ឬសមាធិ) និងនៅតែស្ងៀមស្ងាត់ ឬក៏ប្រហែលអាចច្រៀងតិចៗបណ្តើរផង (ប្រហែលជាចម្រៀងថ្វាយព្រះបែបសាសនាឬភ្លេងជាតិ) មិនទំនងជាត្រូវបានវាយដំនោះទេ ហើយទោះបីជាកើតឡើងមែន ក៏មិនឋិតក្នុងរយៈពេលយូរដែរ។ ក្នុងន័យតាក់ទិច សកម្មភាពដែលមានវិន័យប្រភេទនេះគួរតែកាត់បន្ថយចំនួនអ្នករងគ្រោះ ហើយនៅក្នុងន័យយុទ្ធសាស្ត្រវិញ វាគួរតែបង្កើតឱ្យមានកម្រិតនៃការគាំទ្រខ្លាំងបំផុតសម្រាប់សកម្មជនអហិង្សានិងបុព្វហេតុរបស់ពួកគេ។

ចំណុចទាំងអស់ខាងលើ គេមិនមែនតែងតែអាចធ្វើវាបានទាំងអស់ទេ ជាពិសេស សម្រាប់បាតុកម្មបញ្ចេញមតិទ្រង់ទ្រាយធំដែលពាក់ព័ន្ធនឹងចំនួនប្រជាជនច្រើនមកពីផ្នែកផ្សេងៗគ្នានៃប្រទេស។ ប៉ុន្តែបើយើងនៅរក្សាទុកចំណុចទាំងអម្បាលម៉ាននេះនៅក្នុងចិត្ត រួចអនុវត្តចំណុចទាំងឡាយណាដែលយើងអាចធ្វើទៅបាន យើងនឹងបន្តរីកចម្រើនបង្កើនប្រសិទ្ធភាពនៃការខំប្រឹងរបស់យើងក្នុងការសូនរូបរាងពិភពលោកដែលយើងស្រមៃចង់បានដោយអហិង្សា និងបង្កើនការប្រុងប្រៀបក្នុងការរារាំងការប្រឹងប្រែងបញ្ឈប់យើងពីសំណាក់ឥស្សជន។

ចុងក្រោយ បើអ្នកមានបំណងចង់ចូលរួមចលនាសាកលដើម្បីបញ្ចប់អំពើហិង្សាគ្រប់ទម្រង់ អ្នកនឹងទទួលបានការស្វាគម ដោយចុះហត្ថលេខាលើពាក្យសន្យាតាមបណ្តាញអ៊ីនធើរនេត ធម្មនុញ្ញប្រជាជនដើម្បីបង្កើតពិភពលោកដែលគ្មានអំពើហិង្សា

បើអ្នកមានអារម្មណ៍ណែនថប់ដោយសារព័ត៌មានខាងលើ ក៏ព្រោះអ្នកមិនមានទម្លាប់ធ្វើផែនការនិងអនុវត្តយុទ្ធសាស្ត្រអហិង្សា ដោយយកចិត្តទុកដាក់លើចំណុចលម្អិតដូចជាភាគីម្ខាងដែលប្រើប្រាស់យោធា។ ប៉ុន្តែបើយើងនឹងហ៊ានប្រឈមនឹងហានិភ័យដែលចាំបាច់ ដើម្បីសង្គ្រោះពិភពលោករបស់យើង ពួកយើងអាចធ្វើវាដោយមានយុទ្ធសាស្ត្រ។

 

អត្ថបទដើមដែលមានចំណងជើងថា ‘កាត់បន្ថយហានិភ័យពីអំពើហិង្សារបស់ប៉ូលីស’ និងត្រូវបានបោះផ្សាយនៅក្នុងទស្សនាវដ្ដី Nonviolence Today  លេខ ៤០, កញ្ញា-តុលា ១៩៩៤. ទំ. ១៧-១៨។ អត្ថបទដដែលត្រូវបានកែប្រែ មានចំណងជើងថា ‘សកម្មភាពអហិង្សា៖ កាត់បន្ថយហានិភ័យនៃការបង្ក្រាបដោយហិង្សា’ ត្រូវបានបោះផ្សាយយ៉ាងទូលំទូលាយនៅក្នុងកំលុងខែវិច្ឋិកា ២០១៤។

ប្រភពឯកសារ: https://nonviolentliberationstrategy.wordpress.com/articles/minimizing-risk-violent-repression/

 

 

Advertisements