សេចក្តី​ផ្តើម​

strategy-of-nonviolent-defense

គេហទំព័រនេះគឺជាចំណែកមួយគេហទំព័រពីរអំពីយុទ្ធសាស្ត្រអហិង្សា។

គេហទំព័រនេះត្រូវបានរចនាឡើងដើម្បីបង្រៀនអ្នកអំពីរបៀបធ្វើផែនការនិងអនុវត្តយុទ្ធសាស្ត្រអហិង្សា ដើម្បីការពារប្រឆាំងនឹងការឈ្លានពានពី បរទេស, ឬរដ្ឋប្រហារនយោបាយឬយោធា, ឬក៏រំដោះប្រទេសរបស់អ្នកចេញពីរបបផ្តាច់ការឬការកាន់កាប់របស់បរទេស។

បើអ្នកមានចំណាប់អារម្មណ៍ទៅលើការធ្វើផែនការនិងអនុវត្តយុទ្ធសាស្ត្រអហិង្សានៅក្នុងយុទ្ធនាការរបស់អ្នក ដើម្បីសម្រេចបានលទ្ធផល សន្តិភាព យុត្តធម៌សង្គមនិងបរិស្ថាន អ្នកគួរចូលទៅកាន់គេហទំព័រនេះ យុទ្ធសាស្ត្រធ្វើយុទ្ធនាការអហិង្សា (Nonviolent Campaign Strategy)។

ទ្រឹស្តីយុទ្ធសាស្ត្រនិងគម្រោងយុទ្ធសាស្ត្រពន្យល់នៅក្នុងគេហទំព័រនេះត្រូវបានបង្កើតដោយខ្ញុំផ្ទាល់ បន្ទាប់ពីមានបទពិសោធជោកជាំក្នុងនាមជាសកម្មជនអហិង្សានិងស្រាវជ្រាវល្អិតល្អន់ស្មើគ្នាដែរ។ ខ្លឹមសារខ្លះនៅក្នុងគេហទំព័រនេះ អ្នកនិពន្ធបានសរសេរចប់និងបោះពុម្ពជាសៀវភៅ យុទ្ធសាស្ត្រការពារដោយអហិង្សា ទ្រឹស្តីរបស់គន្ធី នៅឆ្នាំ១៩៩៦  (The Strategy of Nonviolent Defense: A Gandhian Approachសម្រាប់បំភ្លឺផ្លូវដល់ការបង្កើតយុទ្ធសាស្ត្រការពារដោយអហិង្សានិងការតស៊ូរំដោះប្រទេសដោយអហិង្សា។

ដូចដែលចំណងជើងរងនៃសៀវភៅបានបញ្ជាក់ ខ្ញុំបានរៀនច្រើនពីការសិក្សាស៊ីជម្រៅអំពី មហាត្មាគន្ធី (Mohandas K. Gandhi) និងយុទ្ធនាការអហិង្សារបស់លោក៖ គន្ធីគឺជាអ្នកយុទ្ធសាស្ត្រដែលប្រើប្រាស់អព្ភន្តរញ្ញាណនិងមានសមត្ថភាពគួរឱ្យកត់សម្គាល់។ ប្រហែលក៏ចម្លែកដែរ ខ្ញុំក៏បានរៀនច្រើនខ្លាំងពីអ្នកយុទ្ធសាស្ត្រយោធា ខាល់ វុន ខ្លោវសឺវីតស៍ (Carl von Clausewitz) ដែលលោកយល់អំពីទ្រឹស្តីយុទ្ធសាស្ត្រនិងអធិប្បាយពិស្តារអំពីបញ្ញត្តិយុទ្ធសាស្ត្រដែលផ្អែកលើការយល់ដឹងអំពីទ្រឹស្តីយុទ្ធសាស្ត្រនោះដែរ។  សំយោគប្រភពទាំងពីរនេះ និងការសិក្សាអំពីជោគជ័យនិងបរាជ័យផ្នែកយុទ្ធសាស្ត្ររបស់ចលនាអហិង្សាជាច្រើន ផ្គុំជាមួយបទពិសោធជាសកម្មជនអហិង្សាផ្ទាល់ខ្លួន សម្រេចបានជាសមិទ្ធផលជាសៀវភៅនិងយុទ្ធសាស្ត្រពន្យល់នៅក្នុងគេហទំព័រនេះ។

យុទ្ធសាស្ត្របង្ហាញនៅទីនេះគឺមិនស៊ាំញ៉ាំទេ បើមើលទាំងមូល ប៉ុន្តែវាពិតជាទាមទារឱ្យបុគ្គល (និងជាជម្រើសល្អគឺក្រុម)ដែលមានឆន្ទៈ ចេះគិតនិងធ្វើដោយមានយុទ្ធសាស្ត្រ ហើយបង្កើតផែនការយុទ្ធសាស្ត្រដោយប្រយត្នប្រយែង និងបំពេញដោយប្រុងប្រយែងដូចគ្នាដែរ។

សូម្បីតែគូប្រជែងរបស់អ្នកមានសភាឆ្កួតលីលានិងមានលក្ខណៈហិង្សាខុសពីគេ (ដែលជាករណីដែលឧស្សាហ៍កើតមានគ្រប់គ្រាន់ បើគេគិតពីទម្លាប់សម្លាប់សកម្មជនអហិង្សា បានបង្ហាញ) ក៏វាមិនចោទជាបញ្ហាដែរ ។ បើអ្នកធ្វើផែនការដោយប្រុងប្រយត្ននិងអនុវត្តយុទ្ធសាស្ត្រអហិង្សាដោយយកចិត្តទុកដាក់ ទៅតាមគម្រោងយុទ្ធសាស្ត្រដែលត្រូវបានពន្យល់នៅទីនេះ អ្នកនឹងមានឱកាសល្អបំផុតដើម្បីឈានទៅដល់ជោគជ័យ។

ខ្ញុំបានបង្កើតរបៀបគិតបែបយុទ្ធសាស្ត្រ មានសេចក្តីពន្យល់នៅក្នុងគេហទំព័រនេះ ពីព្រោះខ្ញុំចូលចិត្តធ្វើឱ្យជោគជ័យ នៅពេលដែលខ្ញុំចំណាយពេលធ្វើការដើម្បីបង្កើតពិភពលោកឱ្យក្លាយជាទីដែលល្អប្រសើរជាងនេះ។ ក្នុងនាមជាសកម្មជនអហិង្សា ពេលខ្លះ ពួកយើងក៏បរាជ័យដែរ។ តាមបទពិសោធនិងការស្រាវជ្រាវរបស់ខ្ញុំ មូលហេតុចម្បងដែលនាំឱ្យសកម្មជនអហិង្សាបរាជ័យ ក៏ព្រោះពួកគេមិនយល់និងអនុវត្តរបៀបគិតបែបយុទ្ធសាស្ត្រដែលសមហេតុផលនិងគ្រប់ជ្រុងជ្រោយទៅក្នុងចលនាតស៊ូរបស់ពួកគេ។ ចម្លែកដែរ មានឧទាហរណ៍សមរម្យអំពីចលនាអហិង្សាដែលជោគជ័យ សូម្បីដែលនៅពេលដែលយុទ្ធសាស្ត្រដែលគេប្រើប្រាស់ក្នុងចលនានោះមិនល្អទាល់តែសោះនិងមិនមានយុទ្ធសាស្ត្រតែម្តងក៏មាន (ថ្វីបើជារឿយៗយុទ្ធសាស្ត្រមិនល្អទទួលខុសត្រូវលើបរាជ័យក្នុងរក្សាផលដែលទទួលដណ្តើមមកបានផងដែរ)។ [តាមពិតទៅ] ចំណុចគ្រាន់តែបង្ហាញអំណាចដ៏ចម្លែករបស់អំពើអហិង្សាតែប៉ុណ្ណោះ។ នៅពេលដែលអនុវត្តដោយមានយុទ្ធសាស្ត្រ សកម្មភាពអហិង្សាមានឥទ្ធិពលខ្លាំងមែនទែន។

បទបង្ហាញអំពីយុទ្ធសាស្ត្រអហិង្សានៅក្នុងគេហទំព័រនេះ ខ្ញុំបានយករង្វង់យុទ្ធសាស្ត្រអហិង្សា Nonviolent Strategy Wheel:មកធ្វើជាមូលដ្ឋាន ដែលរង្វង់នេះ គឺជាបទបង្ហាញអំពីធាតុផ្សំទាំង ១២ ចំណុចនៃយុទ្ធសាស្ត្រណាមួយ តាមដ្យាក្រាម។ ហេតុនេះ បើអ្នកយល់និងអនុវត្តគោលការណ៍នៅក្រោយធាតុផ្សំទាំងនេះ អ្នកនឹងមានយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយមួយប្រកបដោយអំណាចខ្លាំងក្លា។

បើអ្នកចង់អានអត្ថបទខ្លីដែលពន្យល់ងាយយល់អំពីសារៈសំខាន់នៃរបៀបគិតបែបយុទ្ធសាស្ត្រ (នៅក្នុងករណីនេះ នៅពេលគេអនុវត្តវាជាមួយតាក់ទិច) អ្នកអាចអាននៅក្នុងអត្ថបទសរសេរឆ្នាំ១៩៩៦ របស់ខ្ញុំ ‘វត្ថុបំណងនយោបាយនិងគោលដៅយុទ្ធសាស្ត្រនៃសកម្មភាពអហិង្សា’ (The Political Objective and Strategic Goal of Nonviolent Actions’)។

ដោយឡែកពីការពិពណ៌នាអំពីរបៀបបង្កើតនិងអនុវត្តយុទ្ធសាស្ត្រអហិង្សា គេហទំព័រនេះក៏បានបញ្ចូលប្រភពគន្លឹះដទៃទៀតដែរ៖ ឧបករណ៍គន្លឹះមួយចំនួនអាចជួយអ្នកក្នុងបង្កើតវិស័យនានានៅក្នុងយុទ្ធសាស្ត្ររបស់អ្នក ករណីសិក្សាមួយចំនួនត្រូវបានជ្រើសរើសពីព្រោះពួកវាកត់សម្គាល់អំពីចំណុចគន្លឹះនានាដែលមានតម្លៃ បើបានដឹងពីពួកវា នៅពេលធ្វើសកម្មភាពអហិង្សា និងអត្ថបទខ្លះដែលពន្យល់លម្អិតអំពីរបៀបរៀបចំសកម្មភាពអហិង្សា (ឧ. ពាក់ព័ន្ធនឹងការប្រជុំជាមួយនឹងប៉ូលីស/យោធា និងករណីរំពឹងថាមានការបង្ក្រាបដោយហិង្សាកើតឡើង)

ឥឡូវនេះ បើអ្នកចង់ស្វែងរកថាតើគេហទំព័រយុទ្ធសាស្ត្រអហិង្សាផ្តល់អ្វីខ្លះឱ្យអ្នក ខ្ញុំផ្តល់យោបល់ឱ្យអ្នកចាប់ផ្តើមពីអត្ថបទ រង្វង់យុទ្ធសាស្ត្រអហិង្សា (Nonviolent Strategy Wheel)។

ប្រកបដោយសាមគ្គីភាពនិងអហិង្សា រ៉ូបឺត

ប្រភពឯកសារ:

https://nonviolentliberationstrategy.wordpress.com/2016/06/04/introduction/